Pages

Sunday, November 10, 2013

អ្នកកាសែត​ចូលរួម​បើកកកាយ​មុខមាត់​ពិត​របស់​ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​អាមេរិក​

Glenn Greenwald ផ្តល់​សក្ខីកម្ម​នៅ​តុលាការ​ប្រេស៊ីល​ក្នុង​រឿង​ទម្លាយ​​ឯកសារ​សម្ងាត់​អាមេរិក​​ស្តីពី​ការលួចស្តាប់​ទូរស័ព្ធ​របស់​ប្រធានាធិបតី​ប្រេស៊ីល​

អស់​រាប់​ទសវត្សរ៍​មកហើយ ទីភ្នាក់ងារ​ស៊ើបការណ៍​អាមេរិក​ធ្វើការ​ក្នុង​ទីលាក់​កំបាំង ហើយ​ការងារ​របស់​ពួកគេ​ត្រូវបាន​ចាត់ទុក ជា​មហាសម្ងាត់​ដែល​គ្មាន​នរណា​អាច​ដឹង​បាន។
ប៉ុន្តែ នៅ​ប៉ុន្មាន​សប្តាហ៍ ចុង​ក្រោយ​នេះប្រព័ន្ធផ្សព្វផ្សាយ​ធំៗ​របស់​ប្រទេស​លោក​ខាងលិច​បាន​បើកកកាយ និង​ចុះផ្សាយ ជា​បន្តបន្ទាប់ ឯកសារ​ស្តីពី​ការងារ​ស៊ើបការ​ដោយ​សម្ងាត់​របស់​ទីភ្នាក់ងារ​សន្តិសុខ​អាមេរិក។ជាថ្មីម្តងទៀត ប្រព័ន្ធផ្សព្វផ្សាយ​បាន​ដើរតួនាទី​សំខាន់​របស់ខ្លួន ដោយបាន​បង្ហាញ​ដល់​ប្រជាជន ក្នុង​ពិភពលោក​ឲ្យ​បានដឹងថា ពួកគេ​កំពុងរស់នៅ​ក្រោម​ការតាមដាន​ឃ្លាំ​មើល​ជានិច្ច​របស់​ប្រទេស​មហាអំណាច​ធំៗ។
សេរីភាព​ជាទ្រព្យ​តែមួយ​ដែល​គ្មាន​នរណា​ម្នាក់​ចង់​បាត់បង់។ ប៉ុន្តែ យុវជន​Edward Snowden​បាន​សុខចិត្ត​លះបង់ចោល​សេរីភាព​ខ្លួនឯង គឺ​ដើម្បី​ធ្វើយ៉ាងម៉េច​អាច​បើក​កកាយ​ប្រាប់​ប្រជាជន​អាមេរិក និង​ពិភពលោក​ទាំងមូល​ឲ្យ​ដឹងថា ពួកគេ​កំពុង​រស់នៅ ក្នុង​សេរីភាព​បោក​បញ្ឆោត​មួយ។ ជីវិត​ឯកជន​របស់​ប្រជាជន​អាមេរិក និង​នៅទីដទៃទៀត​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក តាមស្តាប់ មើល និងថតទុក ជា​រៀងរាល់ថ្ងៃ។ Edward Snowden​ដឹងទៀត​ថា ខ្លួន​គេតែ​ម្នាក់ឯង​មិនអាច​ធ្វើ​ឲ្យ​ស្ថាប័ន​សម្ងាត់​របស់អាមេរិក​ដែល​ជាអ្នក​លួចតាម​ដាន​ស្តាប់​ជីវិត​ឯកជន​របស់​អ្នកដទៃ ​រង្គោះ​រង្គើទេ។ ចាប់តាំង​ពី​ចុង​ឆ្នាំ ២០១២ គេបាន​ទាក់ទង​អ្នកកាសែត​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ។ ចេតនា​របស់គេ គឺ​ចង់ឲ្យ​ដំណឹង​ស្តីពី​អាមេរិក​លួចស្តាប់​យកការណ៍​ពី​ប្រជាជន​អាមេរិក និង​ប្រទេស​ផ្សេងទៀត​ត្រូវចុះផ្សាយ​ឲ្យ​ល្បី​ខ្ចរខ្ចាយ។

