រុស្ស៊ី​និង​វៀតណាម ពី​មិត្តភាព ទៅ​ជា​ដៃ​គូ​ថាមពល​និង​យោធា



ដោយ អៀង សុខម៉ិញ
នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ថ្ងៃអង្គារ​នេះ លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាដេមៀ ពូទីន បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ ចំនួន​១៧ សំដៅ​ពង្រឹង​
ពង្រីក​ទំនាក់​ទំនង​នយោបាយ​ យោធា​ ពាណិជ្ជកម្ម ដោយ​មិន​រំលង​ឡើយ​កិច្ច​សហប្រតិបត្តិការ​ លើ​​វិស័យ​ថាមពល។មាន​ភាសានយោបាយ​យ៉ាង​ផ្អែម​ល្អែម ! ជា​ដៃគូ​យូរ​អង្វែង​ប្រកប​ដោយ​ទំនុក​ចិត្ត ! ចរន្ត​ផ្តោះ​ប្តូររវាង​រុស្ស៊ី និង​វៀតណាម​ បាន​ឡើង​ដល់​កំរិត​កំពូល!។ “​យើង​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ផ្នែក​ថាមពល​ប្រេង ឱ្យ​កាន់​តែ​ស៊ីជម្រៅ" នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ពេល​​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធ្វើ​អាជីវកម្មប្រេង​​ជាមួយ​នឹង​សមភាគី​វៀតណាម Truong Tan Sang។ ក្រៅ​អំពី​ទាញ​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ពី​ធនធាន​ឧស្ម័ន​ប្រេង​ក្រោម​ដីនេះ​ វត្តមាន​របស់​លោក​ប្រធានាធិបតីពូទីន ក៏​ជា​ឱកាសមួយ​សម្រាប់​រុស្ស៊ី សម្តែង​ពី​ឥទ្ធិពល​របស់​ខ្លួន​ការពារ​វៀតណាម​ដែល​កំពុង​មាន​ជម្លោះ​ដែនទឹក​ជាមួយ​នឹង​មហាអំណាច​ចិន។

ជាមួយ​នឹង​កិច្ច​សន្យា​ថ្មី​នេះ ក្រុមហ៊ុន​ប្រេង​រដ្ឋ​វៀតណាម​អាច​នឹង​មាន​លទ្ធភាព​ជ្រៀត​ចូល​កាន់​តែ​ជ្រៅ​ ខាង​ផ្នែក​រុក​រក​ប្រេង​ នៅ​តំបន់​មហាសមុទ្ទ​អាកទិក​ តាម​បណ្តោយ​ឆ្នេរ​រុស្ស៊ី។ តាំងពី​ឆ្នាំ​១៩៨១ មក​ម៉ូស្គូ មាន​ចំណែកដ៏​សំខាន់​ក្នុង​ឧស្សាហកម្មប្រេង​នៅ​វៀតណាម (អណ្តូង​ប្រេង​វៀតណាម​ដ៏​ធំ​ជាង​គេ នៅ​ Bach Ho ៤៩%កាន់​កាប់​ដោយ​វៀតណាម និង​៥១%​ដោយ​ក្រុមហ៊ុន​រុស្ស៊ី)។ ​

ក្រៅ​ពី​ផ្នែក​ថាមពលប្រេង​នេះ សម្ព័ន្ធមិត្ត​តាំង​សម័យ​សង្គ្រាម​ត្រជាក់​ទាំង​ពីរ បាន​ចុះ​ហត្ថលេខា​លើ​​កិច្ច​ព្រមព្រៀងធ្វើ​​សហប្រតិបត្តិការ​ លើ​វិស័យ​ការពារ​ជាតិ ដោយ​រុស្ស៊ី​នឹង​ពង្រីក​កា​រផ្គត់​ផ្គង់​ សម្ភារៈ​យោធា​ ព្រម​ទាំង​វគ្គ​បំពាក់​បំប៉ន​ដល់​ទាហាន​ ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុង​ហាណូយ​ពី​បទ​មិន​គោរព​សិទ្ធិមនុស្ស។ ​កាលពី​ដើម​ខែវិច្ឆិកា រុស្ស៊ី​ទើប​បញ្ជូន​មក​ឱ្យ​វៀតណាម​នូវ​នាវា​មុជទឹក​បំពាក់​គ្រឿង​មីស៊ីល ៦​គ្រឿង​ ស្រប​តាម​ការ​បញ្ជា​ទិញ​កាលពី​ឆ្នាំ​២០០៩។ ពីរ​គ្រឿង​នឹង​ត្រូវ​ប្រគល់​ឱ្យ​វៀតណាម​នៅ​ឆ្នាំ​២០១៤។ នៅ​មាន​យន្ត​ហោះ​ប្រដេញ​ Soukhoï ២០​គ្រឿង​ទៀត ដែលរុស្ស៊ី​ត្រូវ​លក់​ទៅ​ឱ្យ​វៀតណាម។

សូម​អាន ៖ រុស្ស៊ី​ឱ្យ​លុយ​វៀតណាម​ខ្ចី​សម្រាប់​​សង់ស្ថានីយ​អគ្គិសនី​នុយក្លេអ៊ែរ​

មិន​តែ​ប៉ុណ្ណោះ រុស្ស៊ី បាន​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​វៀតណាម​ក្នុង​វិស័យ​នុយក្លេអ៊ែរ។ ក្រៅ​ពី​ផ្តល់​​ប្រាក់​កម្ចី​​៨​ពាន់​លាន​ដុល្លារ ជួយ​​វៀតណាមដំឡើង​​ប្រតិករ​នុយក្លេអ៊ែរ​ ម៉ូស្គូ​បាន​ប្រកាស​ នៅ​ថ្ងៃអង្គារ​នេះ សាង​សង់​មជ្ឈមណ្ឌលបំប៉ន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​នៅ​វៀតណាម​តែ​ម្តង​។ ប្រតិករ​នុយក្លេអ៊ែរ​ទីមួយ​របស់​វៀតណាម​នឹង​អាច​ដំណើរ​ការ​នៅ​ឆ្នាំ​២០២៣ នៅ​Ninh Thuan និង​ប្រតិករ​ទីពីរ​នៅឆ្នាំ​​ ២០២៤។



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors