ធំៗ៣ក្រុម រកស៊ីកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់គ្មានក្រែងញញើតពីច្បាប់ទម្លាប់អ្វីឡើយ ហេតុនេះវិធានការគាស់រំលើងអំពើពុករលួយ ឬភាពមិនយោគយល់ចំពោះមន្ត្រីដែលបានប្រព្រឹត្តអំពើពុករលួយរបស់លោក ហ៊ុន សែន គួរតែធ្វើលើលោក វង្ស សុកសិរី ដែលកំពុងបង្កើតឲ្យមានឧក្រិដ្ឋកម្មព្រៃឈើយ៉ាងរាលដាលនៅខេត្តរតនគិរីមុនគេ។
ស្ថានភាពដឹកជញ្ជូនឈើខុសច្បាប់ទាំងតាមរថយន្តតូច និងរថយន្តធំ នៅលើទឹកដីខេត្តរតនគិរីកំពុងកើតមានយ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ទេ ក៏ព្រោះតែលោក វង្ស សុកសិរី ជានាយខណ្ឌរដ្ឋបាលព្រៃឈើ បានឃុបឃិតឲ្យក្រុមឈ្មួញទាំងតូចទាំងធំ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់តាមតែទំនើងចិត្ត។ សមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការតាមដងផ្លូវ ពួកគេគ្រាន់តែជាជើងក្រោយប៉ុណ្ណោះ ប្រសិនបើជំនាញរដ្ឋបាលព្រៃឈើរបស់លោក វង្ស សុកសិរី រក្សាភាពស្ងៀមស្ងាត់ទៅហើយនោះ គឺសមត្ថកិច្ចដទៃទៀតចាំតែលាបានដៃសុំប្រាក់ពីក្រុមឈ្មួញដឹកជញ្ជូនឈើយកទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនខ្វល់ខ្វាយពីវិធានការបង្ក្រាបអ្វីឡើយ។
បទបញ្ជាក្នុងការបង្ក្រាបវិនាសកម្មព្រៃឈើនៅក្នុងទឹកដីខេត្តរតនគិរី គ្មានប្រសិទ្ធភាពទេ ក៏ព្រោះតែនាយខណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តនេះ ជាមន្ត្រីដែលមានទេពកោសល្យក្នុងការប្រមូលលុយពីអំពើពុករលួយគ្រប់ប្រភេទយកទៅទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន និងទុកសម្រាប់អភិវឌ្ឍន៍មុខតំណែង ព្រោះគេដឹងថាលោក វង្ស សុកសិរី គឺជាមន្ត្រីដែលមានមហិច្ឆតា មិនចេះស្កប់ស្កល់ គាត់មានខ្សែទុយោ និងបក្ខពួកអាចអភិវឌ្ឍន៍មុខតំណែងបានយ៉ាងលឿនដូចកាំជណ្តើរ ពីថ្នាក់មន្ត្រីសាមញ្ញរហូតដល់ក្លាយទៅជានាយសង្កាត់ បន្តឡើងធ្វើជានាយខណ្ឌ ហើយតទៅថ្ងៃខាងមុខលោក វង្ស សុកសិរី កំពុងតែស្រក់ទឹកមាត់ចង់បានតំណែងនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំប៉ែកឦសានផងដែរ។
សេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថា លោក វង្ស សុកសិរី បានឃុបឃិតឲ្យឈ្មួញមានលុយមានអំណាចចំនួន៣ក្រុម រកស៊ីប្រមូលទិញឈើខុសច្បាប់ពីប្រជាពលរដ្ឋ ដែលចូលទៅកាប់ឈើតាមតំបន់អភិរក្ស ឬតំបន់ឧទ្យានជាតិ យកទៅស្តុកទុកតាមឃ្លាំងធំៗ ដើម្បីបន្តដឹកជញ្ជូនទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត។ មានការបញ្ជាក់ថា ក្រុមទី១ បានបោះទីតាំងប្រមូលទិញឈើប្រណីតយកទៅស្តុកទុកនៅក្នុងស្រុកអណ្តូងមាស ស្រុកវ៉ឺនសៃ និងស្រុកអូរជុំ ដែលប្រតិបត្តិការដោយក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ហើយនៅទីនោះមេការសំខាន់ៗរបស់ឧកញ៉ា ទ្រី ភាព សុទ្ធសឹងជាមន្ត្រីរាជការដែលមានមុខមានមាត់ក្នុងខេត្តរតនគិរី ជាមូលទិញឈើខុសច្បាប់មិនដែលមាននរណាហ៊ានក្អកជាមួយពួកគេទេ។
