ហិង្សានយោបាយ។ប្រទេសថៃបានធ្វើការបោះឆ្នោតមុនអាណត្តិកាលពីថ្ងៃអាទិត្យ ដោយមានអំពើ ហិង្សា និងគ្មានការទទួលស្គាល់លទ្ធផលបោះឆ្នោតពីក្រុមជំទាស់ ដូចស្ថានការណ៍ក្នុងប្រទេសកម្ពុជាដែរ ដែលមានការគាំងនយោបាយចាប់តាំងពីការបោះឆ្នោតកាលពីថ្ងៃទី២៨ខែ កក្កដាឆ្នាំ២០១៣។ ក្រុមអ្នកវិភាគខ្លះបានអះអាងថា អំពើហិង្សាទំនងជាកើនឡើងក្នុងប្រទេសទាំងពីរ ដោយសារអ្នកនយោបាយប្រទាញ យកប្រៀបរៀងខ្លួនដោយមិនអើពើនឹងការរកដំណោះស្រាយនយោបាយ។
លោកបណ្ឌិតពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិចក្នុងប្រទេសកម្ពុជា បានបង្ហាញពីក្តីបារម្ភចំពោះការកើតអំពើហិង្សានយោបាយក្នុងប្រទេស ថៃដោយសារការបោះឆ្នោតមុនអាណិតនេះមិនមានការព្រមព្រៀងពីក្រុម ជំទាស់។
«អញ្ចឹងការមិនព្រមព្រៀងគ្នានឹងហើយដែលយើងឃើញថា ព្រឹត្តិការណ៍នៃការបោះឆ្នោតម្សិលមិញនេះ មានកើតឡើងអំពើហិង្សា មានកើតឡើងនូវអំពើបិទការិយាល័យបោះឆ្នោត ហើយសង្គមថៃក៏មានអស្ថិរភាពដែរ។ ក្នុងនោះ យើងឃើញហើយ ខ្ញុំខំតាមដានដែរ ដើម្បីរកមើលពីការចេញលទ្ធផលបោះឆ្នោតដែរ តែដូចជាមិនបានចេញលទ្ធផលដូចមុនៗទេ»។
ក្រុមជំទាស់ក្នុងប្រទេសថៃបានពហិការមិនចូលរួមការបោះឆ្នោត ហើយបាន ធ្វើការរំខានការបោះឆ្នោត រារាំងអ្នកបោះឆ្នោត ហើយមានការិយាល័យជាច្រើនមិនអាចដំណើរការបាន ដែលជាហេតុមិនអាចឲ្យគណបក្សណាមួយទទួលបាន ជ័យជម្នះគ្រប់ចំនួនតាមច្បាប់រដ្ឋធម្មនុញ្ញកំណត់ក្នុងការបង្កើត រដ្ឋាភិបាលថ្មីបាន។
ប្រទេសថៃនិងកម្ពុជាមានការទាមទារពីក្រុមជំទាស់ឲ្យនាយករដ្ឋមន្ត្រី ចុះចេញពី មុខតំណែងដូចគ្នា មានបាតុកម្មតវ៉ា និងការបង្ក្រាបដូចគ្នា។ នៅកម្ពុជា គណបក្សជំទាស់ទោះជាមានការបង្ក្រាបចំពោះតវ៉ាក្តី តែអះអាងថា នឹងបន្តធ្វើរហូតដល់ មានដំណោះស្រាយយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត និងការបោះឆ្នោតឡើងវិញដែរ ដោយព្រមទាំងនៅប្រកែកមិនសុខចិត្តទទួលយកលទ្ធផលដែលពួកគេចាត់ ទុកថា មានការគៃបន្លំ។ តែគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបដិសេធការចោទប្រកាន់ហើយមិនព្រមតាមការទាមទាររបស់គណបក្ស ជំទាស់ទេ ដោយទទូចថា គណបក្សជំទាស់ត្រូវចូលមកសភា។
«បើសិនជាគោលការណ៍រវាងគណបក្សទាំងពីរហ្នឹង ដែលលើកឡើង នៅតែមិន ត្រូវរ៉ូវគ្នាទេ ទោះបើមានការបោះឆ្នោតនៅកម្ពុជាក៏ប្រាកដជាមានអំពើហិង្សាកើតឡើង។ តែជាផលវិបាក យើងឃើញហើយថា ខាងគណបក្សសង្គ្រោះជាតិហ្នឹងគាត់ក៏ទទួលរងនូវអំពើហិង្សា ហើយក៏មិនសម្រេចគោលបំណងរបស់ខ្លួន ហើយចំណែកឯគណបក្សប្រជាជនឃើញតែដើរតែឯងដែលជាការប៉ះពាល់ដល់ ដំណើរការប្រជាធិបតេយ្យ»។
លោក ភីធ័រ តាន់កែវ (Peter Tan Keo) អ្នកវិភាគឯករាជ្យក្នុងក្រុងបូស្តន់រដ្ឋ ម៉ាស្សាជូស្សេត ស.រ.អា. បានយល់ស្រដៀងគ្នាដែរថា កត្តាមិនអើពើមិនអាចធ្វើឲ្យគណបក្សជំទាស់ និងគណបក្សគ្រប់គ្រងប្រទេសក្នុងប្រជាជាតិទាំងពីរអាចបញ្ឈប់បាតុកម្ម ប៉ះបោរបានទេ។
«យើងទំនងជាឃើញការតវ៉ាខ្លាំងឡើងទៀតក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ខណៈដែលមេដឹកនាំគណបក្សជំទាស់ចាប់យកវិធានការរឹងរូសឡើងៗទាក់ទង នឹងវិបត្តិនយោបាយ ខណៈដែលរដ្ឋាភិបាលទាំងពីរនឹងបន្តព្រងើយចំពោះស្ថានភាពធ្ងន់ធ្ងរនេះ សម្រាប់ការចរចាជាមួយគណបក្សជំទាស់។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងមិនចុះចេញពីតំណែងទេ ហើយលោកសម រង្ស៉ី និងលោក កឹម សុខានឹងបន្តដាក់សម្ពាធឲ្យមានការផ្លាស់ប្តូរក្នុងរដ្ឋាភិបាល។ រឿងទាំងនោះហើយដែលធ្ងន់ធ្ងរនោះ»។
ក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជាកាលពីខែកក្កដា គណបក្សប្រជាជនកម្ពុជាត្រូវគេប្រកាសថា ឈ្នះអាសនៈ៦៨ ហើយគណបក្សជំទាស់ត្រូវគេប្រកាសថាឈ្នះអាសនៈ៥៥ ក្នុងចំណោម១២៣អាសនៈសរុបក្នុងសភា។
តែក្រុមជំទាស់បានចោទប្រកាន់ថា មានការគៃបន្លំសន្លឹកឆ្នោត ដែលគណបក្សនេះបានឈ្នះ ហើយអាចបង្កើតរដ្ឋាភិបាលបាននោះ ហើយទាមទារឲ្យមានការរកយុត្តិធម៌ ផ្ទៀងផ្ទាត់សន្លឹកឆ្នោតឡើងវិញ ឬបោះឆ្នោតឡើងវិញ។ គណបក្សប្រជាជនកម្ពុជាបានបដិសេធ ហើយមិនព្រមធ្វើការបោះឆ្នោតឡើងវិញទេ ដោយទទូចឲ្យក្រុមជំទាស់ចូលប្រជុំសភាហើយចរចា។ ដោយឡែកក្នុងប្រទេសថៃវិញ ក្រុមជំទាស់បានបិទផ្លូវ ធ្វើបាតុកម្មតវ៉ា ពហិការមិនចូលរួមការបោះឆ្នោតនិងមិនទទួលស្គាល់ការបោះឆ្នោតកាល ពីថ្ងៃអាទិត្យ និងរារាំងអ្នកបោះឆ្នោត ទោះបីជាមានកងទាហានដាក់ការពារក្តីសន្តិសុខក្តី ។
អ្នកនាំពាក្យក្រសួងការបទេសស.រ.អា. លោកស្រីជេន សាគី (Jen Psaki) បានសម្តែងការសោកស្តាយចំពោះការរារាំងក្រុមអ្នកបោះឆ្នោតមិនឲ្យ ប្រើសិទ្ធិរបស់ខ្លួនបាន ដោយបានទទូចឲ្យភាគីទាំងពីរក្នុងប្រទេសថៃទប់ស្កាត់អំពើហិង្សា។
«យើងនៅតែមានក្តីបារម្ភថា ភាពតានតឹងនយោបាយក្នុងប្រទេសថៃបង្កឲ្យមានការប្រឈមមុខជាច្រើន ក្នុងដំណើរការស្ថាប័នប្រជាធិបតេយ្យ និងដំណើរការ នានាក្នុងប្រទេសថៃ។ យើងពិតជាមិនបានកាន់ជើងភាគីណាមួយក្នុងជម្លោះនយោបាយថៃទេ តែយើងនៅតែបន្តជំរុញដល់ភាគីទាំងពីរឲ្យប្តូរផ្តាច់ក្នុងការ សន្ទនាដ៏ស្មោះត្រង់របស់ពួកគេដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី និងតាមលក្ខណៈប្រជាធិបតេយ្យ»។
លោកស្រីយីងឡាក់ ស៊ីណាវ៉ាត នាយករដ្ឋមន្ត្រីថៃ បានចាត់ទុកការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ជាដំណើរការប្រជាធិបតេយ្យ ទោះជាក្រុមជំទាស់មិនទទួល យកក្តី។
«យ៉ាងហោចណាស់ ខ្ញុំគិតថា ការបោះឆ្នោតគឺជារឿងសំខាន់ណាស់ដែលពលរដ្ឋចេញមកបោះឆ្នោតតាមសិទ្ធិ របស់គេដើម្បីលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះខ្ញុំគិតថា នេះជារឿងសំខាន់ណាស់ដែលពលរដ្ឋនៅតែចង់បានការបោះឆ្នោតដោយហេតុ ថា ការបោះឆ្នោតគឺជារឿងត្រឹមត្រូវតាមដំណើរការប្រជាធិបតេយ្យ»។
