គួររំឭកឡើងវិញថា ទឹកដី Sudètes ជាផ្នែកមួយនៃអតីតឆេកូស្លូវ៉ាគី ដែលបារាំង និងអង់គ្លេសបានបណ្តោយឲ្យហ៊ីត្លែរកាត់យកមកធ្វើជាទឹកដី អាល្លឺម៉ង់ នៅក្នុងឆ្នាំ១៩៣៨ ដោយគ្មានប្រតិកម្មអ្វីទាំងអស់។
សម្រាប់លោកអាគីណូ ការនៅស្ងាត់ស្ងៀមរបស់បារាំង និងអង់គ្លេស នៅពេលនោះ មិនបានធ្វើឲ្យហ៊ីត្លែរស្កប់ចិត្តនោះទេ ហើយទីបំផុតទៅ សង្រ្គាមលោកលើកទី២ នៅតែត្រូវផ្ទុះឡើង។ ដូច្នេះហើយបានជាគេមិនត្រូវដើរជាន់ដានប្រវត្តិសាស្រ្តម្តងទៀត ដោយធ្វើមិនដឹងមិនឮ ទុកបណ្តោយឲ្យចិនវាតទី នៅក្នុងតំបន់អាស៊ី តាមចិត្ត។
►សូមអាន៖ ហ្វីលីពីនគ្រោងពង្រីកសហប្រតិបត្តិការយោធាជាមួយអាមេរិកដើម្បីទប់ទល់នឹងចិន
ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា លោកអាគីណូ កំពុងតែចង់ប្រៀបធៀបហ្វីលីពីនបច្ចុប្បន្ន ទៅនឹងអតីតឆេកូស្លូវ៉ាគីមុនសង្រ្គាមលោកលើកទី២ ចំណែកចិនវិញ គឺប្រៀបបានទៅនឹងអាល្លឺម៉ង់សម័យហ៊ីត្លែរ។
បណ្តាញសារព័ត៌មានរដ្ឋចិនបានធ្វើការតបតវិញយ៉ាងចាស់ដៃ នៅថ្ងៃនេះ ដោយបានហៅលោកអាគីណូថា “ជាអ្នកនយោបាយស្ទើរភ្លើង ដែលមិនស្គាល់ទាំងប្រវត្តិសាស្រ្ត និងទាំងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន”។
ទីភ្នាក់ងារព័ត៌មានស៊ីនហួបានបន្ថែមទៀតថា “លោកអាគីណូកំពុងតែ ដើរតាមគន្លងរបស់នាយករដ្ឋមន្រ្តីដ៏គួរឲ្យអាម៉ាស់របស់ជប៉ុន គឺលោកស្ហ៊ីនហ្សូ អាបេ ដែលកាលពីខែមុនបានប្រៀបធៀបទំនាក់ទំនង រវាងចិន និងជប៉ុន ទៅនឹងទំនាក់ទំនង រវាងអង់គ្លេស និងអាល្លឺម៉ង់ នៅមុនសង្រ្គាមលោកលើកទី១”។
គួររំឭកឡើងវិញថា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក Davos នៅក្នុងប្រទេសស្វ៊ីស កាលពីចុងខែមករា លោកស្ហ៊ីនហ្សូ អាបេ បានបង្កើតឲ្យមានបញ្ហាចម្រូងចម្រាសមួយ ក្រោយពីលោកបានមានប្រសាសន៍ថា ចិន និងជប៉ុន “កំពុងស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា” ទៅនឹង អាល្លឺម៉ង់ និងអង់គ្លេស នៅមុនពេលផ្ទុះសង្រ្គាមលោកលើកទីមួយ។ លោកនាយករដ្ឋមន្រ្តីជប៉ុនបានលើកឡើងថា ទំនាក់ទំនងរឹងមាំខាងផ្នែកពាណិជ្ជកម្មមិនមែនជាកត្តាដែលអាចបញ្ចៀស សង្រ្គាមបាននោះទេ។ នៅពេលនោះ លោកស្ហ៊ីនហ្សូ អាបេ ក៏បានរិះគន់ចិនផងដែរ ជុំវិញការបង្កើនថវិកាវិស័យការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់។
►សូមអាន៖ ១សតវត្សរ៍ក្រោយមក សង្រ្គាមលោកនៅតែបន្តតាមលងជប៉ុន
