ម៉េណា គីអេ បានមានប្រសាសន៍ថា លោកព្រួយបារម្ភចំពោះការហាមប្រាមរបស់រដ្ឋាភិបាល ដែលមិនឲ្យប្រជាពលរដ្ឋធ្វើការប្រមូលផ្តុំ។ លោកថា បម្រាមនេះវាមិនឆ្លើយតបទៅនឹងច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិមនុស្សនោះទេ។
លោកបន្តថា នៅពេលដែលមានអំពើហិង្សាកើតឡើងក្នុងពេលបាតុកម្ម ឬការតវ៉ាណាមួយនោះ មធ្យោបាយដែលល្អ គឺគួរតាមចាប់ជនដែលបង្កហិង្សាក្នុងចំណោមអ្នកដែលចូលរួមនោះ ដើម្បីយកមកកាត់ទោស មិនមែនធ្វើការហាមប្រាមទូទៅទាំងអស់នោះទេ៖ «ការតវ៉ា ការប្រមូលផ្តុំ ឬការធ្វើបាតុកម្មណាមួយ មិនអាចត្រូវបានចាត់ទុកថាជាបាតុកម្មហិង្សាដោយសារមានមនុស្សមួយចំនួនតូចក្នុងបាតុកម្មនោះ បង្កអំពើហិង្សានោះទេ ហើយការហាមប្រាមរបស់រដ្ឋាភិបាល ក៏មិនមែនជាមធ្យោបាយនោះដែរ។ ដូច្នេះ ខ្ញុំបានសម្ដែងការបារម្ភចំពោះបម្រាមនេះ»។
លោក គីអេ មានប្រសាសន៍បន្តថា មន្ត្រីរដ្ឋាភិបាលប្រាប់លោកថា បម្រាមនេះគ្រាន់តែជាបម្រាមបណ្ដោះអាសន្នប៉ុណ្ណោះ ហើយរដ្ឋាភិបាលនឹងលើកបម្រាមនេះចេញវិញ តែលោកថា មន្ត្រីទាំងនោះមិនបានបញ្ជាក់ថា នឹងត្រូវលើកចេញនៅពេលណានោះទេ។ តែទោះជាយ៉ាងណាក៏ដោយ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងលើកបម្រាមនេះចេញវិញ។
អ្នករាយការណ៍ពិសេសជនជាតិកេនយ៉ា (Kenya) រូបនេះ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ កុម្ភៈ។ ដំណើរទស្សនកិច្ចរបស់លោកពេលនេះ មិនមែនជាដំណើរទស្សនកិច្ចផ្លូវការនោះទេ វាគ្រាន់តែជាទស្សនកិច្ចសិក្សាប៉ុណ្ណោះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក គីអេ ក៏ត្រូវបានតំណាងអង្គការក្រៅរដ្ឋាភិបាល មន្ត្រីសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួនទៀត អញ្ជើញឲ្យចូលជួប ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់អំពីបញ្ហាមួយចំនួន ទាក់ទងនឹងសេរីភាពក្នុងការប្រមូលផ្តុំនៅកម្ពុជា។ លោកបានថ្លែងអំណរគុណចំពោះអង្គការសង្គមស៊ីវិលទាំងអស់នេះ ព្រោះលោកថា ជំនួបជាមួយសង្គមស៊ីវិល គឺមានសារប្រយោជន៍ខ្លាំងណាស់សម្រាប់លោក ក្នុងនាមជាអ្នករាយការណ៍ពិសេស។ ក្រៅពីនេះ លោក គីអេ ក៏បានជួបជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងផងដែរ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី៦ កុម្ភៈ ថា នៅក្នុងជំនួបជាមួយ លោក ម៉េណា គីអេ នោះ លោកបានលើកឡើងពីការបង្ក្រាបរបស់កម្លាំងរដ្ឋាភិបាលលើប្រជាពលរដ្ឋ លើក្រុមសហជីព និងលើអ្នកគាំទ្រគណបក្សនយោបាយ។ លោក កឹម សុខា ក៏បានស្នើឲ្យអ្នករាយការណ៍ពិសេសរូបនេះ ជួយប្រមែប្រមូលសហគមន៍អន្តរជាតិ ឲ្យស្រុះស្រួលគ្នាដាក់សម្ពាធលើរដ្ឋាភិបាល ដើម្បីធ្វើឲ្យកម្ពុជា មានបរិយាកាសសេរីឡើងវិញ៖ «គាត់មកស្វែងយល់ពីបញ្ហានៅស្រុកខ្មែរ ជាពិសេសជុំវិញសេរីភាពការជួបប្រជុំ ការសម្ដែងមតិ ហើយគាត់ថាគាត់ចាប់អារម្មណ៍ខ្លាំងពីសេរីភាពខាងនយោបាយហ្នឹង»។
នៅក្នុងជំនួបជាមួយមន្ត្រីក្រសួងការបរទេស លោក ម៉េណា គីអេ ក៏បានស្នើសុំរដ្ឋាភិបាលកម្ពុជា អញ្ជើញលោកឲ្យមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីឲ្យលោកអាចមានឱកាសបានជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងភាគីរដ្ឋាភិបាល ទាំងក្រុមការងារអង្គការសង្គមស៊ីវិល និងជនរងគ្រោះ ដើម្បីស្តាប់ពីការលើកឡើងរបស់ពួកគេរៀងៗខ្លួន ហើយស្វែងរកដំណោះស្រាយ។
លោក គីអេ បានឲ្យដឹងថា លោកនឹងដាក់របាយការណ៍គោលអំពីសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធីនៅទូទាំងពិភពលោក ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែមិថុនា ខាងមុខ។ លោកថា លោកប្រហែលជាបញ្ចូលបញ្ហាខ្លះៗដែលកំពុងកើតមាននៅកម្ពុជា ក្នុងរបាយការណ៍គោលនោះដែរ៕