ក្រុមសង្គម​ស៊ីវិល​ចាប់ផ្តើម​សិក្សា​អំពី​ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ ដើម្បី​ផ្ញើ​ទៅ​អង្គការ​សហ​ប្រជាជាតិ



នៅព្រឹក​ថ្ងៃទី៦ ខែ​ធ្នូ​នេះ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ក្រុម​អង្គការ សមាគម​សង្គម​ស៊ីវិល បាន​រៀបចំ​កិច្ច​ពិភាក្សា​មួយ ដោយ​ពិនិត្យ​ទៅលើ​ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឆ្នាំ២០១៣ ហើយ​ត្រៀម​យក​ទៅ​ជូន​អង្គការ​សហប្រជាជាតិ​នៅដើម​ឆ្នាំ២០១៤។ក្រុមមន្ត្រី ​ដែល​ធ្វើ​ការងារ​ទាក់ទង​​​បញ្ហា​សិទ្ធិ​មនុ​សុ្ស និង​ការបញ្ចេញមតិ បាននាំគ្នា​សិក្សា​ដើម្បី​ឈានទៅ​វាយតម្លៃ​អំពី​ស្ថានភាព​អនុវត្តន៍​សេរី​ភាព​បញ្ចេញមតិ នៅ​កម្ពុជា​។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា បាន​បញ្ជាក់​ថា ឆ្នាំ២០១៣ នេះ សិទ្ធិ​ប​ញ្ចេ​ញ​មតិ​មាន​ករណី​បើកចំហរ និង​ករណីខ្លះ​រឹតបន្តឹង។ លោក​បាន​លើក​អំពី​ការដែល​ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​នៅពេល​ទៅ​ទទួល​លោក​ សម រង្ស៊ី នៅ​ព្រលានយន្តហោះ នៅពេល​លោក​ចូល​ស្រុក​ និង​ការដែល​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​នៅលើ​ទីលាន​ប្រជា​ធិ​បតេយ្យ។
(សំឡេង លោក អ៊ូ វីរៈ)
ប៉ុន្តែ​លោក អ៊ូ វីរៈ នៅ​មិនទាន់​បញ្ចេញមតិ​ថា សេរីភាព​បញ្ចេញមតិ​ឆ្នាំ២០១៣ ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ឬ​យ៉ាងណា​នៅឡើយ​ទេ។
កញ្ញា សន រ៉ា​មណា មន្ត្រី​សម្របសម្រួល​គម្រោង​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា មុន​ឈាន​មក​ពិភាក្សា​នៅថ្ងៃនេះ គម្រោង​នេះ​បាន​បើក​កិច្ចពិភាក្សា​នៅតាម​ក្រុម​ចំនួន៦ នៅលើ​វិស័យផ្សេងៗគ្នា។ ដូចជា ​ក្រុម​ប្រើ​អ៊ី​ន​ធើរ​ណិ​ត ប្លុក ហេ​ស្វ​ប៊ុក ក្រុម​អ្នកសារព័ត៌មាន​ ក្រុម​អ្នកតស៊ូ​មតិ និង​ក្រុមនិស្សិត។
កញ្ញា បាន​ស្រង់​នូវ​អនុសាសន៍​ពី​ក្រុម​ពិភាក្សា​ដែល​បានធ្វើ​ពីមុន​នេះ ទៅដល់រដ្ឋាភិបាល។
(សំឡេង កញ្ញា សន រ៉ា​មណា)
ជាមួយគ្នានេះ កញ្ញា​បាន​បញ្ជា​ក់ថា ក្រុមនិស្សិត​​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ធានាថា ការ​រឹតបណ្តឹង​លើ​ការប្រើប្រាស់​បណ្តាញ​អ៊ិន​ធើរ​ណិ​ត ត្រូវ​អនុលោម​តាមច្បាប់​អន្តរជាតិ និង​ជំរុញ​ការធ្វើ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន។
លោក ឈាង វុន ប្រធាន​គណៈកម្មការ​ផ្នែក​ព័ត៌មាន​នៃ​រដ្ឋសភា បាន​បដិសេធ​​មិន​អត្ថា​ធិ​ប្បា​យ​ទៅលើ​ប្រធានបទ​សេរីភាព​ប​ញ្ចេ​ញ​មតិ​នោះទេ។
តែ​ទោះជា​យ៉ាងណាក្តី លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា រដ្ឋាភិបាល​បាន​បើកចំហ​​ការអនុវត្ត​សិទ្ធិ​បញ្ចេញមតិ។
(សំឡេង​លោក ផៃ ស៊ី​ផាន)
ជាមួយគ្នានេះ ទៀត លោក​បាន​បញ្ជា​ក់ថា រាល់​កា​រប​ញ្ចេ​ញ​មតិ ត្រូវ​ប្រើប្រាស់​ទីកន្លែង​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន។
មន្ត្រី​សិទ្ធិ​មនុ​ស្ស​បាន​បញ្ជាក់ថា ការអនុវត្ត​សេរីភាព​បញ្ចេញមតិ​បាន​បើកទូលាយ​ជាង​មុន​នៅ​ទីតាំង​សាធារណៈ ប៉ុន្តែ​រឹតបណ្តឹង​ការ​ទៅ​ប​ញ្ចេ​ញ​មតិ​នៅក្បែរ​គេហដ្ឋាន​លោកនាយក​រដ្ឋមន្ត្រី៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors