ថ្មីៗនេះប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនក្នុងភូមិដូនរ័ត្ន១ ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម បានរាយការណ៍ជូនបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិឱ្យជួយដោះស្រាយករណីអាជ្ញាធរយួនហាមឃាត់មិនឱ្យពួកគាត់ដាំដំឡូងមីលើដីស្រែចំការកេរដូនតាតាមព្រំដែន។
ក្រោយពេលទទួលបានព័ត៌មាននេះប្រតិភូបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមួយក្រុមបានចុះទៅពិនិត្យមើលចំណុចបង្គោលព្រំដែនលេខ១០៤ និងលេខ១០៥ ក្នុងស្រុកមេមត់ខេត្តកំពង់ចាម ហើយរកឃើញការពិតដូចអ្វីដែលប្រជាកសិករខ្មែរបានរាយការណ៍មែន។ ប្រតិភូបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានមើលឃើញការពិតផ្ទាល់ភ្នែកជុំវិញបញ្ហាអាជ្ញាធរយួននិងទាហានយួនហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរធ្វើស្រែចំការនៅតាមតំបន់ព្រំដែន។
លោក ម៉ៅ មុនីវណ្ណ បេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតប្រចាំមណ្ឌលកំពង់ចាម ដែលចូលរួមក្នុងបេសកកម្មពិនិត្យមើលករណីអាជ្ញាធរយួនរំលោភបំពានលើបូរណភាពទឹកដីខ្មែរ បានមានប្រសាសន៍ថា នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ រូបលោក និងគណៈប្រតិភូបានធ្វើដំណើរទៅដល់បង្គោលព្រំដែនលេខ១០៤ ក្នុងភូមិដូនរ័ត្ន១។ លោក ម៉ៅ មុនីវណ្ណ បានឱ្យដឹងទៀតថានៅពេលទៅដល់លោកមានការហួសចិត្តយ៉ាងខ្លាំង ព្រោះបង្គោលព្រំដែនផ្លូវការលេខ១០៤ បានបោះរួចជាស្រេច ប៉ុន្តែភាគីយួននៅតែរំលោភបំពានលើបូរណភាពទឹកដីខ្មែរយ៉ាងគឃ្លើន។ ជាក់ស្តែងភាគីយួនបានហាមឃាត់មិនឱ្យប្រជាកសិករខ្មែរធ្វើស្រែនិងដាំដំឡូងមីលើដីខ្មែរក្នុងជម្រៅប្រមាណ៣០០ ទៅ៥០០ម៉ែត្រពីបង្គោលព្រំដែន ដោយចាត់ទុកតំបន់នោះថាជាតំបន់ស។
លោក ម៉ៅ មុនីវណ្ណ បានថ្លែងថាជាធម្មតា ក្រោយពេលបោះបង្គោលព្រំដែនរួចគឺភាគីទាំងពីរត្រូវទទួលស្គាល់ខ្សែព្រំដែនរៀងៗខ្លួន គ្មានភាគីណាមួយអាចរំលោភបំពានបានទេ។ ប៉ុន្តែជារឿងចម្លែកដែលភាគីយួនហាមឃាត់ប្រជាកសិករខ្មែរមិនឱ្យដាំដំឡូងមីលើដីខ្មែរដែលមានជម្រៅពី៣០០ទៅ៥០០ម៉ែត្រ ពីចំណុចបង្គោលព្រំដែនដោយចាត់ទុកថាជាតំបន់សទៅវិញ។ ប្រការនេះបង្ហាញឱ្យឃើញថាការបោះបង្គោលព្រំដែនលេខ១០៤ គឺជារឿងឥតន័យ ព្រោះភាគីយួនអាចធ្វើស្រែចំការនៅក្បែរបង្គោលព្រំដែនក្នុងទឹកដីរបស់គេ ឯប្រជាកសិករខ្មែរបែរជាត្រូវគេរារាំងមិនឱ្យដាំដំឡូងមីនិងធ្វើស្រែលើដីកេរដូនតារបស់ខ្លួនតាមព្រំដែនទៅវិញ។ ប្រការនេះប្រជាកសិករខ្មែរមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះនៅពេលដែលពួកគាត់ចូលទៅដាំដំឡូងមីលើដីស្រែចំការក្បែរបង្គោលព្រំដែន បែរជាត្រូវអាជ្ញាធរយួនហាមឃាត់ហើយអាជ្ញាធរខ្មែរគ្រប់លំដាប់ថ្នាក់មិនហ៊ានចេញមុខជួយដោះស្រាយទប់ស្កាត់អំពើរំលោភបំពានយ៉ាងកំរោលពីសំណាក់ភាគីយួន ទុកឱ្យយួនធ្វើអ្វីៗស្រេចតែអំពើចិត្តគ្មានខ្លាចក្រែងអ្វីទាំងអស់។
លោក ម៉ៅ មុនីវណ្ណ បានឱ្យដឹងទៀតថា ក្រោយពេលពិនិត្យស្ថានភាពនៅចំណុចបង្គោលព្រំដែនលេខ១០៤រួចមក ប្រតិភូរបស់លោកបានទៅពិនិត្យមើលបង្គោលព្រំដែនលេខ១០៥ បន្តទៀត ហើយបានជួបនូវរឿងរ៉ាវគួរឱ្យហួសចិត្តបំផុត។ ដោយហេតុថានៅចំណុចបង្គោលព្រំដែនលេខ១០៥នេះ ភាគីយួនអាចចូលមកដាំដំឡូង និងដំណាំផ្សេងៗក្នុងទឹកដីខ្មែរជម្រៅពី៣០០ ម៉ែត្រ ទៅ ៥០០ ម៉ែត្រ ហើយគ្មានអាជ្ញាធរខ្មែរណាចាត់វិធានការទប់ស្កាត់ទេ។ ទោះបីមានការបោះបង្គោលព្រំដែនលេខ១០៥ ជាផ្លូវការរួចហើយក៏ដោយក៏ភាគីយួននៅតែអាចរំលោភបំពានលើបូរណភាពទឹកដីខ្មែរយ៉ាងព្រហើន ដោយបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរប្រឈមនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ។ ការដែលភាគីយួនបន្តរំលោភបំពានលើបូរណភាពទឹកដីខ្មែរបែបនេះ មិនឃើញគណៈកម្មាធិការព្រំដែនរបស់រដ្ឋាភិបាលដែលមានលោក វ៉ា គឹមហុង ជាប្រធាន បញ្ចេញប្រតិកម្មសូម្បីតែមួយម៉ាត់ បើទោះបីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរងគ្រោះក៏ដោយ។
លោក ម៉ៅ មុនីវណ្ណ បានឱ្យដឹងទៀតថាទោះបីមានការបោះបង្គោលព្រំដែនផ្លូវការលេខ១០៤ និងលេខ១០៥ យ៉ាងណាក៏ដោយក៏ភាគីយួននៅតែមានអំណាចរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរតាមអំពើចិត្តដដែល។ រឿងដែលមិនគួរឱ្យជឿនោះគឺយួនមានសិទ្ធិហាមឃាត់មិនឱ្យប្រជាកសិករខ្មែរធ្វើស្រែចំការលើទឹកដីខ្មែរតាមតំបន់ព្រំដែន រីឯភាគីយួនបែរជាអាចចូលមកធ្វើស្រែចំការលើទឹកដីខ្មែរយ៉ាងក្រអឺតក្រទម។ ជាងនេះទៅទៀតការបណ្តោយឱ្យភាគីយួនបន្តរំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា គឺធ្វើឱ្យភាគីយួនកាន់តែបានចិត្តក្នុងការធ្វើសកម្មភាពរំលោភបំពានលើទឹកដីខ្មែរយ៉ាងពេញបន្ទុកដូចមុនដដែល។ អាចនិយាយបានថា ការបោះបង្គោលព្រំដែនគោក ខ្មែរ-យួន នាពេលកន្លងមកមិនអាចទប់ស្កាត់អំពើឈ្លានពានរបស់យួនបានឡើយ។
ប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនក្នុងភូមិដូនរ័ត្ន ឃុំរូង ស្រុកមេមត់ ខេត្តកំពង់ចាម បានត្អូញត្អែរថា ពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាពដោយសារតែមិនអាចចូលទៅធ្វើស្រែចំការលើដីកេរដូនតារបស់ខ្លួននៅតាមតំបន់ព្រំដែន។ ជាក់ស្តែងទោះបីមានការបោះបង្គោលព្រំដែនរួចទៅហើយក៏ដោយ ក៏ភាគីយួននៅតែចូលមកហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរធ្វើស្រែចំការនៅក្បែរបង្គោលព្រំដែន ចំណែកភាគីយួនគេអាចចូលមកធ្វើស្រែចំការលើទឹកដីខ្មែរទៅវិញ។ ពួកគាត់ធ្លាប់រាយការណ៍ទៅអាជ្ញាធរឃុំរូងនិងអាជ្ញាធរស្រុកមេមត់ជាច្រើនលើកមកហើយ ប៉ុន្តែគ្មានអន្តរាគមន៍ពីអាជ្ញាធរទាល់តែសោះ មិនតែប៉ុណ្ណោះអាជ្ញាធរស្រុកមេមត់បែរជាការពារអំពើឈ្លានពានរបស់យួនដោយគ្មានសេចក្តីអៀនខ្មាស។ ប្រការនេះហើយដែលពលរដ្ឋរាយការណ៍ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជួយរកដំណោះស្រាយព្រោះយួននៅតែធ្វើសកម្មភាពរំលោភឈ្លានពានទឹកដីខ្មែរនៅតាមតំបន់ព្រំដែនក្នុងឃុំរូង ស្រុកមេមត់ ដោយគ្មានខ្លាចក្រែងអ្វីទេ។
ប្រជាពលរដ្ឋរងគ្រោះនៅតាមតំបន់ព្រំដែនក្នុងឃុំរូង បានត្អូញត្អែរថា ក្រោយពេលដែលបោះបង្គោលព្រំដែនលេខ១០៤និងលេខ១០៥រួចពួកគាត់សង្ឃឹមថាភាគីទាំងពីរគោរពខ្សែបន្ទាត់ព្រំដែនរៀងៗខ្លួន គឺភាគីយួនមិនអាចរំលោភបំពានលើទឹកដីខ្មែរបានទៀតឡើយ។ ប៉ុន្តែជាក់ស្តែងទាហានយួននិងអាជ្ញាធរយួននៅតែគំរាមកំហែងមិនឱ្យប្រជាពលរដ្ឋខ្មែរធ្វើស្រែចំការលើដីកេរដូនតាតាមព្រំដែនដោយចាត់ទុកជាតំបន់ស។ ចំណែកអាជ្ញាធរខ្មែរគ្រប់លំដាប់ថ្នាក់បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់នៅពេលដែលប្រជាពលរដ្ឋរងគ្រោះសុំឱ្យជួយអន្តរាគមន៍ដោះស្រាយករណីទាហានយួនចូលមកបំផ្លាញដំណាំដំឡូងរបស់ពួកគាត់នៅតាមព្រំដែន។ ប្រជាពលរដ្ឋរងគ្រោះបានត្អូញត្អែរថាសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរខ្មែរប្រចាំតំបន់ព្រំដែនហាក់ដូចជាខ្លាចអំណាចទាហានយួននិងអាជ្ញាធរយួនខ្លាំងណាស់ ហើយពួកគេតែងតែចេញមុខបិទបាំងអំពើឈ្លានពានរបស់យួនដោយខ្វះការពិចារណា។ ជាក់ស្តែងនៅពេលដែលភាគីយួនចូលមកដាំអំពៅនិងដំឡូងលើទឹកដីខ្មែរក្នុងជម្រៅ៣០០ទៅ៥០០ម៉ែត្រក្បែរបង្គោលព្រំដែនលេខ១០៥ គឺមិនឃើញសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរខ្មែរមានប្រតិកម្មទាល់តែសោះ។
ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះក្រុមអ្នកវិភាគស្ថានការណ៍បាននិយាយថារដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្រុងហាណូយ ដូចកាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ដដែល។ ជាក់ស្តែងនៅពេលដែលភាគីយួនបន្តរំលោភលើបូរណភាពទឹកដីខ្មែរក្នុងតំបន់បោះបង្គោលព្រំដែនផ្លូវការរួច ក៏គេមិនដែលឃើញមន្ត្រីអាជ្ញា និងរដ្ឋាភិបាលលោក ហ៊ុន សែន មានប្រតិកម្មចំពោះអំពើរំលោភបំពានរបស់ភាគីយួនដែរ។ រដ្ឋាភិបាល ហ៊ុន សែន នៅតែរក្សាភាពស្ងៀមស្ងាត់ចំពោះអំពើរំលោភឈ្លានពានទឹកដីពីប្រទេសយួន៕
