មន្ត្រី​ការទូត​ជាន់​ខ្ពស់​អាមេរិក​ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ដោះស្រាយ​បញ្ហា​នយោបាយ



 មន្ត្រី​អាមេរិក ស្កុត ម៉ាកសែល ៦១០
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក ជំរុញ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នយោបាយ។ ឧបការី​រង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល (Scot Marciel) បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃ​ទី​៤ និង​ទី​៥ ខែ​កុម្ភៈ នេះ ដោយ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​
បរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង លោក កឹម សុខា។ន្ទាប់​ពី​ជំនួប​ជាមួយ​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល ទាំង​មន្ត្រី​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង សុទ្ធតែ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​វិល​រក​តុ​ចរចា។

ក្រោយ​ជំនួប​រវាង លោក ស្កុត ម៉ាកសែល និង​លោក ហោ ណាំហុង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង ថ្លែង​ប្រាប់​អ្នក​កាសែត​ថា សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ពី​ទំនាស់​នយោបាយ​នៅ​កម្ពុជា ហើយ​អាមេរិក ប្រាប់​ថា មិន​គាំទ្រ​គណបក្ស​ណា​មួយ​ទេ។ អាមេរិក ក៏​ចង់​ឲ្យ​កម្ពុជា ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ដែរ។ លើស​ពី​នេះ ជំនួប​រវាង​អ្នក​ការទូត​ទាំង​ពីរ ក៏​និយាយ​ពី​សន្តិសុខ​ក្នុង​តំបន់​ដែរ ដូច​ជា បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង សមុទ្រ​ចិន​ខាង​កើត បញ្ហា​អំពើ​ហិង្សា​ពេល​ធ្វើ​បាតុកម្ម បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ទំនប់​វារីអគ្គិសនី​នៅ​កម្ពុជា ជាដើម។

ទោះ​យ៉ាង​ណា​ក្តី ខ្លឹមសារ​លម្អិត​នៃ​ជំនួប​នេះ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ឡើយ។

ចំណែក​ឯ​ជំនួប​រវាង លោក ស្កុត ម៉ាកសែល ជាមួយ​មេ​បក្ស​ប្រឆាំង​វិញ ត្រូវ​បាន លោក កឹម សុខា បរិយាយ​ថា ភាគី​សហរដ្ឋ​អាមេរិក ចង់​ស្វែង​យល់​ពី​មូលហេតុ​នៃ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា លោក​បាន​ស្នើ​ឲ្យ​អាមេរិក អន្តរាគមន៍​លើ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ដាក់​គុក សកម្មភាព​រារាំង​ការ​ជួប​ប្រជុំ​គ្នា​ជាដើម។ ចំពោះ​បញ្ហា​ទាល់ច្រក​ផ្នែក​នយោបាយ​វិញ គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់​សហរដ្ឋ​អាមេរិក ថា ខ្លួន​នៅ​តែ​ប្រកាន់​ជំហរ​ចង់​ជួប​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។

«សំឡេង»

ចំពោះ​ជំនួប​ជាមួយ​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង វិញ មិន​ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ទម្លាយ​ឲ្យ​អ្នក​កាសែត​ដឹង​ថា ភាគី​ទាំង​ពីរ​និយាយ​គ្នា និង​ឯកភាព​គ្នា​អំពី​អ្វី​នោះ​ទេ។

ទាក់ទង​នឹង​ទស្សនកិច្ច​នេះ សកលវិទ្យាធិការ​សកលវិទ្យាល័យ ខេមរៈ លោក​បណ្ឌិត សុខ ទូច យល់​ថា ទាំង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ការទូត​ធំៗ​នៃ​ប្រទេស​មហា​អំណាច គឺ​ពួក​គេ​ចង់​ឲ្យ​កម្ពុជា អនុវត្ត​លើ​ចំណុច​មួយ​ចំនួន​រួម​មាន ការ​ដោះស្រាយ​បញ្ហា​ប្រទាំង​ប្រទើស​ផ្នែក​នយោបាយ​ដោយ​សន្តិវិធី លើក​ស្ទួយ​តម្លៃ​សិទ្ធិ​មនុស្ស និង​ចង់​ជជែក​ជាមួយ​រដ្ឋាភិបាល​ពី​បញ្ហា​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុករ។ លោក​បញ្ជាក់​ថា បើ​កម្ពុជា ដោះស្រាយ​បញ្ហា​នយោបាយ​បាន​ចប់​សព្វគ្រប់​នោះ នឹង​អាច​ទាញ​ផល​ប្រយោជន៍​បាន​ច្រើន​ពី​ភាព​វឹកវរ​នៅ​ស្រុក​ថៃ។

«សំឡេង»

អនុរដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស លោក ហ៊ូហ្គូ ស្វៃវអ៍ (Hugo Swire) បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា។ មន្ត្រី​ការទូត​ជាន់​ខ្ពស់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ បាន​ស្នើ​ឲ្យ​កម្ពុជា ដោះស្រាយ​បញ្ហា​ដោយ​ការ​ចរចា និង​ស្វែង​រក​ច្រក​ចេញ​ឲ្យ​បាន​ឆាប់ ដើម្បី​វឌ្ឍនភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

កាល​ពី​ចុង​សប្ដាហ៍​មុន អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) បាន​សរសេរ​ក្នុង​ខ្ទង់​សារព័ត៌មាន​របស់​លោក​ប្រចាំ​សប្ដាហ៍​ថា សហរដ្ឋ​អាមេរិក ចង់​ឃើញ​មាន​កិច្ច​ចរចា​នយោបាយ និង​កិច្ច​ចរចា​ក្នុង​សំណុំ​រឿង​ប្រាក់​ខែ​កម្មករ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ទាំង​សង​ខាង និង​ដោយ​សន្តិវិធី។ ដើម​ចម​នៃ​ជម្លោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ នៅ​ត្រង់​ថា គណបក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត និង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ឡើង​វិញ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors