លោក រ័ត្ន ស្រ៊ាង មានការបង្រួបបង្រួមបែងចែកការងារនិងផលប្រយោជន៍ចែកគ្នាគ្រាន់នឹងបានរស់ទៅតាមឋានៈតួនាទីនិងជំនាញ ប៉ុន្តែក្រោមការចាត់ចែងរបស់លោក ឱ បូរិន្ទ សព្វថ្ងៃនេះមន្ត្រីខិលខូចពុករលួយពូកែអែបអបនិងចេះកាប់ដាវប្រមូលលុយបានក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃសម្រាប់លោក ឱ បូរិន្ទ ប្រើប្រាស់ទាំងការងារជំនាញនិងការងារសេដ្ឋកិច្ច។
មន្ត្រីមួយចំនួនបានលើកឡើងថា លោក ឱ បូរិន្ទ តែងតែប្រើពាក្យសំដីមិនសមរម្យដាក់មន្ត្រីក្រោមឱវាទ និងគ្មានសេចក្តីគោរពចំពោះមន្ត្រីតូចតាចនោះទេ ហើយចុងក្រោយនេះលោក ឱ បូរិន្ទ បាននាំយកខ្សែស្រឡាយរបស់ខ្លួនឲ្យមកធ្វើការងារជំនាញក្នុងការប្រមូលលុយកាក់និងផលប្រយោជន៍តាមគ្រប់រូបភាពយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនដែលខ្វល់ខ្វាយពីការកែទម្រង់របស់រាជរដ្ឋាភិបាលម្តងណាឡើយ។ លោក មែ៉ន ភិរម្យ ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានក្លាយជាជើងខ្លាំងក្នុងការប្រមូលសេដ្ឋកិច្ចយកទៅជូនលោក ឱ បូរិន្ទ ព្រោះលោក ម៉ែន ភិរម្យ មានទំនាក់ទំនងជិតដិតជាយូរមកហើយជាមួយលោក ឱ បូរិន្ទ តាំងពីពេលដែលគាត់កាន់តំណែងជាមេបញ្ជាការរងជំនាន់លោក រ័ត្ន ស្រ៊ាង មកម្លេ៉ះ។ ហើយនៅពេលដែលលោក ឱ បូរិន្ទ ឡើងធ្វើជាមេប៉េអឹមខេត្តបន្ទាយមានជ័យ លោក ម៉ែន ភិរម្យ ក៏មានអំណាចតាមជើងខោរបស់លោក ឱ បូរិន្ទ ហើយមានសិទ្ធិធំធេងធ្វើអ្វីៗតាមតែអំពើចិត្តមិនខ្វល់ខ្វាយពីច្បាប់ទម្លាប់ឬសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ។
រឿងដែលអាក្រក់បំផុតនោះគឺលោក ឱ បូរិន្ទ បានឱបក្រសោបមន្ត្រីខិលខូចពុករលួយជាច្រើន និងមើលមិនឃើញពីសកម្មភាពដែលលោក ម៉ែន ភិរម្យ កំពុងបង្កភាពអនាធិបតេយ្យលួចលាក់បើកបនល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង ដូចជាភ្នាល់បាល់ទាត់ ឬល្បែងស៊ីសងតាមប្រព័ន្ធអនឡាញជាដើម នៅក្នុងក្រុងប៉ោយប៉ែតក៏ដូចជានៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ។ លោក ម៉ែន ភិរម្យ ប្រមូលបានផលប្រយោជន៍ច្រើនណាស់ក្នុងមួយខែៗ គ្រាន់តែការដើរបើកបនល្បែងស៊ីសងខុសច្បាប់ ឬឈរឈ្មោះជាខ្នងបង្អែកឲ្យមេបនល្បែងកត់កន្ទុយលេខនិងភ្នាល់បាល់ទាត់មួយចំនួន ហើយសូម្បីតែនៅក្នុងក្រុងប៉ោយប៉ែត ក៏មានទីតាំងដ៏ធំមួយកន្លែងស្ថិតនៅក្រោមការចាត់ចែងរបស់ឈ្មោះ ធី ដើមពោធិ៍ និងមានហ៊ុនហយរបស់លោក មែ៉ន ភិរម្យ ផងដែរ ទើបគ្មាននរណាហ៊ានប៉ះពាល់ឡើយ។
អភិបាលខេត្តបន្ទាយមានជ័យធ្លាប់បានណែនាំឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដោយក្នុងនោះមានរាប់បញ្ចូលទាំងការបង្ក្រាបបនល្បែងស៊ីសង និងលុបបំបាត់បញ្ហាកុងត្រូលជជុះផងដែរ ប៉ុន្តែលោក ម៉ែន ភិរម្យ មិនដែលឈឺក្បាលវិលមុខនោះទេ គាត់នៅតែធ្វើក្រអឺតក្រទមធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីប្រមូលយកផលប្រយោជន៍ទៅធ្វើមានធ្វើបានផ្ទាល់ខ្លួននិងបែងចែកថ្នាក់លើ។ បនល្បែងបៀអាប៉ោង ទីតាំងកត់កន្ទុយលេខភ្នាល់បាល់ទាត់និងហ្គេមអីុនធឺណេត នៅក្រុងសិរីសោភ័ណ ជាពិសេសនៅក្រុងប៉ោយប៉ែត មន្ត្រីនគរបាលនិងកងរាជអាវុធហត្ថមួយចំនួនមិនដែលហ៊ានទៅក្បែរទេ ព្រោះគេដឹងថាទីតាំងបនល្បែងស៊ីសងទាំងនោះមានលោក ម៉ែន ភិរម្យ ឈរនៅពីក្រោយខ្នង។
បញ្ហាបនល្បែងស៊ីសងនិងការបញ្ជូនមន្ត្រីអាវុធហត្ថឲ្យចុះដាក់ប៉ុស្តិ៍ជជុះគាបជំរិតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញយ៉ាងអនាធិបតេយ្យនៅទូទាំងខេត្តបន្ទាយមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយមិនសប្បាយចិត្តនោះទេ ហើយគេយល់ថា ប្រសិនបើបញ្ហានេះបន្តកើតមានយ៉ាងអនាធិបតេយ្យទៀតនោះ ច្បាស់ជាប្រជាពលរដ្ឋនាំគ្នាប្តឹងទៅកាន់អភិបាលខេត្តឲ្យជួយរកដំណោះស្រាយ ព្រោះថាបញ្ហាបនល្បែងស៊ីសងខុសច្បាប់យ៉ាងអនាធិបតេយ្យគឺ ជាប្រភពបង្កើតឲ្យមានបទល្មើសក្នុងសង្គមដូចជាចោរលួចឆក់ប្លន់ជាដើម។ ជាក់ស្តែងនៅក្នុងទឹកដីក្រុងប៉ោយប៉ែត កាលពីប៉ុន្មានសប្តាហ៍មុននេះ បុរសមួយក្រុមបានចាញ់ល្បែងស៊ីសងយ៉ាងស្ពឹកមុខ ក៏បែកគំនិតទៅលួចម៉ូតូពលរដ្ឋបូករួមជាមួយករណីបទល្មើសសង្គមជាច្រើនទៀតធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាពក្នុងសង្គម ព្រោះក្រុមជនល្មើសធ្វើអ្វីៗស្រេចតែអំពើចិត្តគ្មានញញើតនឹងសមត្ថកិច្ចបន្តិចណាឡើយ៕
ប្រភព៖មនសិការខ្មែរ
