តាំងពីមានការបង្កើនម៉ោងផ្សាយចំនួន ១៣ម៉ោងមក វិទ្យុ RFI ជាខេមរភាសា បានទទួលការស្វាគមន៍ និងទាក់ទាញអ្នកតាមដានស្តាប់កើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ទាំងផ្នែកអ្នកស្តាប់តាមរលកធាតុអាកាសវិទ្យុ និងទាំងតាមប្រព័ន្ធអ៊ីនធ័រណែត។ នេះយោងតាមសេចក្តីប្រកាស
ព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ ពីទីក្រុងប៉ារីស។វិទ្យុបារាំងអន្តរជាតិ ផ្សាយជាខេមរភាសា នៅក្នុងក្រុងចំនួន៥ ប្រមូលអ្នកស្តាប់តាមរលកធាតុអាកាស បាន៩ដងច្រើនជាងការអង្កេតកាលពីឆ្នាំ២០១១។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យុបារាំងអន្តរជាតិ។
ការសិក្សា ដែលត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន TNS Sofres ប្រចាំប្រទេសកម្ពុជា កាលពីខែធ្នូឆ្នាំ២០១៣កន្លងទៅនេះ បង្ហាញថា បច្ចុប្បន្ននេះ វិទ្យុបារាំងអន្តរជាតិជាខេមរភាសា មានអ្នកស្តាប់ជិត ១លាននាក់ នៅតាមខេត្តក្រុងទាំង ៥ ក្នុងប្រទេសកម្ពុជា
លទ្ធផលនៃការសិក្សាបានបង្ហាញទៀតថា នៅតាមបណ្តាខេត្តក្រុងទាំង ៥នេះ មានបណ្តាជនខ្មែរជាងពាក់កណ្តាល (៥២%) បានស្គាល់វិទ្យុបារាំងអន្តរជាតិ (១៤% កាលពីឆ្នាំ២០១១)។
អត្រាអ្នកស្តាប់និងតាមដានព័ត៌មាន តាមវិបសែត៍ Khme.rfi.fr វិញ បានកើនឡើងដល់ទៅ ១៤៨% ដោយមានអ្នកចូលអានជាមធ្យមជិត៧សែននាក់ ក្នុងមួយខែៗ។ លើសពីនេះទៅទៀត វិទ្យុបារាំងបានស្គាល់កំណើនស្ទុះឡើងខ្លាំង ក្នុងប្រព័ន្ធសង្គម Facebook (៤០០%) ពោលគឺ នៅពេលនេះ ទំពូរ RFI ខេមរភាសា មានអ្នកគាំទ្រចំនួនជាង ១៨៧ ០០០នាក់៕
សូមបញ្ជាក់ថា វិទ្យុបារាំងអន្តរជាតិ (Radio France Internationale) ដែលមានផ្សាយជា១៣ភាសា ២៤ម៉ោងលើ២៤ម៉ោង បានបង្កើនម៉ោងផ្សាយជាខេមរភាសា ចំនួន១៣ម៉ោងក្នុងថ្ងៃ តាំងពីខែមិថុនា ឆ្នាំ២០១៣មក៕
Labels: ព័ត៌មានអន្តរជាតិ