នៅទីបំផុតនាថ្ងៃសុក្រ ទី៧ កុម្ភៈ តុលាការឥណ្ឌូណេស៊ីបានសម្រេចដោះលែងអ្នកទោសស្រ្តីជនជាតិអូស្រ្តាលី ឆាប៉ែល ករប៊ី (Schapelle Corby) ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។ កញ្ញាករប៊ីដែលត្រូវបានតុលាការឥណ្ឌូណេស៊ីកាត់ទោសដាក់គុកចំនួន ២០ឆ្នំាកាលពីឆ្នំា ២០០៥ ពីបទមានផ្ទុកគ្រឿងញានជាប់ខ្លួនជាង ៤គីឡូក្រាម។ គួរជម្រាបជូនថា ការដាក់ទោសជនជាតិអូស្រ្តាលីរូបនេះ
បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លំាងនៅក្នុងប្រទេសអូស្រា្តលី។បើយោងតាមសេចក្តីជូនដំណឹងរបស់តុលាការ នេះជាការដោះលែងមួយមានលក្ខខណ្ឌ។ តែកញ្ញាករប៊ីអាចនឹងត្រូវចេញពីពន្ធនាគារកឺរ៉ូបូកន (Kerobokan) នៅកោះបាលីយ៉ាងយឺតបំផុតនៅថ្ងៃចន្ទ ទី១០ កុម្ភៈសប្តាហ៍ក្រោយ។ នៅពេលនេះ មានអ្នកកាសែតជាច្រើននាក់បាន និងកំពុងរង់ចំានៅពីមុខពន្ធនាគារនោះរួចទៅហើយ។ គួររម្លឹកជូនថា បច្ចុប្បន្នមានអាយុ ៣៦ឆ្នំា កញ្ញាឆាប៉ែល ករប៊ីត្រូវបានកម្លំាងប៉ូលីសឃាត់ខ្លួននៅកោះបាលីក្នុងឆ្នំា ២០០៥ ជាមួយនឹងគ្រឿងញានជាប់ខ្លួនជាង ៤គីឡូក្រាម។ បន្ទាប់មក តុលាការក៏បានសម្រេចកាត់ទោសដាក់គុកចំនួន ២០ឆ្នំាពីបទរត់ពន្ធគ្រឿងញាន។ តែតំាងពីថ្ងៃចាប់ខ្លួននោះមក កញ្ញាករប៊ីបានបដិសេធជានិច្ចថា ខ្លួនមិនបានដឹងពីគ្រឿងញាននៅក្នុងថង់របស់ខ្លួនទេ និងថា មានគេលួចដាក់គ្រឿងញាននៅក្នុងថង់នោះ។
លក្ខខណ្ឌរស់នៅដ៏លំបាកនៅក្នុងគុកបានធ្វើឲ្យសុខភាពរបស់នារីករប៊ីធ្លាក់ចុះទ្រុឌទ្រោមខ្លំាងរហូតដល់ធ្វើឲ្យនារីករប៊ីទទួលបានការបន្ធូរបន្ធយទោសចំនួន ៥ឆ្នំា កាលពីឆ្នំា ២០១២។ តាមធម្មតា នារីករប៊ីត្រូវបានទទួលសេរីភាពបណ្តោះអាសន្នតំាងពីជាង ១ឆ្នំាមកហើយ ដោយសារតែគាត់មានអកប្បកិរិយា មាយាទល្អនៅក្នុងពន្ធនាគារ។ តែមានឧបសគ្គជាច្រើនដែលបានរារំាងការដោះលែងមកដល់សព្វថ្ងៃ។ ទីបំផុត ឧបសគ្គទំាងនោះត្រូវបានលើកចេញវិញ និងដែលបាននំាឲ្យមានការដោះលែងគាត់នៅពេលនេះ។
ករណីអ្នកទោសជនជាតិអូស្រ្តាលីរូបនេះ ក៏មិនខុសគ្នានឹងអ្នកទោសជនជាតិបារំាងម្នាក់ឈ្មោះ មីកាអែល ប្លង់ (Michaël Blanc) ដែលទើបត្រូវបានតុលាការឥណ្ឌូណេស៊ីដោះលែងឲ្យមានសេរីភាពបណ្តោះអាសន្នកាលពីថ្ងៃទី២០ មករាថ្មីៗនេះ បន្ទាប់ពីបានជាប់គុករយៈពេល ១៤ឆ្នំាពីបទរត់ពន្ធគ្រឿងញានដូចគ្នា។ តែអ្នកទោសទំាងពីរត្រូវរង់ចំាបញ្ចប់ទម្ងន់ទោសរហូតដល់ឆ្នំា ២០១៦ ទើបអាចចាកចេញពីប្រទេសឥណ្ឌូណេស៊ីបាន។
អ្វីជាការកត់សម្គាល់ ការកាត់ទោសជនជាតិអូស្រ្តាលីនារីករប៊ីបានបង្កឲ្យមានការប្រឆំាងយ៉ាងផុសផុលពីប្រជាជនទូទៅនៅក្នុងប្រទេសអូស្រ្តាលី។ ខុសពីការចោទប្រកាន់របស់តុលាការឥណ្ឌូណេស៊ី ប្រជាជនអូស្រា្តលីទូទៅមិនដែលបានចាត់ទុកនារីករប៊ីថា ជាជនរងគ្រោះពិតប្រាកដទេ តែជាអ្នកដែលបានទទួលទោសដោយអយុត្តិធម៌ និងអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការឥណ្ឌូណេស៊ី៕ Labels: ព័ត៌មានអន្តរជាតិ