លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ប្រធានសេនាធិការ និងជាអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ដូច្នេះ ជាការឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការប្រកាសរបស់មេដឹកនាំគណៈសង្គ្រោះជាតិ ដែលថានឹងគ្រោងធ្វើបាតុកម្មបិទផ្លូវ និងកាន់កាប់ស្ថាប័នរដ្ឋមួយចំនួននាពេលខាងមុខនេះ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ដូច្នេះថា “ការធ្វើបាតុកម្មដោយ សន្តិវិធី គឺជា សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋទូទៅដែល មានចែងក្នុងច្បាប់ ប៉ុន្តែបើសិនបាតុកម្ម នោះវាបានឈានដល់ថ្នាក់ប៉ះពាល់ ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម សមត្ថកិច្ច ចាំបាច់ត្រូវតែ ចាត់វិធានការណ៍នានា ដើម្បីធានាស្ថិរភាព សង្គមមិនឲ្យមានភាពច្របូកច្របល់កើតឡើងឡើយ “។
លោកឧត្តមសេនីយ៍ឯកបន្តថា “ជាគោលការណ៍កងកម្លាំងនគរបាលជាតិ នឹងខិតខំប្រឹងប្រែង ឲ្យអស់លទ្ធភាពដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម រួមទាំងការពារ និងរៀបចំសណ្ដាប់ធ្នាប់សម្រាប់ការធ្វើបាតុកម្មស្របច្បាប់ផងដែរ។ ដូច្នេះដើម្បីការពារនូវសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់សង្គមជាតិ កងកម្លាំងនគរបាល នឹងមិនបណ្ដែតបណ្តោយឲ្យចលនាណាមួយ ធ្វើសកម្មភាពបំផ្លាញដល់សន្តិសុខនិង ស្ថិរភាពសង្គមបានឡើយ”។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចូលរួមក្នុងបាតុកម្មនេះ គឺត្រូវប្រើសិទ្ធិរបស់ខ្លួនស្របទៅតាមច្បាប់ ដោយចៀសវាងការ ធ្វើសកម្មភាព ដែលរំលោភដល់សិទ្ធិអ្នកដទៃ ក៏ដូចជាការឈានដល់បាត់បង់សណ្តាប់ធ្នាប់ បង្កឲ្យមានអសន្តិសុខ និងចលាចលក្នុងសង្គមជាតិ។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះអនុប្រធានគណបក្សសង្គ្រោះជាតិ គឺឯកឧត្តម កឹម សុខា បានប្រកាសជាសាធារណៈចំពោះមុខបាតុករថា នឹងមានគម្រោងប្រមូលផ្តុំបាតុករ ដើម្បីធ្វើការបិទផ្លូវ និងកាន់កាប់ស្ថាប័នរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ៕
ប្រភព kpt