ដោយឡែក ក្រុមទី២ ជាក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ ឃុន និងឈ្មោះ សាន ចយ ជាមេការទទួលខុសត្រូវសម្រាប់ការប្រមូលទិញឈើខុសច្បាប់និងការដឹកជញ្ជូនយកទៅលក់នៅស្រុកយួន ហើយក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានបង្កើតទីតាំងស្តុកឈើខុសច្បាប់នៅក្នុងស្រុកតាវែង រីឯមួយផ្នែកទៀតនៅក្នុងស្រុកវ៉ឺនសៃ។ ចំពោះក្រុមទី៣ ប្រតិបត្តិការដោយឈ្មោះ ឆាយហេង និងឈ្មោះ សិទ្ធ ដែលបានបោះទីតាំងប្រមូលទិញឈើប្រណីតនៅក្នុងស្រុកវ៉ឺនសៃដឹកយកទៅស្តុកទុកនៅលើដីរបស់ក្រុមហ៊ុន ម៉ាងយ៉ាងខេ ហើយឈើប្រណីតប្រមូលទិញបានប្រហែល ៤ទៅ៥ រថយន្តយីឌុប ទើបឈ្មោះ ឆាយ ហេង និងឈ្មោះ សិទ្ធ ដឹកយកទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យបំផុត ហើយរៀងរាល់ការដឹកជញ្ជូនឈើចេញពីដីរបស់ក្រុមហ៊ុន ម៉ាងយ៉ាងខេ សុទ្ធតែមានការបង់លុយជូនលោក វង្ស សុកសិរី និងសមត្ថកិច្ចពាក់ព័ន្ធយ៉ាងរលូន។
សូមបញ្ជាក់ថា ក្រុមឈ្មួញប្រមូលទិញឈើខុសច្បាប់ទាំង៣ក្រុមហ៊ុន នេះមានបុព្វសិទ្ធិធំធេងក្នុងការចាយលុយឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើយកមកលក់ឲ្យពួកគេក្នុងតម្លៃថោកៗ ដូចជាឈើប្រណីត១ម៉ែត្រត្រីគុណ ប្រជាពលរដ្ឋលក់ឲ្យពួកគេក្នុងតម្លៃ ២៥០ដុល្លារ ទៅ៣៥០ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះគេកំណត់សម្រាប់តែឈើបេង ធ្នង់ នាងនួន ដែលមានមុខកាត់ធំៗ ជាប្រភេទឈើឡាំង ត្រូវប៉ាន់នៅស្រុកយួន ហើយសម្រាប់ឈើធម្មតា អាចមានតម្លៃថោកជាងនេះ។ នៅពេលប្រមូលទិញឈើបានហើយនោះក្រុមហ៊ុនទ្រី ភាព ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងក្រុមហ៊ុនរបស់ឈ្មោះ ឆាយ ហេង និងឈ្មោះ សិទ្ធ បានដឹកជញ្ជូនបន្តតាមរថយន្តយីឌុបយកទៅលក់នៅស្រុកយួន តាមច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី ច្រកត្រពាំងស្រែ-វ៉ាលឺនៃខេត្តក្រចេះ និងច្រកត្រពាំងផ្លុង ខេត្តកំពង់ចាម។
រឿងដែលលោក វង្ស សុកសិរី រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើនៅខេត្តរតនគិរី ច្បាស់ណាស់ដែលថា លោក វង្ស សុកសិរី មានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែល ពីក្រុមឈ្មួញដែលចាយលុយឲ្យប្រជាពលរដ្ឋចូលទៅកាប់ឈើខុសច្បាប់យកមកលក់ឲ្យពួកគេក្នុងតម្លៃថោក ដើម្បីយកទៅស្តុកទុក និងនាំចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យបំផុត មិនដែលក្រែងញញើតពីបទបញ្ជារបស់រាជរដ្ឋាភិបាលនោះទេ។ លោក ហ៊ុន សែន ធ្លាប់បានចាត់ទុកថាក្រុមឈ្មួញ ក៏ដូចជាក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ ដែលឃុបឃិតឲ្យមានវិនាសកម្មព្រៃឈើ គឺជាឧក្រិដ្ឋជន ដូច្នេះវិធានការគាស់រំលើងអំពើពុករលួយរបស់លោក ហ៊ុន សែន នៅពេលនេះគួរធ្វើចំពោះលោក វង្ស សុកសិរី មុនគេ ព្រោះបុគ្គលនេះកំពុងបើកដៃឱ្យមានបទល្មើសបំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យគ្មានការទប់ស្កាត់៕
ប្រភព៖មនសិការខ្មែរ
