លោកឧត្តមសេនីយ ឯក ម៉ក់ ជីតូ ប្រធាននាយកដា្ឋនកណ្តាលនគរបាលក្រសួងយុត្តិធម៌ក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃសុក្រនេះថា ការរកឃើញជនសង្ស័យដែលបានលួចព្រះបរមសារីរិកធាតុ និងវត្ថុមានតម្លៃនេះគឺដោយអនុវត្តទៅតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ពោលគឺប្រជាពលរដ្ឋចូលរួម និងជាអ្នកផ្តល់ដំណឹងដល់អាជ្ញាធរ។
កាលពីវេលាថ្ងៃត្រង់ម្សិលមិញព្រះបរមកោដ្ឋតម្កល់ព្រះសារីរិកធាតុព្រះពុទ្ធសាមនគោត្តមនៃយើង ត្រូវបានអាជ្ញាធរស្រាវជ្រាវរកឃើញនៅក្នុងភូមិកោះស្រុកទ្រាំងខេត្តតាកែវ ដោយមានការឃាត់ខ្លួនជនសង្ស័យមួយរូបឈ្មោះ កែវ រស្មី, ជាយុវជនអាយុ២៤ឆ្នាំ។
តាមការឲ្យដឹងពីអាជ្ញាធរមានសមត្ថកិច្ច ក្រៅពីការចាប់ឃាត់ខ្លួនជនសង្ស័យ គេបានរឹបអូសវត្ថុមានតម្លៃមួយចំនួន ដែលចោររូបនេះនឹងបក្សពួកបានលួចយកទៅហើយបញ្ចេញទៅទីផ្សារមិនទាន់អស់។ ក្នុងនោះមាន ព្រះបរមកោដ្ឋដែលតម្កល់ព្រះសារីរិកធាតុបិទជិត រូបព្រះពុទ្ធបដិមាករ ដែលចោរបកយកមាសទៅលក់ ត្បូង គ្រឿងអលង្ការនិងវត្ថុតាងដទៃទៀតជាច្រើន។
លោក ម៉ក់ ជីតូ ឲ្យដឹងទៀតថា អាជ្ញាធរកំពុងតែបន្តស្រាវជ្រាវបន្ថែមទៀត ក្នុងការប្រមូលភស្តុតាងនិងវត្ថុតាងនានា ដោយហេតុថា អំពើចោរកម្មដ៏កក្រើកនេះ ត្រូវបានសន្និដ្ឋានថា មានគ្នាលើសពីម្នាក់។ យ៉ាងណាក៏ដោយមន្ត្រីប៉ូលីសរូបនេះ បានចាត់ទុកថា នេះគឺជាជោគជ័យមួយរបស់សមត្ថកិច្ចក្នុងការស្វែងរកព្រះសារីរឹកធាតុត្រលប់មកវិញ ដោយមានការចូលរួមពីគ្រប់ផ្នែកដែលពាក់ព័ន្ធ។ព្រះសារីរិកធាតុត្រូវបានប្រគេនដល់មន្ត្រីសង្ឃជាន់ខ្ពស់កាលពីម្សិលមិញ ខណៈដែលគេមិនទាន់ដឹងនៅឡើយទេថា នឹងត្រូវធ្វើពិធីសាសនាឡើងវិញនៅពេលណានៅឡើយ។
សូមរំលឹកថា ព្រះបរមកោដ្ឋព្រះបរមសារីរិកធាតុ និងវត្ថុមានតម្លៃជាច្រើន ដែលតម្កល់ទុកគោរពបូជានៅព្រះសក្សមុនីចេតិយ លើភ្នំឧត្តុង្គ ឬភ្នំព្រះរាជទ្រព្យ ត្រូវក្រុមចោរលួចយកទៅបាត់ នៅវេលាយប់ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយឡើងដោយមានការឃាត់ខ្លួនឆ្មាំយាមមួយចំនួនទៅសាកសួរ ក្នុងនោះមួយចំនួនត្រូវបានអាជ្ញាធរដោះលែងវិញដោយសារមិនមានការពាក់ព័ន្ធ៕