Pages

Saturday, February 1, 2014

មន្ត្រី​បក្ស​ប្រឆាំង​គ្រោង​ទៅ​​ត្រពាំង​ផ្លុង ទោះបី​មិន​អាច​ជួប​អ្នក​ជាប់​ឃុំ​ទាំង២៣រូប​ដោយ​ផ្ទាល់

លោក វន ពៅ ប្រ​ធានសមាគមន៍​​អ្នក​ប្រកប​របរ​ក្រៅ​​ប្រព័ន្ធ។
ដោយ ឯម មាឃ
បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចុះ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​២៣នាក់ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ថ្ងៃ​អង្គារ ទី០៤ ខែ​កុម្ភៈ ឆ្នាំ២០១៤។ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា​នឹង​នាំ​យក​អំណោយ​ខ្លះ​ទៅ​ជាមួយ​សមាជិក​គ្រួសារ​ជន​ជាប់ចោទ ទោះបី​ជា​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចូល​ជួប​អ្នក​ទាំង​២៣នាក់​នោះ​
ដោយ​ផ្ទាល់​ក៏​ដោយ។ នេះ​ជា​បេសកម្ម​របស់​បក្ស​ប្រឆាំង ដែល​ប្រធាន​សហភាព​ការងារ​កម្ពុជា​មិន​ចូលរួម​ជាមួយ។បេក្ខជនតំណារាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនឹងទៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ដើម្បី«ចូលទៅសួរសុខទុក្ខពលរដ្ឋទាំង២៣នាក់ ដែលត្រូវបានចាប់ខ្លួន និងកំពុងជាប់ឃុំ» នៅទីនោះ។ សេក្តីប្រកាសព័ត៌មាន កាលពី​ម្សិលមិញ បានឱ្យដឹងទៀតថា​ក្រុមគ្រួសារ​ និង​សាច់​ញាតិ​របស់​ពលរដ្ឋ​ទាំង២៣នាក់​នឹង​រួមដំណើរ​ជាមួយ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង។

ប៉ុន្តែ នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ប្រាប់​ថា លោក​មិន​ទាន់​បាន​ទទួល​ការអនុញ្ញាត​ពី​ប្រធាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ឱ្យ​សមាជិក​គណបក្ស​ប្រឆាំង ចូលជួបលោក វ៉ន ពៅ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ចាន់ ពុទ្ធិស័ក្ត តំណាងសហគមន៍បឹងកក់ លោក ថេង សាវឿន ប្រធានបណ្តាញកសិករ និងបាតុករ២៣នាក់ទៀត ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន កាលពីថ្ងៃទី០២ និងថ្ងៃទី០៣ ខែមករានោះ នៅឡើយទេ។ លោក សុន ឆ័យ បានស្នើសុំចូលសួរសុខទុក្ខអ្នកជាប់ឃុំទាំងនេះ តាមរយៈលិខិតមួយច្បាប់ ចុះថ្ងៃទី២៨ ខែមករា ជូនសាលាដំបូងរាជធានីភ្នំពេញ។
កន្លងទៅ ពោលគឺនៅថ្ងៃសុក្រ ទី២៤ ខែមករា លោក គុយ ប៊ុនសន អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រៅពីគ្រួសារ និងមេធាវី អ្នក​ផ្សេង​មិន​អាច​ជួប​ពួកគេ​បាន​ឡើយ ពីព្រោះ​ករណី​របស់​អ្នកជាប់ឃុំ​ទាំងនេះ​កំពុង​ស្ថិត​ក្នុង​ការស៊ើប​អង្កេត​របស់​ស្ថាប័ន​តុលាការ។ 
បើ​តាម​លោក សុន ឆ័យ រហូតដល់ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនោះ ទោះបី​ជា​ប្រធាន​សាលា​ដំបូង​មិន​អនុញ្ញាត​ឱ្យ​ក្រុម​បេក្ខជន​តំណាង​រាស្ត្រ​ជាប់ឆ្នោត​ចូល​ជួប​អ្នក​ទាំង​២៣រូប​នោះ​ដោយ​ផ្ទាល់​ក៏​ដោយ ក៏លោកនៅតែដឹកនាំសមាជិកគណបក្សប្រឆាំងផ្សេងទៀតទៅទីនោះដែរ ដោយ​នាំយក​ទៅ​ជាមួយ​នូវ​គ្រឿង​ឧបភោគ​ និង​គ្រឿង​បរិភោគ ដែល​ជា​អំណោយ​សម្រាប់​ជន​ជាប់ចោទ​ទាំង​នោះ។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិក៏បានអំពាវនាវឱ្យសាធារណជន អង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានចូលរួមក្នុងដំណើរនោះផងដែរ។ ប៉ុន្តែ ចំពោះលោក អាត់ ធន់ ដែលជាប្រធានសហភាពការងារកម្ពុជា និងដែលធ្លាប់បានព្យាយាម ជាមួយ​មេដឹកនាំសហជីពកម្មករមួយចំនួន ដើម្បីចូលជួបលោក វ៉ន ពៅ និងអ្នកឯទៀត នៅថ្ងៃទី២៤ ខែមករា មិនបានសម្រេចនោះ បានឱ្យដឹងនៅថ្ងៃនេះថា លោក​នឹង​មិន​ចូលរួម​ក្នុង​ដំណើរ​របស់​សមាជិក​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃនោះទេ ព្រោះ«វាជារឿងរបស់គណបក្សប្រឆាំង»៕