ករណីបុគ្គល ផៃ ស៊ីផាន ធ្វើជាមេនាំភ្លើងក្នុងការប្តឹងផ្តល់សារព័ត៌មានមនសិការខ្មែរ ទៅកាន់តុលាការយោធាកំពុងប្រឈមនឹងការរិះគន់ជុំទិស ព្រោះអ្វីដែលបុគ្គល ផៃ ស៊ីផាន បានធ្វើគឺជាអំពើខុសច្បាប់គួរឱ្យស្អប់ខ្ពើមបំផុត។ ដោយហេតុថាសារព័ត៌មានមនសិការខ្មែរចុះផ្សាយរឿងពិតពាក់ព័ន្ធនឹងហេតុការណ៍ដែលកើតឡើងនៅក្រោយពេលបោះឆ្នោត ហើយបែរជាបុគ្គល ផៃ ស៊ីផាន មកបើក
កកាយរឿងនេះទាំងបញ្ច្រាសស្រកីដែលជាការគំរាមកំហែងលើសារព័ត៌មានមនសិការខ្មែរយ៉ាងធ្ងន់ធ្ងរ។ សារព័ត៌មានមនសិការខ្មែរបានផ្ញើឯកសារទៅកាន់លោក ផៃ ស៊ីផាន រួចហើយ ពាក់ព័ន្ធនឹងអត្ថបទចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានចំណងជើងថា “កឹម សុខា : ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំសន្លឹកឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញប្លន់យកជ័យជំនះប្រជារាស្ត្រខ្មែរ”។ ប៉ុន្តែក្រោយពេលទទួលបានឯកសាររួចហើយបុគ្គល ផៃ ស៊ីផាន នៅតែបំពានតាមគំនិតខ្មៅកខ្វក់របស់ខ្លួនក្នុងការប្តឹងសារព័ត៌មានមនសិការខ្មែរទៅកាន់តុលាការយោធាដោយគ្មានសេចក្តីអៀនខ្មាសបន្តិចណាឡើយ។ ទង្វើរបស់បុគ្គល ផៃ ស៊ីផាន ត្រូវបានមជ្ឈដ្ឋាននានាវាយតម្លៃថាជាការគំរាមកំហែងលើសារព័ត៌មានគាំទ្រគណបក្សសង្គ្រោះជាតិ ដែលហ៊ានលាតត្រដាងការពិតគ្រប់ហេតុការណ៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា។ អាចនិយាយបានថាគំនិតខ្មៅងងឹតរបស់បុគ្គល ផៃ ស៊ីផាន គឺជាចេតនាបែបថ្មីគំរាមមកលើសារព័ត៌មានមនសិការខ្មែរទាំងបំពានច្បាប់។
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យនិងអ្នកតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាបានលើកឡើងថា មានរឿងរ៉ាវជាច្រើនដែលបុគ្គល ផៃ ស៊ីផាន ក្នុងនាមជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីត្រូវធ្វើដើម្បីឱ្យមានផលប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនោះមានដូចជាការវែកមុខជនដៃដល់ដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៣ និងវែកមុខឃាតកដៃដល់ដែលបានប្រើកាំភ្លើងបាញ់ប្រហារបណ្តាលឱ្យស្ត្រីអ្នកលក់បាយម្នាក់ស្លាប់នៅក្បែរវត្តស្ទឹងមានជ័យកាលពីព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៣ជាដើម។ ក៏ប៉ុន្តែបុគ្គល ផៃ ស៊ីផាន មិនបានយកចិត្តទុកដាក់ចំពោះរឿងសំខាន់ៗទាំងនោះទេ ហើយបែរជាមករៀបចំឈុតឆាកប្តឹងផ្តល់សារព័ត៌មានមនសិការខ្មែរទៅតាមគំនិតដ៏អាក្រក់ជួជាតិរបស់ខ្លួនទៅវិញ។ ដូច្នេះជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសក៏ដូចជាសហគមន៍អន្តរជាតិត្រូវពិនិត្យឱ្យបានច្បាស់ថាការប្តឹងផ្តល់សារព័ត៌មានមនសិការខ្មែរទៅតុលាការយោធា គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត។ ម្យ៉ាងទៀតបុគ្គល ផៃ ស៊ីផាន ហាក់ដូចជាមានចេតនាចង់បិទបាំងព្រឹតិ្តការណ៍កើតឡើងក្រោយពេលបោះឆ្នោតដែលមានការចល័តរថក្រោះ រថពាសដែក និងកម្លាំងប្រដាប់អាវុធចូលក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី ២៨ ខែកក្កដា ផងដែរ។
ក្រុមមន្ត្រីសង្គមស៊ីវិល បានហៅករណីបុគ្គល ផៃ ស៊ីផាន ប្តឹងសារព័ត៌មានមនសិការខ្មែរទៅតុលាការយោធាថា គឺជារឿងខុសច្បាប់ ហើយជាការគំរាមកំហែងថ្មីមួយទៀតទៅលើសារព័ត៌មានគាំទ្រគណបក្សសង្គ្រោះជាតិ។ លោក អូ៊ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងដែរថា ការប្តឹងចាងហ្វាងកាសែតមនសិការខ្មែរទៅតុលាការយោធាជារឿងខុសច្បាប់ទាំងស្រុង ដោយសារតែលោក ដាំ សិទ្ធិ គឺជាជនស៊ីវិល។ លោក អូ៊ វីរៈ បានថ្លែងថា “ទាក់ទងរឿងបរិហារកេរ្តិ៍ក៏ដោយ រឿងសន្តិសុខជាតិក៏ដោយ ដោយសារលោក ដាំ សិទ្ធិ គាត់ជាជនស៊ីវិល ហើយជាអ្នកសារព័ត៌មាន អ៊ីចឹងមិនគួរទាក់ទងជាមួយតុលាការយោធាទេ ហើយខ្ញុំមើលទៅការប្រើប្រាស់តុលាការយោធានៅពេលនេះគឺមិនត្រឹមត្រូវទេ”។ ស្របនឹងការលើកឡើងរបស់លោក អ៊ូ វីរៈ ដូចខាងលើនេះ មន្ត្រីសង្គមស៊ីវិលមួយចំនួនបានលើកឡើងថា ការប្តឹងផ្តល់សារព័ត៌មានមនសិការខ្មែរទៅកាន់តុលាការយោធាគឺជាអំពើខុសច្បាប់ ហើយជាការគួរឱ្យសោកស្តាយដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រើមនុស្សដែលគ្មានការយល់ដឹងដូចបុគ្គល ផៃ ស៊ីផាន ឱ្យធ្វើអ្វីៗស្រេចតែអំពើចិត្ត។
សារព័ត៌មានមនសិការខ្មែរសូមជម្រាបជូនប្រិយមិត្តអ្នកអាន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក៏ដូចជាជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសថា អ្វីដែលយើងបានលើកយកមកចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ គឺជាការពិត។ ជាពិសេសហេតុការណ៍នៃការចល័តរថក្រោះ រថពាសដែក និងកម្លាំងប្រដាប់អាវុធចូលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា និងថ្ងៃបន្តបន្ទាប់ទៀតត្រូវបានប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមន្ត្រីសង្គមស៊ីវិលដឹងឮជាសាធារណៈរួចទៅហើយ។ ម្យ៉ាងទៀតការចុះផ្សាយរបស់សារព័ត៌មានមនសិការខ្មែរមិនបានប៉ះពាល់ដល់សន្តិសុខសង្គម ឬនាំឱ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិនោះទេ ព្រោះជារឿងដែលបានកន្លងផុតទៅហើយ ប៉ុន្តែបុគ្គល ផៃ ស៊ីផាន បែរជាប្តឹងទៅតុលាការយោធាទាំងបំពានច្បាប់។ អាចនិយាយបានថាអ្វីដែលបុគ្គល ផៃ ស៊ីផាន កំពុងធ្វើនៅពេលនេះគឺជាចេតនាគំរាមកំហែងចង់បំបិទសំឡេងសារព័ត៌មានមនសិការខ្មែរដែលហ៊ានចុះផ្សាយការពិត និងហ៊ានលាតត្រដាងរាល់អំពើអាក្រក់ដែលក្រុមមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចបានប្រព្រឹត្ត។ ចេតនាអាក្រក់របស់បុគ្គល ផៃ ស៊ីផាន ជាដើមភ្លើងក្នុងការប្តឹងសារព័ត៌មានមនសិការខ្មែរកំពុងទទួលរងនូវការរិះគន់យ៉ាងពេញបន្ទុកនិងមានការថ្កោលទោសជុំទិសផងដែរ។
