លីកាដូ​ជំរុញ​ឲ្យ​តុលាការ​បន្ទាយមានជ័យ​ចាត់​ការ​សំណុំ​រឿង​ប្ដី​កាប់​ប្រពន្ធ​និង​កូន​ស្រី​២​នាក់



 តុលាការ​ខេត្ត​បន្ទាយមានជ័យ ៦១០
ស្ត្រី​ជា​ម្តាយ និង​កូន​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ កំពុង​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិ​មនុស្ស ឲ្យ​ជួយ​រក​យុត្តិធម៌ ក្រោយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​សំណុំ​រឿង ​ទៅ​តុលាការ។ ជន​រងគ្រោះ​ជា​ម្ដាយ និង​កូន​ស្រី​ពីរ​នាក់ ត្រូវ​បាន​បុរស​ជា​ប្ដី និង​ជា​ឪពុក​ចុង យក​ពូថៅ​កាប់​អោយ​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​រឿង​ប្រច័ណ្ឌ។

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ដាក់​លិខិត​អន្តរាគមន៍​មួយ​ច្បាប់​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ចាត់​ការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ ដែល​បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​របស់​បុរស​ជា​ប្ដី ប្រើ​ពូថៅ​កាប់​ប្រពន្ធ និង​កូន​ស្រី​ពីរ​នាក់​អោយ​របួស​ធ្ងន់ធ្ងរ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។
ស្ត្រី​រងគ្រោះ​ឈ្មោះ យឿន លីណា អាយុ ៤៤​ឆ្នាំ កាល​ពី​ថ្ងៃ​អង្គារ ទី​៤ កុម្ភៈ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ខេត្ត​បន្ទាយមានជ័យ សុំ​ឲ្យ​អង្គការ​ជួយ ក្រោយ​ពី​ពាក្យ​បណ្ដឹង​របស់​គាត់​ត្រូវ​បាន​គេ​ទុក​មិន​លើក​ទៅ​ចាត់​ការ​អស់ ​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក។
វិទ្យុ​អាស៊ីសេរី នៅ​ពុំ​អាច​ទាក់ទង លោក អ៊ុន សំអន ប្រធាន​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។ ចំណែក​ឯ លោក ផាន់ វណ្ណរ័ត្ន តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ដូច​គ្នា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ កុម្ភៈ។
ស្ត្រី​ជា​ជន​រងគ្រោះ​ឈ្មោះ យឿន លីណា ថ្លែង​ថា រូប​គាត់ និង​កូន​ស្រី​ពីរ​នាក់​ទៀត បាន​រង​របួស​ធ្ងន់ធ្ងរ​ដូច​គ្នា ដោយ​ប្ដី​ឈ្មោះ សាន សារ៉េត យក​ពូថៅ​កាប់ និង​វាយ​នឹង​ខ្នង​ពូថៅ នៅ​យប់​ថ្ងៃ​កើត​ហេតុ។ លោកស្រី​សុំ​សមត្ថកិច្ច និង​ស្ថាប័ន​តុលាការ ជួយ​រក​យុត្តិធម៌​ជូន​គាត់៖ «ខ្ញុំ ​ចង់​តុលាការ​ចាប់​យក​មក​ផ្ដន្ទាទោស បង់​សង​ជំងឺ​ចិត្ត​កូន​ខ្ញុំ​ពីរ​នាក់ និង​ខ្ញុំ ហើយ​សុំ​ឲ្យ​ច្បាប់​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង កុំ​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​អ៊ីចឹង នេះ​ជា​រឿង​មនុស្ស​សម្លាប់​មនុស្ស មិន​មែន​ធម្មតា​ទេ»
