នៅក្នុងប្រទេសថៃ ជួនចំពេលដែលបាតុកម្មរបស់ក្រុមអាវលឿងកំពុងបន្តមាន ក្រុមបាតុករអ្នកស្រែក៏បានផ្តើមក្បួនបាតុកម្មរបស់ខ្លួននៅក្នុងទីក្រុងបាងកកដែរ។ ខុសពីបំណងរបស់ពួកអាវលឿងដែលទាមទារឲ្យលោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់ចុះចេញពីតំណែង ក្រុមបាតុករអ្នកស្រែបាន
ទាមទារឲ្យលោកស្រីយីងឡាក់បង់លុយឧបត្ថម្ភធនដែលរដ្ឋាភិបាលបានសន្យានៅក្នុងកម្មវិធីទិញអង្ករពីអ្នកស្រែ។ អ្វីដែលគួរឲ្យកត់សម្គាល់ ពួកអាវលឿងបានឆ្លៀតយកកំហឹងរបស់អ្នកស្រែមកបញ្ចូលនៅក្នុងក្បួនបាតុកម្មរបស់ខ្លួន។តំាងពីប៉ុន្មានថ្ងៃមកហើយដែលក្រុមអ្នកស្រែមកពីទីជិតឆ្ងាយបាននំាគ្នាចូលមកបោះទីតំាងនៅក្នុងទីធ្លា និងកន្លែងចតរថយន្តរបស់ក្រសួងពាណិជ្ជកម្មក្នុងទីក្រុងបាងកក។ ពួកគេភាគច្រើនបានធ្វើដំណើរមកពីបណ្តាខេត្តនានាស្ថិតប៉ែកកណ្តាលប្រទេស និងបានប្តេជ្ញាចិត្តរួចជាស្រេចថា នឹងមិនចាកចេញពីទីនោះទេ ប្រសិនបើពួកគេមិនបានទទួលអ្វីដូចការទាមទារនោះទេ។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តចូលមកធ្វើការតវ៉ានៅពេលនេះ ក៏ដោយសារថាពួកមិនអាចរង់ចំាបន្តទៀតបានឡើយ។
គួរជម្រាបជូនថា គឺក្រុមអ្នកស្រែនេះហើយដែលបានលក់អង្កររបស់ខ្លួនទៅឲ្យរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់នៅក្នុងកម្មវិធីជួយគំាទ្រតម្លៃអង្ករ។ ជាថ្នូរត្រឡប់វិញ រដ្ឋាភិបាលនឹងជួយផ្តល់ប្រាក់ឧបត្ថម្ភធនសម្រាប់ជួយលើកទឹកចិត្តដល់ក្រុមអ្នកស្រែ។ តែបញ្ហានៅត្រង់ថា រហូតដល់ពេលនេះ ពួកអ្នកស្រែទំាងនោះនូវមិនទាន់ទទួលប្រាក់មួយសេនពីរដ្ឋាភិបាលទេ។ ក្រុមអ្នកស្រែបានសម្តែងការខកចិត្តយ៉ាងខ្លំាងចំពោះទង្វើរបស់លោកស្រីយីងឡាក់ដែលពួកគេបានបោះឆ្នោតឲ្យកាលពីជិត ៣ឆ្នំាមុន។
អ្វីជាការកត់សម្គាល់បន្ថែមនោះគឺថា កំហឹងរបស់ក្រុមអ្នកស្រែពេលនេះបានកើតមានឡើង ចំពេលដែលពួកអាវលឿងក៏កំពុងបន្តក្បួនបាតុកម្មរបស់ខ្លួនដើម្បីទាមទារឲ្យលោកស្រីយីងឡាក់ចុះចេញពីមុខតំណែង។ ខណៈនេះ និងដើម្បីអាចទាញយកចំណេញពីកំហឹងរបស់ក្រុមអ្នកស្រែ ពួកអាវលឿងបាននំាយកអាហារ និងទឹកទៅឲ្យក្រុមបាតុករអ្នកស្រែ។ សម្រាប់មេបាតុករអាវលឿងលោកស៊ូថេប ក្បួនបាតុកម្មរបស់ក្រុមអ្នកស្រែពេលនេះ គឺភស្តុតាងថ្មីមួយទៀតដែលបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីយីងឡាក់បានទទួលការវាយប្រហារពីមហាជនគ្រប់ស្រទាប់វណ្ណៈ។ តែសម្រាប់ក្រុមអ្នកស្រែវិញបានយល់ឃើញថា ខ្លួនកំពុងត្រូវបានអ្នកដទៃប្រើដើម្បីប្រយោជន៍នយោបាយ៕