Snowden​បាន​ទាក់ទង​អ្នកកាសែត​មក​ពី​កាសែត​ល្បី​ឈ្មោះ ដូចជាThe Washington Post ប៉ុន្តែ នៅទីបំផុតSnowden ក៏បាន​សម្រេច​ផ្តល់​ឯកសារ​ទាំងអស់​របស់គេ ទៅឲ្យ​អ្នកកាសែត​អាមេរិកាំង​ម្នាក់​ដែល​បាន​បម្រើ​ការងារ​ឲ្យ​កាសែត​អង់គ្លេសThe Guardian គឺលោកGlenn Greenwald។

រហូតមកដល់​ពេលនេះ អ្នកកាសែត GleenGreenwald​ដែល​បាន​ទទួល​ការបណ្តុះបណ្តាល​ផ្នែកច្បាប់ នៅអាមេរិក​ជាអ្នក​បញ្ចេញ​ឯកសារ​ទាក់ទង​នឹង​ការងារ​លួចស្តាប់ របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ NSAទៅឲ្យ​កាសែត​ដទៃទៀត។ ជាមួយ​អ្នកថតភាពយន្ត​ឯកសារ​ម្នាក់​ទៀត GleenGreenwald ជាអ្នក​សម្រេចថា តើឯកសារ​ប្រភេទ​ណា​ដែល​ត្រូវចុះ​ផ្សាយ​មុនគេ។ ឆ្លើយទៅ​នឹង​សំណួរ​របស់​តុលាការ​ប្រេស៊ីលថា ហេតុអ្វី​បានជា​អ្នកកាសែត​បញ្ចេញ​ព័ត៌មាន​បន្តិច​ម្តងៗ ដូច​តំណក់ទឹក​ដូច្នេះ លោកGleenGreenwald​បញ្ជាក់​ថា គេពិត​ជា​មាន​ឯកសារ​ទាំងអស់ រាប់ម៉ឺន​សន្លឹក ប៉ុន្តែ ឯកសារ​ទាំងនោះ​មានលក្ខណៈ​បច្ចេកទេស​ខ្លាំងពេក។ គេ​ត្រូវ​សិក្សា និង​វិភាគ​រក​គន្លឹះឲ្យ​ឃើញ​សិន​មុន នឹង​បញ្ជូន​ទៅឲ្យ​អ្នកកាសែត។

តើឯកសារ​សម្ងាត់​ដែល Snowden ទម្លាយ​ទៅ​ឲ្យ​អ្នកកាសែត​អាចឲ្យ​គេដឹង​ពីអ្វីខ្លះ រហូត​មកដល់​ពេលនេះ? ដំបូង គេ​នៅ​ខែមិថុនា កាសែត​បានចុះផ្សាយ​ជាលើក​ទីមួយ​ឯកសារ​សម្ងាត់​ដែលបង្ហាញថា ទីភ្នាក់ងារ​ស៊ើបការណ៍ សម្ងាត់ អាមេរិក​បានលប​ស្តាប់ ទូរស័ព្ទ​របស់ប្រជាជន​អាមេរិកាំង​រាប់លាន​នាក់។ រដ្ឋាភិបាល​អាមេរិក​ដែលមាន​ការទើសទាស់ តែ​មិន​បដិសេធ​ព័ត៌មាន​ចុះផ្សាយ នៅក្នុង​កាសែត បានត្រឹម​និយាយថា គេត្រូវ​ស្តាប់រាល់​សន្ទនា នៅតាម​ទូរស័ព្ទ ឬចូល​មើល​នៅក្នុងសារ​អេឡិចត្រូនិក​របស់​ប្រជាជន​អាមេរិកាំង ដើម្បី​តាមដាន និងបង្កា​ទប់ស្កាត់​អំពើភេរវកម្ម​ដែល​គំរាមកំហែង​ជីវិត​ប្រជាជន​អាមេរិកាំង។

បន្ទាប់​មក​ទៀត កាសែត The Guardian ដដែល និង​កាសែតThe Washington Post បាន​ចុះផ្សាយ​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់NSA បាន​ធ្វើ​ការងារ​លួចស្តាប់​ទូរស័ព្ទ ឬ ចូល​មើល​សារអេឡិចត្រូនិក​របស់​ប្រជាជន​អង់គ្លេស ដោយមាន​ការសហការ​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អង់គ្លេស​ផ្ទាល់។ រឿង​បែកធ្លាយ ជាបន្តបន្ទាប់ បានធ្វើឲ្យ​អាមេរិក​ត្រឹម​និយាយ​ការពារខ្លួន ដោយ​លើក​ហេតុផល​ដដែលៗ គឺ​ដើម្បីប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម។ ប៉ុន្តែ រឿងរ៉ាវ​បែកធ្លាយ​មិនឈប់​ត្រឹមណេះ​ទេ។

អ្នកកាសែត​អាមេរិកាំងGlenn Greenwald បាន​សហការ​ជាមួយ​កាសែត​ល្បីៗ របស់​បារាំង​ប្រេស៊ីល និង​អេស្ប៉ាញ ដើម្បី​ចុះផ្សាយ​ព័ត៌មាន​បានមក​ពី​ឯកសារ​សម្ងាត់ រហូតធ្វើ​ឲ្យ​អាមេរិក​ត្រូវ​ប្រឈមមុខ​នឹង​ប្រទេស​ខាងក្រៅ បន្ទាប់ពី​ឯកសារ​សម្ងាត់​ដែល​Snowdenលួច​បាន​ពី​ទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក​បាន​បង្ហាញថា អាមេរិក​បានលួច​ស្តាប់​ទូរស័ព្ទ​របស់​ប្រធានាធិបតី​ប្រេស៊ីល ម៉ិកស៊ិក និង​លោកស្រី​នាយក​រដ្ឋមន្រ្តី ដ៏​មាន​ឥទ្ធិពល​របស់​អាល្លឺម៉ង់។ ព័ត៌មាន​បែកខ្ចាយ​ចុងក្រោយ គឺអាមេរិក​ជាមួយ​ប្រទេស​បួនទៀត គឺ កាណាដា អង់គ្លេស នូវែលហ្សេឡង់ អូស្ត្រាលី បាន​សហការគ្នា​ដើម្បី​លួចស្តាប់​យក​ព័ត៌មាន​តាមរយៈ​ស្ថានទូត របស់​ពួកគេ នៅអាស៊ី។

ជារួម ឯកសារ​សម្ងាត់​ដែល​Snowden ទម្លាយ​ទៅ​ឲ្យអ្នកកាសែត​បាន​ធ្វើ​ឲ្យ​ប្រជាជន​សាមញ្ញ​បានដឹង ជាផ្លូវការ​ថា ជីវិត​ឯកជន​របស់​ពួកគេ​ត្រូវ​អាជ្ញាធរ​លួចស្តាប់ នោះ​បើទោះបី ជា​ពួកគេ​រស់នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ និង​ដែល​គោរព​ណាស់​សេរីភាព និង​ជីវិត​ឯកជន ដូចជា​អាមេរិក។ លើស​ពីនោះទៀត ឯកសារ​សម្ងាត់​ដែល​ធ្លាយ​ទៅដល់ដៃ​អ្នកកាសែត​បាន​បង្ហាញ​ថា អាមេរិក​មិនត្រឹម​តាមដាន​លបយកការណ៍​សម្ងាត់​ពី​ប្រទេស​ដែល​ជា​គូប្រជែង​របស់ខ្លួន ដូចជា​ចិន រុស្ស៊ី ឬ ប៉ាគីស្ថាន​ដែលសំបូរ​ដោយ​សំបុក​ក្រុមភេរវករ​តែប៉ុណ្ណោះទេ ប៉ុន្តែ អាមេរិក​នៅតាមដាន​ស្តាប់​ដោយ​សម្ងាត់ ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន​ ដូចជា​អាល្លឺម៉ង់ បារាំង និង​ប្រទេស​អឺរ៉ុប​ដទៃទៀត។ មួយវិញទៀត គេបាន​មើលឃើញ​មុខមាត់​ពិតប្រាកដ​មួយ​របស់​ប្រទេស​មហាអំណាច​ប្រទេស​អ្នកមាន ដែលបាន​រួមដៃគ្នា ជាមួយ​អាមេរិក​ដើម្បី​លបស្តាប់ លួចយកការណ៍​ពី​ប្រទេស​ដទៃទៀត។

បើក កកាយ បង្ហាញ​មុខមាត់​ពិត​របស់​ប្រទេស​មហាអំណាច​ដែល​បាន​រំលោភ​ទៅលើ​សិទ្ធិជីវិត​ឯកជន នេះ​ជាគោល​បំណង​របស់យុវជនSnowden និង​អ្នកកាសែត​ដែលបាន​ទទួល​សិទ្ធិ​ផ្តាច់មុខ​រក្សា​ឯកសារ​សម្ងាត់ លួច​បាន​NSA។ តាមរយៈ ការចុះផ្សាយ​កន្លងមក អ្នកកាសែត​ក៏​កំពុង​ជួយ​ការពារ​បុព្វហេតុ​របស់ យុវជន​Snowden ដែល​អាមេរិក​បាន​ចាត់ទុក ជា​ជនក្បត់ជាតិ និង​កំពុង​តាមរក​ចាប់ខ្លួន ពី​បទ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ជាតិ។ តាម​អ្នកកាសែតGlenn Greenwald យុវជនSnowden​មិនមែន​ជា​ជនក្បត់ ជាតិ ហើយ​ក៏មិនមែន​ជា​មនុស្ស​គ្មាន​ការទទួល​ខុសត្រូវ មិនគិត​ពី​ផលប្រយោជន៍ របស់​ប្រទេស​ជាតិ​ ដូច​ការចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​​អាមេរិក​ដែរ។

បើសិនជា Snowden ជាជនក្បត់​ជាតិមែននោះ គេគួរ​តែផ្តល់ លក់​ឯកសារ​សម្ងាត់ របស់​អាមេរិក​ទៅឲ្យ​ប្រទេស​ដែល​ជា​សត្រូវ​របស់​អាមេរិក ដើម្បី​ធ្វើជា​អ្នកមាន ប៉ុន្តែ ផ្ទុយទៅវិញ Snowdenបាន​ប្រគល់​ឯកសារ​ទាំងអស់ ទៅឲ្យ​អ្នកកាសែត និង​សុខចិត្ត​រស់នៅ ក្នុងស្ថានភាព​ជាជនភៀសខ្លួន នៅ​ទឹកដី​រុស្ស៊ី ដែលតាមពិត​មិនមែនជា​ប្រទេស​ប្រជាធិបតេយ្យ ដូច​អាមេរិកនោះ។

ជាក់ស្តែង រហូតមក​ដល់ពេលនេះ គេមិនបាន​ចុះឯកសារ​សម្ងាត់​ណាមួយ ដែល​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្រ្ត​ទ័ព​អាមេរិក ជាមួយ​ប្រទេស ដែលជា​សត្រូវ​របស់ខ្លួន ដូចជា ប៉ាគីស្ថាន អ៊ីរ៉ង់ ឬ​ក៏គ្មាន​ព័ត៌មាន​ណាមួយ​ដែល​ចុះផ្សាយ ពី​ការស៊ើបការណ៍ របស់​អាមេរិក ទៅលើចិន និង​រុស្ស៊ី​ដែរ។ គោលបំណង សំខាន់ របស់គាត់ គឺ​ចង់​ឲ្យមាន​ការចុះផ្សាយ ជាលក្ខណៈ សកល​ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​របស់​ប្រទេស​មហាអំណាច​ដែលកាន់​លទ្ធិប្រជាធិបតេយ្យ ឲ្យ​មាន​សីលធម៌ និង គោរព​សិទ្ធិ​ជីវិត​ឯកជន​របស់ ប្រជាជន​ឡើងវិញ៕