អធិការ​នគរបាល​ស្រុក​ម៉ាឡៃ លោក សៅ ប៊ុន បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន សមត្ថកិច្ច​បាន​ចុះ​ដល់​ផ្ទះ​ជន​រងគ្រោះ ប៉ុន្តែ​បុរស​ជា​ប្ដី​បាន​រត់​គេច​ទៅ​បាត់។ ក្រោយ​មក សមត្ថកិច្ច​ប៉ូលិស​ស្រុក​ម៉ាឡៃ បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ចំនួន​បី​លើក​ជាប់​គ្នា៖ «បញ្ជូន​សំណុំ​រឿង​បី​ ដង​លើក​នេះ ហើយ​បាន​ដល់​ដៃ​នាយ​ការិយាល័យ ហើយ​ខ្ញុំ​បាន​សួរ លោក​បាន​បញ្ជាក់ ប៉ុន្តែ​ក្រោយ​មក ខាង​អង្គការ​សិទ្ធិ​មនុស្ស​ទៅ​រក​ទៅ​ថា​អត់​ឃើញ»
មន្ត្រី​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ កញ្ញា ផាត់ ម៉ារ៉ាឌី ថ្លែង​ថា អង្គការ​បាន​ដាក់​លិខិត​អន្តរាគមន៍​នោះ​ទៅ​តុលាការ កាល​ពី​ថ្ងៃ​អង្គារ។ កញ្ញា​ចាត់​ទុក​ថា ករណី​នេះ​ជា​ទោស​ព្រហ្មទណ្ឌ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដែល​ច្បាប់​មិន​អាច​លើក​លែង​ទោស​បាន​នោះ​ឡើយ៖ «វា​ជា​ករណី​រំលោភ​សិទ្ធិ​ ស្ត្រី​ធ្ងន់ធ្ងរ​ណាស់។ ទី​១ គាត់​រងគ្រោះ​ដោយសារ​ប្ដី​គាត់។ ហើយ​ទី​ពីរ គាត់​រងគ្រោះ​ដោយសារ​អាជ្ញាធរ​អត់​បាន​បំពេញ​ទៅ​តាម​តួនាទី អត់​មាន​បញ្ជូន​សំណុំ​រឿង និង​ខ្នះខ្នែង​ក្នុង​ការ​ដោះស្រាយ​រឿង​ហ្នឹង​អោយ​គាត់​សោះ រហូត​ដល់​ប្រើ​ដល់​រយៈពេល​ប៉ុណ្ណឹង ហ្នឹង​គាត់​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​មែន​ទែន ដោយសារ​តែ​ឮ​អ្នក​ដែល​ធ្លាប់​ស្គាល់​គាត់ មក​ប្រាប់​គាត់ បាន​ឃើញ​ប្ដី​គាត់​នៅ​ថៃ ម្ដង ថា​បាន​ឃើញ​ប្ដី​គាត់​ជិះ​ឡាន​នៅ​ម៉ាឡៃ អ៊ីចឹង​គាត់​កាន់​តែ​ខ្វល់ខ្វាយ»
កាល​ពី​វេលា​ម៉ោង ១​យប់​ថ្ងៃ​ទី​៣១ ខែ​មិថុនា ឆ្នាំ​២០១៣ ស្ត្រី​ឈ្មោះ យឿន លីណា និង​កូន​ស្រី​ពីរ​នាក់ ម្នាក់​ឈ្មោះ សាន ស្រីណុច អាយុ ១៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សាន ស្រីណែត អាយុ ២០​ឆ្នាំ ត្រូវ​បាន​បុរស​ជា​ប្ដី និង​ជា​ឪពុក​ចុង​ឈ្មោះ សាន សារ៉េត បាន​យក​ពូថៅ​កាប់​ចំ​ក្បាល និង​វាយ​នឹង​ខ្នង​ពូថៅ បណ្ដាល​ឲ្យ​របួស​ធ្ងន់​គ្រប់​គ្នា ដោយសារ​ការ​ប្រច័ណ្ឌ​ប្រពន្ធ និង​ជម្លោះ​ក្នុង​ក្រុម​គ្រួសារ។ ហេតុការណ៍​កើត​ឡើង​នៅ​ផ្ទះ​ជន​រងគ្រោះ ឋិត​នៅ​ភូមិ​ប្រសេកជ្រំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។
បុរស​ជា​ប្ដី និង​ជា​ឪពុក​ចុង​ឈ្មោះ សាន សារ៉េត មាន​តួនាទី​បុគ្គលិក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ាឡៃ ក្រោយ​ពី​បង្ក​ហេតុ​បាន​ចេញ​ពី​ផ្ទះ​ទាំង​យប់ ហើយ​បាន​យក​រថយន្ត​មន្ទីរពេទ្យ​បើក​ទៅ​ដាក់​ចត​ចោល​នៅ​មន្ទីរពេទ្យ​បង្អែក​ ក្រុង​ប៉ោយប៉ែត បន្ទាប់​មក​បាន​រត់​គេច​ខ្លួន​បាត់៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors