បើតាមប្រសាសន៍របស់លោក ឯក ថា មន្ត្រីអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានដកស្រង់ប្រសាសន៍របស់លោក Ian Lilley អគ្គលេខាធិការសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០ ឆ្នាំ២០១៤ ដែលបានរៀបចំឡើងនៅក្នុងខេត្តសៀមរាបនេះ លោក Ian Lilley បានសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំងចំពោះប្រទេសកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយប្រាង្គប្រាសាទបុរាណវប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ជាពិសេសគឺប្រាសាទអង្គរវត្ត ដែលជាប្រាសាទគ្មានពីរនៅក្នុងពិភពលោកនេះ ហើយតាមរយៈនៃពិធីនេះ នឹងធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀតចំពោះប្រទេសកម្ពុជា។
( សំឡេង លោក Ian Lilley )
មន្ត្រីនៃកម្ពុជាបានឲ្យដឹងថា សន្និសីទអន្តរជាតិស្តីពីសមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកលើកទី២០ ឆ្នាំ២០១៤ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមករានាពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះថាមានអ្នកចូលរួមប្រមាណជាងប្រាំពីររយនាក់ មកពីប្រទេសចំនួន៤០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលសុទ្ធតែមានចំណេះដឹងខ្ពង់ខ្ពស់លើផ្នែកបុរាណវត្ថុវិទ្យា និង ផ្នែកទេសចរណ៍វប្បធម៌ មកធ្វើការចែករំលែកនូវចំណេះដឹង និងសិក្សាបន្ថែមអំពីការងើបឡើង ការរីកលូតលាស់ឡើងនៅមុនសម័យអង្គរ និង ក្រោយសម័យអង្គរ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ទឹកដីនៃប្រទេសកម្ពុជា បានកកើតឡើងតាំងពីប្រាំបីពាន់ឆ្នាំមុនគ្រិស្តសករាជ ហើយក៏ជាប្រទេសដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណវប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ជាពិសេសគឺប្រាសាទអង្គរវត្តស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរក្នុងសម័យអង្គរ ចន្លោះពីដើមសតវត្សទី៩ រហូតដល់ដើមសតវត្សទី១៥ហើយក៏ជាខេត្ត ដែលមានស្ថានីយ៍បុរាណដ៏ធំមួយ សម្រាប់ការសិក្សាស្រាវជ្រាវ ផ្នែកបុរាណវត្ថុវិទ្យាទាំងក្នុងសម័យបុរេប្រវត្តិសាស្ត្រ និង ទាំងក្នុងសម័យអង្គរ ជាហេតុធ្វើឲ្យអ្នកបុរាណវិទ្យាក្នុងពិភពលោក មានការចាប់អារម្មណ៍ និង ចង់មកប្រទេសកម្ពុជា។
លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មានប្រធានបទធំៗចំនួន៦៣ ត្រូវបានដាក់ចូលក្នុងរបៀបវារៈនៃសន្និសីទនេះ ដែលមានទាំងបុរេប្រវត្តិសាស្ត្រ , ប្រវត្តិសាស្ត្រ និង ចំណុចសំខាន់ៗនៃប្រវត្តិសាស្ត្រ។
(សំឡេង លោក សុខ អាន)
សូមបញ្ជាក់ថា សមាគមបុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិកនេះ បានបង្កើតឡើងនៅឆ្នាំ១៩២៩ ប្រមូលផ្តុំប្រទេសនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក និង មហាសមុទ្រឥណ្ឌា មានតួនាទីសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងធ្វើការប្រជុំរៀងរាល់៤ឆ្នាំម្តង៕