កាលពីថ្ងៃពុធម្សិលមិញ វិទ្យាស្ថានស្រាវជ្រាវខាងផ្នែកយុទ្ធសាស្រ្ត (International Institute for Strategic Studies-IISS) ដែលមានទីស្នាក់ការនៅអង់គ្លេស ទើបនឹងបានចេញផ្សាយរបាយការណ៍មួយ បង្ហាញថា កាលពីឆ្នាំ២០១៣កន្លងទៅនេះ ការចំណាយខាងផ្នែកយោធា នៅក្នុងតំបន់អាស៊ី បានកើនឡើងជាង ១១% ប្រៀបធៀបនឹងឆ្នាំ២០១០ ហើយកំណើននេះ កើតមានច្រើនជាងគេ នៅក្នុងតំបន់អាស៊ីបូព៌ា រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
តាមអ្នកជំនាញខាងយោធារបស់វិទ្យាស្ថាន IISS ជម្លោះដែនសមុទ្រ គឺជាមូលហេតុចម្បងជាងគេ ដែលនាំឲ្យប្រទេសនៅអាស៊ី នាំគ្នាបង្កើនការចំណាយក្នុងវិស័យការពារជាតិ ជាពិសេស ខាងទ័ពជើងទឹក ហើយថា ការកើនឡើងនៃកម្លាំងទ័ពចិន គឺជាដើមហេតុចម្បងមួយ ដែលនាំឲ្យប្រទេសជិតខាងរបស់ចិន នាំគ្នាបង្កើនថវិកាការពារជាតិរបស់ពួកគេតាមចិនដែរ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថាន IISS កាលពីឆ្នាំ២០១៣កន្លងទៅនេះ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលជាប់លេខ១ ខាងថវិកាការពារជាតិ (ជាង ៦០០ពាន់លានដុល្លារ) ចិនស្ថិតនៅលំដាប់ទី២ (ជាង ១១២ពាន់លានដុល្លារ) ហើយរុស្ស៊ី ស្ថិតនៅលំដាប់ទី៣ (ជាង ៦៨ពាន់លានដុល្លារ)។ ជប៉ុនវិញជាប់លេខ៧ (៥១ពាន់លានដុល្លារ) ឥណ្ឌា លេខ៩ (ជាង ៣៦ពាន់លានដុល្លារ) និងកូរ៉េខាងត្បូង លេខ១១ (ជិត ៣២ពាន់លានដុល្លារ)។
វិទ្យាស្ថាន IISS ក៏បានព្យាករផងដែរថា នៅក្នុងរយៈពេលប្រហែលជា ២០ឆ្នាំខាងមុខនេះ ថវិកាការពារជាតិរបស់ចិននឹងកើនឡើងស្មើសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ ថវិការការពារជាតិស្មើគ្នានេះមិនមែនមានន័យថា ចិននឹងមានកម្លាំងទ័ពស្មើសហរដ្ឋអាមេរិកនោះទេ។ ចិនមានលុយ ដើម្បីបង្កើនការចំណាយខាងកងទ័ព ក៏ប៉ុន្តែ អ្វីដែលចិនខ្វះខាតខ្លាំង គឺចំណេះដឹង និងបច្ចេកវិទ្យា ដែលចាំបាច់ត្រូវការពេលវេលាច្រើនទៀត។
បើតាមការព្យាកររបស់វិទ្យាស្ថាន IISS នៅពេលដែលចិនបង្កើនថវិកាការពារជាតិបានស្មើនឹងសហរដ្ឋអាមេរិកហើយ ចិនត្រូវការពេលប្រហែលពី ២០ ទៅ ៣០ឆ្នាំទៀត ទើបអាចមានកម្លាំងទ័ពប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិកបាន។ នេះមានន័យថា រហូតទៅដល់ឆ្នាំ២០៥០ ឬ២០៦០ ទើបចិនអាចក្លាយជាមហាអំណាចយោធាប្រហាក់ប្រហែលនឹងសហរដ្ឋអាមេរិក៕ កាសែតផ្លូវការរបស់ចិនបានធ្វើការបរិហាររិះគន់យ៉ាងធ្ងន់ៗ ទៅលើលោកអាគីណូ ប្រធានាធិបតីហ្វីលីពីន ដែលកាលពីថ្ងៃអង្គារបានធ្វើការប្រៀបធៀបឥរិយាបថរបស់ចិន ក្នុងជម្លោះដែនសមុទ្រ នាពេលបច្ចុប្បន្ន ទៅនឹងឥរិយាបថរបស់ហ៊ីត្លែរ មុនសង្រ្គាមលោកលើកទី២។ កាសែតចិនបានហៅលោកអាគីណូថាជា “មនុស្សដែលអត់ដឹងអី” និងជា “អ្នកនយោបាយស្ទើរភ្លើង”។នៅក្នុង Labels: ព័ត៌មានអន្តរជាតិ