របស់គាត់ស្ថិតនៅភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត ដែលមានភ្ញៀវគ្រប់មជ្ឈដ្ឋានទៅចូលរួមផឹកស៊ីជាង៧០តុ កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ដែលមកដល់ពេលនេះលោក ប៉ោ វណ្ណៈ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង មិនទាន់ដាក់ពិន័យផ្នែករដ្ឋបាល ឬចាត់វិធានការតាមច្បាប់ចំពោះអំពើបាញ់បោះសេរីរបស់លោក អ៊ាម សេងអឿន នៅឡើយទេ។
មន្ត្រីម្នាក់ដែលបានទៅចូលរួមក្នុងពិធីឡើងផ្ទះរបស់លោក អ៊ាម សេងអឿន បានឲ្យដឹងថា ខណៈដែលភ្ញៀវរាប់រយនាក់មិនតិចជាង៧០តុ កំពុងនាំគ្នាផឹកស៊ីហ៊ោកញ្ជ្រៀវជាមួយសំឡេងតន្ត្រីលន្លង់លន្លោច នៅវេលាម៉ោង៩យប់ថ្ងៃទី១៥ ខែធ្នូ លោក អ៊ាម សេងអឿន បានប្រកាសប្រាប់ភ្ញៀវទាំងអស់ថា ”ពេលនេះរាសីខ្ញុំបានបើកវិញហើយ”។ បន្ទាប់មកទៀតលោក អ៊ាម សេងអឿន បានដើរទៅមុខវេទិកាតន្ត្រី ដែលមានភ្ញៀវកំពុងផឹកស៊ី និងភ្ញៀវខ្លះទៀតកំពុងរាំកម្សាន្តញ័រញាក់កន្ត្រាក់អារម្មណ៍ ស្រាប់តែលោក អ៊ាម សេងអឿន ដកកាំភ្លើងខ្លីម៉ាកឡុក បាញ់ឡើងទៅលើមេឃជាច្រើនគ្រាប់ ធ្វើឲ្យអ្នកភ្លេងភ័យស្លន់ស្លោបញ្ឈប់ការប្រគំតន្ត្រីលោតចុះពីលើឆាក ហើយភ្ញៀវខ្លះទៀតផ្អើលរត់ជាន់ជើងគ្នា។
មានការបញ្ជាក់ផងដែរថា ក្នុងអំពើបាញ់បោះសេរី របស់លោក អ៊ាម សេងអឿន នោះបានធ្វើឲ្យភ្ញៀវជាងពាក់កណ្តាល ភ័យបែកញើសថ្ងាស មិនបានវិលត្រឡប់មករើសស្បែកជើងវិញទេ ហើយភ្ញៀវមួយចំនួនទៀតដែលមានស្បែកជាកម្លាំងប្រដាប់អាវុធដូចជាមន្ត្រីយោធា នគរបាលនិងប៉េអឹមក៏នៅតែបន្តផឹកស៊ី ថែមទាំងជូនពរឲ្យលោក អ៊ាម សេងអឿន មានរាសីខ្ពស់ត្រដែតបន្ទាប់ពីបាញ់កាំភ្លើងឡើងទៅលើមេឃផងដែរ។ ប្រជាពលរដ្ឋនៅក្បែរពិធីឡើងផ្ទះរបស់លោក អ៊ាម សេងអឿន បានភ័យស្លន់ស្លោ ហើយចំអកថា ជាធម្មតាពិធីឡើងផ្ទះគេទិញកាំជ្រួចយកមកបាញ់ដើម្បីមានសិរីសួស្តី និងឲ្យប្រជាពលរដ្ឋមើលលេងកម្សាន្ត ប៉ុន្តែសម្រាប់លោក អ៊ាម សេងអឿន វិញ មិនបានទិញកាំជ្រួចមកបាញ់ដូចគេឯងនោះទេ បែរជាយកកាំភ្លើងម៉ាកឡុករបស់គាត់បាញ់ឡើងលើមេឃ ដើម្បីសុំលាភសុំជ័យទៅវិញ ហើយនៅស្រុកខ្មែរទើបតែមានលោក អ៊ាម សេងអឿន ម្នាក់ប៉ុណ្ណោះ ដែលហ៊ានប្រព្រឹត្តអំពើបាញ់បោះសេរីដោយគ្មានក្រែងញញើតអ្វីទាំងអស់។
អ្នកចូលរួមក្នុងកម្មវិធីឡើងផ្ទះដែលមានការបាញ់កាំភ្លើងសុំលាភសុំជ័យនោះក៏បានបង្ហើបឲ្យដឹងផងដែរថា អ្នកដែលរងនូវភាពអាម៉ាស់និងបាក់មុខជាងគេ គឺឧត្តមសេនីយ៍ម្នាក់ដែលបានអញ្ជើញទៅចូលរួមក្នុងពិធីឡើងផ្ទះរបស់លោក អ៊ាម សេងអឿន ក្នុងនាមជាភ្ញៀវកិត្តិយសនិងជាមេកើយក៏បានភ័យស្លន់ស្លោរត់ជាមួយគេផងដែរ ក្រោយពេលឮស្នូរអាវុធផ្ទុះផ្ទួនៗ។ គេមិនដឹងថាតើលោក ដែលជាជើងខ្លាំងប្រចាំស្រុកសំឡូតប្រព្រឹត្តបែបនេះដើម្បីអ្វីនោះទេ ហើយបើគិតថាបាញ់កាំភ្លើងឡើងលើមេឃដើម្បីសុំលាភសុំជ័យឬសុំបើករាសីក៏មិនទំនង ព្រោះការបាញ់ឡើងទៅលើមេឃអាចធ្វើឲ្យទេវតាក្តៅក្រហាយ ហើយបើគិតពីផ្លូវច្បាប់វិញ គឺត្រូវមានទោសចំពោះអំពើបាញ់បោះសេរី ដូច្នេះគេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា លោក ប៉ោ វណ្ណៈ ត្រូវចាត់វិធានការយ៉ាងដូចម្តេច ចំពោះអំពើបាញ់បោះសេរីខុសច្បាប់របស់លោក អ៊ាម សេងអឿន។
ប្រជាពលរដ្ឋនៅទូទាំងស្រុកសំឡូតកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើ ក្រោយពេលឡើងផ្ទះថ្មី ដែលមានបាញ់កាំភ្លើងអបអរសាទរជាមួយនឹងសំឡេងដែលលោក អ៊ាម សេងអឿន ប្រកាសថា រាសីរបស់គាត់បើកឡើងវិញហើយនោះ អាចជួយឲ្យគាត់មានរាសីល្អកាន់តែខ្ពស់ត្រដែត ឬត្រូវស្រុតចុះរបូតពីតំណែងរងនូវការដាក់ពិន័យពីថ្នាក់លើឬយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ចំពោះអំពើបាញ់បោះសេរីគ្មានបែបបទដែលប្រព្រឹត្តដោយលោក អ៊ាម សេងអឿន បើគិតពីសេចក្តីណែនាំនិងបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេសច្បាស់ណាស់ដែលថា លោក អ៊ាម សេងអឿន នឹងត្រូវទទួលរងការដាក់ពិន័យពីថ្នាក់លើឬដកបញ្ឈរជើងជាមិនខានឡើយ។ លោក អ៊ាម សេងអឿន បានបង្កការបាញ់បោះឲ្យប្រជាពលរដ្ឋភ័យខ្លាចនិងធ្វើឲ្យបាត់បង់ភាពថ្លៃថ្នូរក្នុងនាមជាថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ប្រចាំស្រុកសំឡូត ព្រោះជានិច្ចកាល មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំឲ្យមន្ត្រីកងរាជអាវុធហត្ថរក្សាភាពថ្លៃថ្នូរ និងគោរពច្បាប់ទម្លាប់៕
ប្រភព៖មនសិការខ្មែរ