រដ្ឋាភិបាលថៃប៉ុនប៉ងធ្វើការបោះឆ្នោតជុំទី២នៅកន្លែងដែលមិនបាន បោះឆ្នោត កាលពីថ្ងៃអាទិត្យ ដែលក្រុមជំទាស់មិនព្រមនោះ។ លោកយូស្វេ ឃឺតឡែនហ្ស៊ីក (Josh Kurlantzick) អ្នកស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍នៃក្រុមប្រឹក្សាទំនាក់ទំនង អន្តរជាតិ(CFR) ដែលជាអង្គការតាក់តែងគោលនយោបាយរបស់ស.រ.អា.មួយក្នុងរដ្ឋធានី វ៉ាស៊ីនតោនបានអះអាងថា បញ្ហាទំនាស់នយោបាយក្នុងប្រទេសថៃមានលក្ខណៈស្មុគស្មាញខ្លាំងជាងនៅ កម្ពុជា។ តែជារួមជម្លោះនយោបាយក្នុងប្រទេសទាំងពីរនេះធ្វើឲ្យប៉ះពាល់ដល់ប្លុក អាស៊ានដែលជាសមាគម១០ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
«វាជារឿងធ្វើឲ្យមានឥទ្ធិពលខ្សោយដល់តំបន់អាស៊ានជាពិសេស បើទោះណា ភាពជាថ្នាក់ដឹកនាំរបស់ប្រទេសថៃក្នុងតំបន់អាស៊ានត្រូវខាតបង់មែន តែកម្ពុជាក៏មិនអាចក្លាយជាអ្នកដឹកនាំក្នុងតំបន់អាស៊ានដែរ»។
ប្រទេសអាស៊ានបានគោរពគោលការណ៍របស់ប្រទេសរៀងខ្លួនអំពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកឯទៀតទេ។
ប្រទេសកម្ពុជា ដែលជាសមាជិកអាស៊ានមួយ និងធ្លាប់ធ្វើប្រធានប្តូរវេននោះ កំពុងប្រឈមមុខនឹងការផ្អាកជំនួយពីបរទេសខ្លះ រួមទាំងស.រ.អា.ផងដែរ ហើយអ្នកវិនិយោគខ្លះក៏ត្រូវគេដឹងថា បានដកថយ ហើយក៏មានការចោទប្រកាន់ពីការសម្លាប់ក្រៅច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញដែលមិនមានទោសប្រហារជីវិតនោះ។ ការចោទប្រកាន់ខ្លាំងឡើងប្រឆាំងនឹងអាជ្ញាធរកម្ពុជាទាក់ទងនឹងរឿង នេះ។ បញ្ហាទាំងនេះកើតឡើងក្រោយពេលដែលគណបក្សទាំងពីរខកខានជាច្រើនលើក ក្នុងរយៈពេល៦ខែចុងក្រោយមិនអាចរកដំណោះស្រាយរួមគ្នាមួយ ដើម្បីបញ្ចប់ភាពទល់ច្រកផ្នែកនយោបាយនេះ។
លោកបណ្ឌិត ពុទ្ធា ហង្សបានកត់សម្គាល់ថា មេដឹកនាំគណបក្សទាំងពីរក្នុង ប្រទេសកម្ពុជាពិតជាមានបញ្ហាពិបាករៀងៗខ្លួន ដោយសារការមិនអាចរក ដំណោះស្រាយបាន។
«ខ្ញុំគិតថា នៅមានភាពយូរអង្វែងទៀត បើសិនជាគណបក្សទាំងពីរនៅតែបន្តធ្វើអ្វី ឬក៏ស្មើអ្វីដែលគ្មានទំនោរទៅរកគ្នាសោះនោះ។ ហើយខ្ញុំគិតថា ការបោះឆ្នោតនៅប្រទេសថៃក៏ជាបទពិសោធន៍សម្រាប់កម្ពុជាផងដែរ ដែលអ្នកនយោបាយគួរតែសិក្សាពីបញ្ហានេះដើម្បីគិតអំពីសង្គមកម្ពុជា ថាតើគួរស្វែងរកដំណោះស្រាយយ៉ាងណា ពីព្រោះខ្លួនសុទ្ធតែជាតំណាងប្រជាពលរដ្ឋ ហើយក៏ត្រូវមានតួនាទីរក្សាសេចក្តីសុខ សេចក្តីចម្រើនសម្រាប់ប្រជាពលរដ្ឋដែរ»។
ក្រុមអ្នកវិភាគបានអះអាងថា ភាគីនយោបាយនៅកម្ពុជា និងភាគីនយោបាយក្នុងប្រទេសថៃត្រូវគេដឹងថា កំពុងស្ថិតនៅក្រោមសម្ពាធពីសហគមន៍អន្តរជាតិនិងពលរដ្ឋរបស់ខ្លួន ដែលជំរុញឲ្យដោះស្រាយវិបត្តិនយោបាយដែលគេគិតថាមិនគ្រាន់តែដើម្បី សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងប្រទេសទាំងពីរតែប៉ុណ្ណោះទេតែសម្រាប់តំបន់ អាស៊ីផងដែរ៕