សម័យខ្មែរក្រហមបានរលំរលាយទៅអស់រយៈពេល ៣៥ឆ្នាំហើយ។ របបនៃអ្នកកាន់អំណាចអាវខ្មៅនោះ ពិតជាដំណាក់កាលដ៏ខ្មៅងងឹតមួយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលបានរុញច្រានកម្ពុជា អោយធ្លាក់ចុះដល់ចំណុចសូន្យ។ កម្ពុជា បានរួចផុតពីរបបនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយចាប់ផ្ដើមកសាងប្រទេសកម្ពុជា ឡើងវិញ ដោយចាប់ផ្ដើមពីលេខសូន្យនោះឯង។
ដោយហេតុនេះហើយ បានជារដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែរំលឹកពីគុណរបស់ខ្លួនដែលបានបណ្ដេញរបបខ្មែរក្រហម ក្រោមជំនួយរបស់វៀតណាម ហើយតែងតែប្រៀបធៀបការរីកចម្រើននានានៃប្រទេសកម្ពុជា ទៅនឹងសម័យខ្មែរក្រហមនោះ។
តើ ៣៥ឆ្នាំក្រោយរបបខ្មែរក្រហមនេះ កម្ពុជា ល្មមឈប់ប្រៀបធៀបសន្ទុះនៃការរីកចម្រើនរបស់ប្រទេសជាតិ ទៅនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះឬនៅ?
ឪពុកម្តាយទាំងឡាយតែងតែប្រដៅកូនចៅអោយយកគំរូតាមអ្នកគ្រាន់ បើ អ្នកចេះកសាងខ្លួនអោយបានរីកចម្រើន ប្រកបការងាររកស៊ីមានបាន។ មានភាគតិចណាស់ដែលប្រដៅកូនចៅអោយធៀបខ្លួនទៅនឹងជនឃោរឃៅ ឬជនដែលជំរុញប្រទេសជាតិអោយធ្លាក់ដល់លេខសូន្យនោះ។ ហើយស្ទើរតែគ្មានសោះតែម្តង ដែលស្រែកទារគុណពីកូនចៅម្តងហើយម្តងទៀត ពីការដែលគាត់ជួយអោយបានរស់ធៀបនឹងលេខសូន្យនោះ។ តែទោះជាយ៉ាងណា កូនចៅភាគច្រើនតែងតែដឹងគុណឪពុកម្តាយជានិច្ច ទោះបីជាគាត់បានជួយទំនុកបម្រុងអោយមានបានប៉ុណ្ណា ឬមិនរីកចម្រើនយ៉ាងណាក៏ដោយចុះ។ ធ្វើម៉េច បើខំហើយវាមិនទៅមុខ រកដំបូលជ្រកមិនចង់បានយ៉ាងណា ក៏ចេះតែតស៊ូទ្រាំស៊ីអត់ស៊ីឃ្លានជាមួយគ្នាទៅ។
ក៏ប៉ុន្តែ ការស្រែកប្រដៅរបស់មេដឹកនាំនៅកម្ពុជា សព្វថ្ងៃ មិនខុសអីពីការស្រែកពពាយនាយលក់ថ្នាំស្រែងរបស់សត្វគីង្គក់ឡើយ។ ប្រមុខរដ្ឋាភិបាលសព្វថ្ងៃ ទន្ទឹមនឹងខំបណ្ដុះគំនិតប្រជាពលរដ្ឋអោយប្រៀបធៀបទៅនឹងលេខសូន្យនៃ របបខ្មែរក្រហម ហើយអោយស៊ូរស់ក្នុងស្ថានភាពខ្វះមុខខ្វះក្រោយ ខ្លួនឯងបែរជានាំគ្នាស្រវាមានស្រវាបានកប់ក្តោង ហាក់មិនគិតដល់ប្រជាពលរដ្ឋដែលក្រលំបាកនៅជុំវិញខ្លួនទាំងអស់។ សួនច្បារក្នុងក្រុងក៏លក់។ លុយជំនួយបរទេសក៏លួច។ ឈើក្នុងព្រៃក៏កាប់។ ដីនៅឯស្រែក៏ហ៊ុមព័ទ្ធយក។ ឯដីក្នុងក្រុងវិញ បើរឹបអូសយកខ្លួនឯងមិនបាន ក៏រឹបអូសយកទៅជួលអោយឈ្មួញបរទេស ទោះជាដីនោះមានប្រជាពលរដ្ឋកំពុងរស់នៅក៏ដោយ។ ធ្វើយ៉ាងណាអោយតែបានលុយចូលក្នុងហោប៉ៅខ្លួនឯង និងបក្ខពួករបស់ខ្លួន។
តើអ្នកកាន់អំណាចទាំងនោះបានកាត់បន្ថយការលោភលន់ខ្លះ ឬក៏ទ្រាំស៊ីអត់ស៊ីឃ្លានជាមួយប្រជាពលរដ្ឋ ដោយធៀបខ្លួនឯងទៅនឹងការរស់នៅក្រោមរបបលេខសូន្យខ្មែរក្រហម ដែលខ្លួនធ្លាប់ក្រីក្រលំបាក ធ្លាប់ធ្វើជាទាហានខ្មែរក្រហមដែរឬទេ? បើធ្លាប់បានគិតប្រៀបធៀបខ្លួនឯងទៅនឹងលេខសូន្យ អ្នកទាំងនោះប្រហែលជាមិននាំគ្នាត្រេកត្រអាលក្នុងការបង្កើត វប្បធម៌បង្អួតឡានវីឡា វប្បធម៌ដណ្ដើមកាន់កាប់ដីរាប់រយរាប់ពាន់ហិកតារមួយខ្លួនៗ និងវប្បធម៌បំផ្លាញសម្បត្តិធម្មជាតិយ៉ាងងងើលបែបនេះទេ។
នេះជាអ្វីដែលគេមើលឃើញថា កំពុងកើតឡើងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ ទោះជាកើតទាន់ ឬមិនទាន់របបខ្មែរក្រហមក៏ដោយ នរណាក៏ដឹងក៏ឮដែរថា កម្ពុជា ធ្លាប់ចាកចេញពីចំណុចសូន្យ។ ក៏ប៉ុន្តែ ៣៥ឆ្នាំកន្លងមកនេះ កម្ពុជា បានទទួលការជ្រោមជ្រែងច្រើនណាស់ពីសហគមន៍អន្តរជាតិ។ បើគិតត្រឹមតែពីក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅឆ្នាំ១៩៩១ មកទល់បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ បានជួយកម្ពុជា តាមគ្រប់រូបភាព។ កម្ពុជា លែងចាប់ផ្ដើមពីបាតដៃទទេ ឬពីលេខសូន្យទៀតហើយ។
ជាងម្ភៃឆ្នាំហើយដែលក្រុមប្រទេសអ្នកផ្តល់ជំនួយដល់កម្ពុជា បានជួយថវិកាជាទៀងទាត់។ ក្នុងមួយឆ្នាំៗជាង ៥០០លានដុល្លារ។ ឆ្នាំខ្លះរហូតដល់ជាង ១ពាន់លានដុល្លាសហរដ្ឋអាមេរិក ឯណោះ។ ប្រាក់ជំនួយបរទេសទាំងនេះ គឺសម្រាប់ជួយផ្តល់សេវាសំខាន់ៗមួយចំនួននៅកម្ពុជា រួមមាន សេវាសុខាភិបាល សេវាអប់រំ ដូចជាសង់សាលារៀន កសាងកម្មវិធីសិក្សាអោយមានគុណភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធ មានដូចជា សាងសង់ផ្លូវ ស្ពាន និងការអភិវឌ្ឍជនបទជាដើម។ នេះមិនទាំងទាន់គិតពីលុយដែលបានមកពីការកាប់ព្រៃឈើ និងការលក់សម្បត្តិធម្មជាតិដទៃទៀត និងលុយខ្ចីបរទេស ថាយកមកកសាងជាតិ និងមកសង់ការិយាល័យដ៏ធំស្កឹមស្កៃរបស់ខ្លួនរាប់ពាន់លានដុល្លារ ទៀតផង។ មិនដឹងថាខ្មែរត្រូវសងគេប៉ុន្មានតំណមនុស្សទេ ទើបរួចខ្លួននោះ។
បើនិយាយពីការដឹងគុណវិញ តាមស្ថានភាពជាក់ស្តែងនៅកម្ពុជា រាស្ត្រប្រហែលជាមានគុណទៅលើអ្នកដឹកនាំ ឬមន្ត្រីធំៗជាងអ្នកដឹកនាំមានគុណទៅលើរាស្ត្រ។ បើទុកជាមេដឹកនាំខ្មែរទៅសុំលុយគេ ក៏យកមុខប្រជាពលរដ្ឋដែលក្រីក្រខ្វះខាតទៅជាសំអាងដែរ។ គឺដោយសារប្រជាពលរដ្ឋកម្ពុជា នេះហើយ ដែលសហគមន៍អន្តរជាតិគេអាណិត គេសុខចិត្តផ្តាច់ពីមាត់ពីក យកមកជួយដល់ប្រជាពលរដ្ឋខ្មែរ។ មិនមែនគេយកមកអោយលោកអ្នកកាន់ការទៅចាយវាយបម្រើជីវិតដ៏ហ៊ឺហា សង់វីឡាបួនប្រាំនោះទេ។ អ្នកខ្លះមានផ្ទះនៅក្នុងក្រុងសឹងប៉ុនសណ្ឋាគារហើយ នៅមិនឆ្អែតទេ ទៅសង់ប្រាសាទនៅក្រៅក្រុងថែមទៀត។
ក្រៅពីមានគុណលើអ្នកដឹកនាំ ប្រជារាស្ត្រខ្មែរហាក់ដូចជាអត់ធ្មត់ និងមានការសន្តោសប្រណីច្រើនណាស់ទៅលើក្រុមអ្នកដឹកនាំទាំងនោះ។ ដើរសួរមើលចុះ លើកលែងតែអ្នកដែលបានផលប្រយោជន៍ពីអំពើទាំងនោះចេញ អ្នកណាក៏ដឹងច្បាស់ថា មេដឹកនាំលក់សម្បត្តិធម្មជាតិ មេដឹកនាំលួចលុយជំនួយបរទេសដែរ។ គឺដឹងតាំងពីមុនអង្គការឃ្លាំមើលពិភពលោក គ្លូបាល់ វីតណេស (Global Witness) ចេញរបាយការណ៍ស្តីអំពីសែស្រឡាយអ្នកលួចជាតិ និងមុនការបែកការរឿងលួចលុយ គ្លូបាល់ ហ្វាន់ (Global Fund) នៅក្រសួងសុខាភិបាល ទៅទៀត ត្បិតពួកគាត់មើលឃើញការលួចកិបកេងទាំងនោះស្រស់ៗផ្ទាល់នឹងភ្នែក តាមការធ្វើការជាមួយគ្នា ឬមើលឃើញការកាប់បំផ្លាញធនធានធម្មជាតិទាំងនោះយ៉ាងអានាធិបតេយ្យនៅ តាមសហគមន៍ដែលពួកគាត់រស់នៅ។ ជាពិសេសទៅទៀត ពួកគាត់ដឹងដោយសារពួកគាត់ពិសារបាយនឹងចាន មិនមែននឹងត្រឡោកដូចគេធ្លាប់គិតនោះទេ។ លទ្ធផលសន្លឹកឆ្នោតនាពេលថ្មីៗនេះ ជាតឹកតាងស្រាប់។
នៅមានរឿងដទៃទៀតដែលអ្នកដឹកនាំ និងមន្ត្រីរដ្ឋាភិបាល តែងតែទាមទារអោយប្រជាពលរដ្ឋដឹងគុណជាញឹកញយណាស់ដែរ។ នោះ គឺការដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិខ្លះៗ ក្រោមការត្រួតពិនិត្យ និងឃ្លាំមើលយ៉ាងតឹងរ៉ឹង ដូចជាសិទ្ធិក្នុងការទទួល និងផ្សាយព័ត៌មានឯករាជ្យ សិទ្ធិក្នុងការបញ្ចេញមតិតាមការធ្វើបាតុកម្មជាដើម។ តាមពិត សិទ្ធិទទួល និងផ្សព្វផ្សាយព័ត៌មានដោយមិនមានការរារាំង ជាសិទ្ធិជាមូលដ្ឋានដែលមានចែងក្នុងសេចក្តីប្រកាសជាសកល អំពីសិទ្ធិមនុស្ស ហើយដែលកម្ពុជា ព្រមទទួលយក ថាជាច្បាប់របស់ជាតិ។ បើគ្រាន់តែផ្តល់នូវសិទ្ធិមូលដ្ឋានអោយប្រជាពលរដ្ឋ មិនទាំងទាន់បានផង តើនៅចង់ទារគុណស្រ័យអីទៀត?
មេដឹកនាំបែបនេះ នៅប្រទេសខ្លះគេប្រាកដជាបោះឆ្នោតបណ្ដេញចេញពីតំណែងបាត់តាំងពី យូរយារណាស់ទៅហើយ។ ក៏ប៉ុន្តែ និយាយតាមពិតទៅ ប្រជាពលរដ្ឋខ្មែរនាំគ្នាបោះឆ្នោតទម្លាក់មេដឹកនាំបច្ចុប្បន្ននេះ តាំងពី ២០ឆ្នាំមុនឯណោះ គឺតាំងពីការបោះឆ្នោតក្រោមការគ្រប់គ្រងរបស់អ៊ុនតាក់ (UNTAC) នៅឆ្នាំ១៩៩៣ នោះម៉្លេះ។ ក៏ប៉ុន្តែ គឺយុទ្ធសាស្ត្រក្រាញននៀលមិនព្រមចុះចេញពីតំណែងតាមគ្រប់វិធី ដោយមិនគោរពឆន្ទៈរបស់រាស្ត្រ រួមនិងការអត់ធ្មត់យោគយល់របស់រាស្ត្រខ្មែរទេ ដែលរដ្ឋាភិបាលមុខដដែលៗនេះអាចមានវត្តមានដល់សព្វថ្ងៃបាន។ ដូចនេះ តើនរណាគួរដឹងគុណនរណា?
បើសង្កេតអោយដិតដល់ទៅ ប្រជាពលរដ្ឋខ្មែរមានតម្រូវការតិចតួចណាស់ក្នុងជីវិត។ គាត់គ្មានចិត្តលោភលន់ ហើយក៏ឆាប់អនុគ្រោះណាស់ដែរ។ ពួកគាត់មិនចាំបាច់មានវីឡាបួនប្រាំ ឬដីរាប់រយហិកតារដូចមេដឹកនាំទេ។ អោយតែមានដំបូលជ្រក មានសិទ្ធិសេរីភាពជាមូលដ្ឋាន មានសុខសន្តិភាពក្នុងប្រទេស ដើម្បីអោយយុវជនជាកូនចៅអាចរៀនសូត្រ មានការងារធ្វើល្មមៗ អ្នកស្រុកអាចរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតបានជាមធ្យម គាត់មិនជាទាមទារអ្វីធំដុំជាងនេះទៀតទេ។ នរណាក៏ដោយ អោយតែអាចធានាបានប៉ុណ្ណេះ ទុកជាមិនទៅចែកសារុងពុម្ពអោយគាត់មួយ ឬអោយប៊ីចេងមួយកញ្ចប់ក្នុងប្រាំឆ្នាំម្តង ក៏ពួកគាត់អាចនឹងបោះឆ្នោតអោយដែរ។
បើចង់ប្រៀបធៀបវិញ ចង់ដឹងថា តើកម្ពុជា មានការរីកចម្រើនបែបណានោះ គួរប្រៀបធៀបកម្ពុជា ទៅនឹងប្រទេសជិតខាងក្នុងតំបន់។ មិនចាំបាច់ទៅធៀបជាមួយនឹងប្រទេសខ្លាំងៗក៏បានដែរ កុំអោយវាដូចជាអន់ជាងគេពេក។ មើលប្រទេសភូមា ឬមីយ៉ាន់ម៉ា ដែលធ្លាប់តែនៅក្រោមការកាន់អំណាចផ្តាច់ការរបស់ពួកយោធាអស់រយៈ ជាងកន្លះសតវត្ស ហើយទើបនឹងងាកមកដើរតាមគន្លងប្រជាធិបតេយ្យពីរឆ្នាំមុននេះសោះ ឥឡូវក៏ស្រាប់តែគេប្រគល់សិទ្ធិ និងផ្តល់ឱកាសអោយប្រជាជនគេយ៉ាងទូលំទូលាយ។ ផ្នែកខ្លះ ដើរលឿនជាងប្រទេសកម្ពុជា ក្នុងរយៈពេលមួយដ៏ខ្លី។
ស្ថាប័នអាស៊ីសេរី ផ្នែកភាសាភូមា ជាឧទាហរណ៍ ត្រូវបានរដ្ឋាភិបាលភូមា អនុញ្ញាតអោយផ្សាយទូរទស្សន៍ដោយផ្ទាល់ពីរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់ប្រទេសនេះ។ នៅកម្ពុជា វិញ តាំងពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស ត្រួសត្រាយផ្លូវអោយដើរតាមគន្លងប្រជាធិបតេយ្យជាង ២០ឆ្នាំមកនេះនៅតែក្រ ស្ទើរតែរកតែហ្រ្វេកង់អោយវិទ្យុ ឬទូរទស្សន៍ឯករាជ្យមួយមិនបានផង។
ពីដំបូង អ្នកតាមដាននយោបាយនៅភូមា និងសហគមន៍អន្តរជាតិ នៅមានការស្រពេចស្រពិលខ្លាចការផ្លាស់ប្ដូរនៅភូមា ដើរតាមគំរូកម្ពុជា។ នេះ គឺមានន័យថា គេខ្លាចក្រែងភូមា គ្រាន់តែដោះអាវផ្តាច់ការចេញ រួចយកអាវប្រជាធិបតេយ្យមកគ្របលើដងខ្លួនជនផ្តាច់ការដដែល ក្នុងគោលបំណងស្វែងរកការទទួលស្គាល់ និងបានទទួលជំនួយពីសហគមន៍អន្តរជាតិ ដូចមេដឹកនាំនៅកម្ពុជា ដែរ។ ក៏ប៉ុន្តែ ភូមា បានធ្វើអោយការមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិ សាបរលាបបន្តិចម្តងៗ។ ថ្វីត្បិតតែភូមា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ ដូចជាបញ្ហាជម្លោះសាសនាជាដើម ក៏ភូមា បានបោះជំហានទៅមុខយ៉ាងលឿន បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការកាន់អំណាចផ្តាច់ការរបស់ពួកយោធា នៅឆ្នាំ២០១១។
នៅចុងឆ្នាំ២០១៣ នេះ ភូមា បានប្រកាសដោះលែងអ្នកទោសនយោបាយទាំងអស់។ ក្នុងការប្រឆាំងនឹងអំពើពុករលួយវិញ ក៏ភូមា បានកែលំអជាងនៅកម្ពុជា។ បើពិនិត្យមើលការស្រាវជ្រាវរបស់អង្គការតម្លាភាពអន្តរជាតិ កាលពីឆ្នាំ២០១២ ភូមា ជាប់ចំណាត់ថ្នាក់លេខ១៧២ ក្នុងចំណោមប្រទេសដែលអង្គការនេះស្រាវជ្រាវទាំង ១៧៤ប្រទេស។ កាលពីឆ្នាំ២០១២ នោះ ភូមា សឹងតែជាប្រទេសដែលមានអំពើពុករលួយជាងគេលើពិភពលោក។ គឺពុករលួយជាងកម្ពុជា ដែលទទួលចំណាត់ថ្នាក់លេខ១៥៧ ទៅទៀត។ មួយឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ២០១៣ ស្រាប់តែកម្ពុជា ដណ្ដើមបានតំណែងជាប្រទេសពុករលួយជាងភូមា ដោយធ្លាក់ដល់លេខ១៦០ ទៅវិញ។ ភូមា ក៏ទៅជាគ្រាន់បើជាងកម្ពុជា ដោយបានឡើងបានចំណាត់ថ្នាក់លេខ១៥៧ វិញ។
ដូច្នេះ ការដែលរដ្ឋាភិបាលកម្ពុជា ចេះតែយកសន្ទុះនៃការរីកចម្រើននៅកម្ពុជា ទៅប្រៀបធៀបនឹងលេខសូន្យនៃរបបខ្មែរក្រហមនោះ ប្រហែលអាចជាការប៉ុនប៉ងបង្វែរចំណាប់អារម្មណ៍ កុំអោយប្រជាពលរដ្ឋអាក់អន់ចិត្តពេក និងមើលឃើញការរីកចម្រើននៃប្រទេសដទៃទៀត ឬអាចគ្រាន់តែជាការរំលេចអោយឃើញនូវគុណរបស់ខ្លួនដែលខំក្រាញ កាន់អំណាចដល់ពេលនេះ។
នៅក្នុងយុគសម័យកុំព្យូទ័រទៅហើយ ទោះជាមានការរារាំង និងការខិតខំបង្វែរសាច់រឿងយ៉ាងណាក្តី ប្រជាពលរដ្ឋនៅតែអាចមានលទ្ធភាពស្វែងរកព័ត៌មានពិតបានជានិច្ច។ ក្នុងបរិបទនេះ របររកស៊ីលក់ថ្នាំស្រែងរបស់គីង្គក់នោះ អាចលែងកាក់កបទៀតហើយ។ ត្បិតបើស្រែកពពាយនាយតាមវិទ្យុទូរទស្សន៍របស់ខ្លួន គេនាំគ្នាបិទចោល។ ហើយបើប្រើកូនក្អុកកូនក្អាត់ អោយជួយពពាយនាយលក់តាមបណ្ដាញទំនាក់ទំនងសង្គម ដែលគេអាចមានប្រតិកម្មតបវិញ គេមិនត្រឹមតែមិនទិញទេ គេនាំគ្នាជេរប្រទេចដាក់បណ្ដាសាថែមទៀតផង។ ដូច្នេះ អាចល្មមដល់ពេលដែលគីង្គក់ដឹងខ្លួនថា ការខំស្រែកពពាយនាយលក់ថ្នាំស្រែងរបស់ខ្លួន លែងមានប្រសិទ្ធភាពតទៅទៀតហើយ៕ Labels: ព័ត៌មានជាតិ