អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា



ម៉េណា គីអេ (Maina Kiai) ៦១០
អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី លោក ម៉េណា គីអេ (Maina Kiai) បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា។ ការ​ព្រួយ​បារម្ភ​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​តាម​ទី​សាធារណៈ និង​បន្ទាប់​ពី​មាន​ការ​វាយ​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ លោក
ម៉េណា គីអេ បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​ចំពោះ​ការ​ហាម​ប្រាម​របស់​រដ្ឋាភិបាល ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ការ​ប្រមូល​ផ្តុំ។ លោក​ថា បម្រាម​នេះ​វា​មិន​ឆ្លើយ​តប​ទៅ​នឹង​ច្បាប់​អន្តរជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នោះ​ទេ។

លោក​បន្ត​ថា នៅ​ពេល​ដែល​មាន​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​ពេល​បាតុកម្ម ឬ​ការ​តវ៉ា​ណា​មួយ​នោះ មធ្យោបាយ​ដែល​ល្អ គឺ​គួរ​តាម​ចាប់​ជន​ដែល​បង្ក​ហិង្សា​ក្នុង​ចំណោម​អ្នក​ដែល​ចូល​រួម​នោះ ដើម្បី​យក​មក​កាត់​ទោស មិន​មែន​ធ្វើ​ការ​ហាម​ប្រាម​ទូទៅ​ទាំងអស់​នោះ​ទេ៖ «ការ​តវ៉ា ការ​ប្រមូល​ផ្តុំ ឬ​ការ​ធ្វើ​បាតុកម្ម​ណា​មួយ មិន​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បាតុកម្ម​ហិង្សា​ដោយសារ​មាន​មនុស្ស​មួយ​ចំនួន​តូច​ក្នុង​បាតុកម្ម​នោះ បង្ក​អំពើ​ហិង្សា​នោះ​ទេ ហើយ​ការ​ហាម​ប្រាម​របស់​រដ្ឋាភិបាល ក៏​មិន​មែន​ជា​មធ្យោបាយ​នោះ​ដែរ។ ដូច្នេះ ខ្ញុំ​បាន​សម្ដែង​ការ​បារម្ភ​ចំពោះ​បម្រាម​នេះ»។

លោក គីអេ មាន​ប្រសាសន៍​បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​ប្រាប់​លោក​ថា បម្រាម​នេះ​គ្រាន់​តែ​ជា​បម្រាម​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​នឹង​លើក​បម្រាម​នេះ​ចេញ​វិញ តែ​លោក​ថា មន្ត្រី​ទាំង​នោះ​មិន​បាន​បញ្ជាក់​ថា នឹង​ត្រូវ​លើក​ចេញ​នៅ​ពេល​ណា​នោះ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​លើក​បម្រាម​នេះ​ចេញ​វិញ។

អ្នក​រាយការណ៍​ពិសេស​ជនជាតិ​កេនយ៉ា (Kenya) រូប​នេះ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ កុម្ភៈ។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ពេល​នេះ មិន​មែន​ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នោះ​ទេ វា​គ្រាន់​តែ​ជា​ទស្សនកិច្ច​សិក្សា​ប៉ុណ្ណោះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក គីអេ ក៏​ត្រូវ​បាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត អញ្ជើញ​ឲ្យ​ចូល​ជួប ដើម្បី​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​អំពី​បញ្ហា​មួយ​ចំនួន ទាក់ទង​នឹង​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​កម្ពុជា។ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់​នេះ ព្រោះ​លោក​ថា ជំនួប​ជាមួយ​សង្គម​ស៊ីវិល គឺ​មាន​សារប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​លោក ក្នុង​នាម​ជា​អ្នក​រាយការណ៍​ពិសេស។ ក្រៅ​ពី​នេះ លោក គីអេ ក៏​បាន​ជួប​ជាមួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​ផង​ដែរ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ថា នៅ​ក្នុង​ជំនួប​ជាមួយ លោក ម៉េណា គីអេ នោះ លោក​បាន​លើក​ឡើង​ពី​ការ​បង្ក្រាប​របស់​កម្លាំង​រដ្ឋាភិបាល​លើ​ប្រជាពលរដ្ឋ លើ​ក្រុម​សហជីព និង​លើ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ។ លោក កឹម សុខា ក៏​បាន​ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ជួយ​ប្រមែប្រមូល​សហគមន៍​អន្តរជាតិ ឲ្យ​ស្រុះស្រួល​គ្នា​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា មាន​បរិយាកាស​សេរី​ឡើង​វិញ៖ «គាត់​មក​ស្វែង​យល់​ពី​បញ្ហា​នៅ​ស្រុក​ខ្មែរ ជាពិសេស​ជុំវិញ​សេរីភាព​ការ​ជួប​ប្រជុំ ការ​សម្ដែង​មតិ ហើយ​គាត់​ថា​គាត់​ចាប់​អារម្មណ៍​ខ្លាំង​ពី​សេរីភាព​ខាង​នយោបាយ​ហ្នឹង»។

នៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ការ​បរទេស លោក ម៉េណា គីអេ ក៏​បាន​ស្នើសុំ​រដ្ឋាភិបាល​កម្ពុជា អញ្ជើញ​លោក​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា ដើម្បី​ឲ្យ​លោក​អាច​មាន​ឱកាស​បាន​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ភាគី​រដ្ឋាភិបាល ទាំង​ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល និង​ជន​រងគ្រោះ ដើម្បី​ស្តាប់​ពី​ការ​លើក​ឡើង​របស់​ពួក​គេ​រៀងៗ​ខ្លួន ហើយ​ស្វែង​រក​ដំណោះស្រាយ។

លោក គីអេ បាន​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​របាយការណ៍​គោល​អំពី​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​នៅ​ទូទាំង​ពិភពលោក ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ខែ​មិថុនា ខាង​មុខ។ លោក​ថា លោក​ប្រហែល​ជា​បញ្ចូល​បញ្ហា​ខ្លះៗ​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា ក្នុង​របាយការណ៍​គោល​នោះ​ដែរ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors