អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានដាក់លិខិតអន្តរាគមន៍មួយច្បាប់ទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីជំរុញឲ្យតុលាការចាត់ការលើសំណុំរឿងព្រហ្មទណ្ឌមួយ ដែលបង្កឡើងដោយអំពើហិង្សារបស់បុរសជាប្ដី ប្រើពូថៅកាប់ប្រពន្ធ និងកូនស្រីពីរនាក់អោយរបួសធ្ងន់ធ្ងរ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះឈ្មោះ យឿន លីណា អាយុ ៤៤ឆ្នាំ កាលពីថ្ងៃអង្គារ ទី៤ កុម្ភៈ បានធ្វើដំណើរទៅកាន់ទីស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូ នៅខេត្តបន្ទាយមានជ័យ សុំឲ្យអង្គការជួយ ក្រោយពីពាក្យបណ្ដឹងរបស់គាត់ត្រូវបានគេទុកមិនលើកទៅចាត់ការអស់ រយៈពេលជិតមួយឆ្នាំកន្លងមក។
វិទ្យុអាស៊ីសេរី នៅពុំអាចទាក់ទង លោក អ៊ុន សំអន ប្រធានការិយាល័យកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ។ ចំណែកឯ លោក ផាន់ វណ្ណរ័ត្ន តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏មិនអាចសុំការបញ្ជាក់បានដូចគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈ។
ស្ត្រីជាជនរងគ្រោះឈ្មោះ យឿន លីណា ថ្លែងថា រូបគាត់ និងកូនស្រីពីរនាក់ទៀត បានរងរបួសធ្ងន់ធ្ងរដូចគ្នា ដោយប្ដីឈ្មោះ សាន សារ៉េត យកពូថៅកាប់ និងវាយនឹងខ្នងពូថៅ នៅយប់ថ្ងៃកើតហេតុ។ លោកស្រីសុំសមត្ថកិច្ច និងស្ថាប័នតុលាការ ជួយរកយុត្តិធម៌ជូនគាត់៖ «ខ្ញុំ ចង់តុលាការចាប់យកមកផ្ដន្ទាទោស បង់សងជំងឺចិត្តកូនខ្ញុំពីរនាក់ និងខ្ញុំ ហើយសុំឲ្យច្បាប់រកយុត្តិធម៌ឲ្យខ្ញុំផង កុំឲ្យធ្វើព្រងើយកន្តើយអ៊ីចឹង នេះជារឿងមនុស្សសម្លាប់មនុស្ស មិនមែនធម្មតាទេ»។
អធិការនគរបាលស្រុកម៉ាឡៃ លោក សៅ ប៊ុន បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ផ្ទះជនរងគ្រោះ ប៉ុន្តែបុរសជាប្ដីបានរត់គេចទៅបាត់។ ក្រោយមក សមត្ថកិច្ចប៉ូលិសស្រុកម៉ាឡៃ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តចំនួនបីលើកជាប់គ្នា៖ «បញ្ជូនសំណុំរឿងបី ដងលើកនេះ ហើយបានដល់ដៃនាយការិយាល័យ ហើយខ្ញុំបានសួរ លោកបានបញ្ជាក់ ប៉ុន្តែក្រោយមក ខាងអង្គការសិទ្ធិមនុស្សទៅរកទៅថាអត់ឃើញ»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ កញ្ញា ផាត់ ម៉ារ៉ាឌី ថ្លែងថា អង្គការបានដាក់លិខិតអន្តរាគមន៍នោះទៅតុលាការ កាលពីថ្ងៃអង្គារ។ កញ្ញាចាត់ទុកថា ករណីនេះជាទោសព្រហ្មទណ្ឌ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលច្បាប់មិនអាចលើកលែងទោសបាននោះឡើយ៖ «វាជាករណីរំលោភសិទ្ធិ ស្ត្រីធ្ងន់ធ្ងរណាស់។ ទី១ គាត់រងគ្រោះដោយសារប្ដីគាត់។ ហើយទីពីរ គាត់រងគ្រោះដោយសារអាជ្ញាធរអត់បានបំពេញទៅតាមតួនាទី អត់មានបញ្ជូនសំណុំរឿង និងខ្នះខ្នែងក្នុងការដោះស្រាយរឿងហ្នឹងអោយគាត់សោះ រហូតដល់ប្រើដល់រយៈពេលប៉ុណ្ណឹង ហ្នឹងគាត់រស់នៅក្នុងភាពភ័យខ្លាចមែនទែន ដោយសារតែឮអ្នកដែលធ្លាប់ស្គាល់គាត់ មកប្រាប់គាត់ បានឃើញប្ដីគាត់នៅថៃ ម្ដង ថាបានឃើញប្ដីគាត់ជិះឡាននៅម៉ាឡៃ អ៊ីចឹងគាត់កាន់តែខ្វល់ខ្វាយ»។
កាលពីវេលាម៉ោង ១យប់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៣ ស្ត្រីឈ្មោះ យឿន លីណា និងកូនស្រីពីរនាក់ ម្នាក់ឈ្មោះ សាន ស្រីណុច អាយុ ១៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ សាន ស្រីណែត អាយុ ២០ឆ្នាំ ត្រូវបានបុរសជាប្ដី និងជាឪពុកចុងឈ្មោះ សាន សារ៉េត បានយកពូថៅកាប់ចំក្បាល និងវាយនឹងខ្នងពូថៅ បណ្ដាលឲ្យរបួសធ្ងន់គ្រប់គ្នា ដោយសារការប្រច័ណ្ឌប្រពន្ធ និងជម្លោះក្នុងក្រុមគ្រួសារ។ ហេតុការណ៍កើតឡើងនៅផ្ទះជនរងគ្រោះ ឋិតនៅភូមិប្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
បុរសជាប្ដី និងជាឪពុកចុងឈ្មោះ សាន សារ៉េត មានតួនាទីបុគ្គលិកនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ ក្រោយពីបង្កហេតុបានចេញពីផ្ទះទាំងយប់ ហើយបានយករថយន្តមន្ទីរពេទ្យបើកទៅដាក់ចតចោលនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត បន្ទាប់មកបានរត់គេចខ្លួនបាត់៕