ការដំឡើងឋានន្តរស័ក្តិគាប់ជួនពេលដែលកម្ពុជា កំពុងជួបប្រទះវិបត្តិនយោបាយនេះ ធ្វើឲ្យសង្គមស៊ីវិលមួយចំនួនរិះគន់ថា ជាទង្វើដើម្បីលើកទឹកចិត្តយោធា និងប៉ូលិស ដែលភាគច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយមិនខ្វល់ខ្វាយពីជោគវាសនាអនាគតរបស់ពលរដ្ឋខ្មែរ។
នាយកផ្នែកអ្នកតស៊ូមតិតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ចន សីសហ្វតុន (John Sifton) មានប្រសាសន៍ថា យោធាកម្ពុជា មានបញ្ហាចម្រូងចម្រាសជាច្រើនដែលមិនទាន់អាចដោះស្រាយរួច ដូចជា បញ្ហារំលោភសិទ្ធិមនុស្ស និងអំពើនិទ្ទណ្ឌភាព។ លោកបញ្ជាក់ថា តាមការស្រាវជ្រាវរបស់លោក កម្ពុជា មានចំនួនឧត្តមសេនីយ៍ច្រើនជាងប្រទេសមួយចំនួន ដែលយោធាច្រើនជាងកម្ពុជា រហូតទៅដល់ ៥ដង។
លោក ចន សីសហ្វតុន៖ «យោធាកម្ពុជា មានបញ្ហាច្រើនណាស់ ជាឧទាហរណ៍ អំពើពុករលួយ និងការប្រើប្រាស់ការបង្ក្រាបដោយហិង្សាលើសលប់។ មានបញ្ហាជាច្រើនណាស់ដែលត្រូវតែដោះស្រាយ។ ប្រសិនបើមានការដំឡើងតំណែង គួរតែត្រូវដំឡើងតំណែងឲ្យយោធាណាដែលអាចដោះស្រាយបញ្ហាទាំងនោះ។ ខ្ញុំដឹងថា កេរ្តិ៍ឈ្មោះយោធាកម្ពុជា ល្បីខាងការរំលោភសិទ្ធិមនុស្ស។ គ្មានមន្ត្រីយោធាត្រូវបានកាត់ទោសពីការរំលោភសិទ្ធិមនុស្ស ដូច្នោះការដំឡើងតំណែងទាំងឡាយណានៅពេលនេះ គ្រាន់តែសារមួយថា គណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ដំឡើងតំណែងឲ្យមន្ត្រីរបស់ខ្លួនតែប៉ុណ្ណោះ ហើយមិនខ្វល់នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានសុវត្ថិភាព និងចម្រើនរុងរឿងឡើយ»។
លោក ចន សីសហ្វតុន បន្តថា លោកស្ដាយណាស់ដែលយោធាជាន់ខ្ពស់របស់កម្ពុជា សុទ្ធតែឋិតនៅក្នុងជួរគណបក្សកាន់អំណាច។ លោកថា យោធាដែលមាននិន្នាការនយោបាយនេះ មិនមែនយោធាក្នុងប្រទេសមានលទ្ធិប្រជាធិបតេយ្យទំនើបឡើយ។ លិខិតស្នើសុំដំឡើងឋានន្តរស័ក្តិរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ឲ្យយោធា ១៩នាក់ បង្ហាញថា យោធាដែលត្រូវបានដំឡើងតំណែងនោះ មួយចំនួនជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ យោធាដែលត្រូវបានទទួលឋានន្តរស័ក្តិថ្មី រួមមាន លោក គៀង សាវុធ ឯល វ៉ាន់សារ៉ាត ខ្វាន់ ស៊ាម ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ ចំណែកអគ្គមេបញ្ជាការយោធា លោក ប៉ុល សារឿន ក៏ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែរ។ រដ្ឋាភិបាលកម្ពុជា ក៏បានដំឡើងមន្ត្រីជាន់ខ្ពស់ប៉ូលិសចំនួន ៦រូប ស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា ពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍។
មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក លោក ចន សីសហ្វតុន បន្តថា យោធាដែលត្រូវដំឡើងតំណែងគួរជាយោធាណាដែលបានដោះស្រាយវិបត្តិយោធាកម្ពុជា។ លោកបន្តថា ការបង្កើតតួនាទីឧត្តមសេនីយ៍ច្រើនហួសហេតុ ដែលមិនសមាមាត្រទៅនឹងចំនួនទាហាននោះ វាជាការគួរឲ្យអស់សំណើចទៅវិញទេ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា យោធា និងប៉ូលិស ដែលទទួលបានការដំឡើងតំណែងថ្មីនោះ មិនមែនជាការលើកទឹកចិត្តពីការបង្ក្រាបហិង្សាឡើយ ប៉ុន្តែផ្តល់ការលើកទឹកចិត្តចំពោះការងារល្អកន្លងមក។
«សំឡេង»
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សមួយចំនួន ក៏បានសំដែងក្តីសង្ស័យចំពោះការផ្តល់តំណែងជាន់ខ្ពស់ផ្នែកយោធា ទៅឲ្យកូនៗប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីឆ្នាំ២០១២ ក្រសួងការពារជាតិ បានតែងតាំង លោក ហ៊ុន មានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអនុប្រធាននាយកដ្ឋានចារកិច្ច នៃក្រសួងការពារជាតិកម្ពុជា និងដំឡើងឋានន្តរស័ក្ដិពីស័ក្ដិបួនកន្លះ ទៅស័ក្ដិប្រាំ។ ការតែងតាំង លោក ហ៊ុន មានិត ជាការតែងតាំងកូនប្រុស លោក ហ៊ុន សែន លើកទី២ ឲ្យមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងកងទ័ព។ កាលពីឆ្នាំ២០១១ ក្រសួងការពារជាតិ បានតែងតាំង លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ឲ្យក្លាយជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើតួនាទីជាប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្ស លោក ហ៊ុន សែន។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកមិនរិះគន់ ឬក៏សរសើរចំពោះការដំឡើងតំណែងនេះទេ ប៉ុន្តែលោកអះអាងថា ពលរដ្ឋខ្មែរពិតជាអាចស្វែងយល់ពីការពិតដោយខ្លួនឯង។
«សំឡេង»
ទោះបីជាមន្ត្រីរដ្ឋាភិបាលថ្លែងការពារការដំឡើងតំណែងនេះក៏ដោយ ក៏គេមើលឃើញថា យោធាបានធ្វើសកម្មភាពការពាររដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាច្រើនមុនទទួលបានតំណែងទាំងនោះ។ ក្រសួងការពារជាតិ កាលពីខែមករា ឆ្នាំ២០១៤ បានប្ដេជ្ញាការពារលទ្ធផលបោះឆ្នោត និងជាពិសេសគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៥នេះ៕ Labels: ព័ត៌មានជាតិ