ពល​​រដ្ឋ​​ខេត្ត​​កោះ​​កុង​​បន្ត​​តវ៉ា ទាម​​ទារ​​ឲ្យ​​ក្រុម​​ហ៊ុន​​ចិន​​ឈប់​​រុះ​រើ​​ដី​​ដំ​​ណាំ និង​​ដុត​​បំ​​ផ្លាញ​​ផ្ទះ​​របស់​​ពួក​​គាត់​



ប្រជាពលរដ្ឋ​ ប្រកប​ការងារ នៅ​ច្រក​ព្រំ​ដែនអន្តរជាតិ កោះកុង ​ខ្មែរ-​ថៃ។
ដោយ ប្រាក់ ធីតា
ប្រ​ជា​ពល​រដ្ឋ​ជាង​១០០​នាក់ ដែល​រស់​នៅ​ក្នុង​ឃុំ​តា​នូន និង​ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះ​កុង បាន​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​ក្រុម​ហ៊ុន​ចិន Union Development Group Co, LTD ដើ​ម្បី​ឲ្យ​ក្រុម​ហ៊ុន​មួយ​នេះ បញ្ឈប់​ការ​រុះរើ​ដី​ដាំ​ដំ​ណាំ និង​ដុត​បំ​ផ្លាញ​ផ្ទះ​របស់​គាត់។ ជា​មួយ​គ្នា​នេះ​ដែរ មន្ត្រី​អង្គ​ការ​លី​កា​ដូ​ប្រចាំ​នៅ​ខេត្ត​កោះ​កុង បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សកម្ម​ភាព​រំ​លោភ​សិទ្ធ​មនុស្ស​របស់​ក្រុម​
ហ៊ុន​ចិន មក​លើ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ ហើយ​មន្ត្រី​អង្គ​ការ​លី​កា​ដូ ក៏​បាន​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិ​បាល​ជួយ​ដោះ​ស្រាយ​ចំ​ពោះ​បញ្ហា​នេះ​ផង​ ដែរ។ បន្ទាប់​ពី​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​ចិន Union Development Group Co, LTD បាន​ដុត​បំ​ផ្លាញ ផ្ទះ​របស់​ប្រ​ជា​ពល​រដ្ឋ​អស់​ចំនួន ៤៥ ខ្នង ដែល​ស្ថិត​ក្នុង​ឃុំ​តា​នូន និង ឃុំ កោះ​ស្តេច ស្រុក​គិរី​សា​គរ ខេត្ត​កោះ​កុង​មក ប្រ​ជា​ជន​ប្រ​មាណ​ជាង ១០០​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​ខាង​មុខ​ក្រុម​ហ៊ុន​ចិន​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ ម្សិល​មិញ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ៦ កុម្ភៈ​នេះ ពួក​គាត់​បាន​មក​តវ៉ា ហើយ​បិទផ្លូវ​នៅ​ខាង​មុខ​ក្រុម​ហ៊ុន​ជា​បន្ត​ទៀត ដើម្បី​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​នេះ ចេញ​មក​ដោះ​ស្រាយ​ជា​មួយ​និង​ប្រ​ជា​ពល​រដ្ឋ​។

លោក កុង ជិត មន្ត្រី​របស់​អង្គ​ការ​លី​កា​ដូ​ប្រចាំ​នៅ​ក្នុង​ខេត្ត​កោះ​កុង បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា ប្រ​ជា​ជន​នឹង​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា រហូត​ទទួល​បាន​ដំ​ណោះ​ស្រាយ​ពី​ខាង​ក្រុម​ហ៊ុន។ ហើយ​លោក​ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ដុត​បំ​ផ្លាញ​ផ្ទះ​របស់​ប្រ​ ជា​ពល​រដ្ឋ​អស់​ជា​ច្រើន​ខ្នង។ លោក​បាន​ហៅ សកម្ម​ភាព​នេះ​ថា ជា​ការ​រំលោភ​សិទ្ធ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ពី​ព្រោះ​ក្រុម​ហ៊ុន​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នាក់ គ្មាន​ផ្ទះ​សម្បែង​ស្នាក់​នៅ​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​អំ​ពាវ​នាវ​ឲ្យ​រដ្ឋា​ភិបាល និង​ជា​ពិ​សេស​ក្រ​សួង​បរិស្ថាន​ជួយ​អន្ត​រា​គមន៍​ចំ​ពោះ​បញ្ហា​ទំ​នាស់​ ដីធ្លី​រវាង​ក្រុម​ហ៊ុន​ចិន និង​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្តកោះ​កុង​នេះ​ផង​ដែរ​។

កាល​ពី​ឆ្នាំ ២០១០ ក្រុម​ហ៊ុន​ចិន Union Development Group Co, LTD បាន​ទទួល​នូវ​សម្បទាន​ដី ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា ទំហំ ៣៦០០០ ហិក​តា តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ខេត្ត​កោះ​កុង ដើម្បី​អភិវឌ្ឍន៍​លំ​នៅ​ដ្ឋាន សណ្ឋារ​គារ និង ECO ទេស​ចរណ៍ ក្នុង​រយៈពេល ៩៩ ឆ្នាំ ឬ​អាច​បន្ត​ទៀត​បាន។ ហើយ​គម្រោង អភិវឌ្ឍន៍ បាន​ប៉ះ​ពាល់​ប្រជាពល​រដ្ឋ ចំនួន ១.១៤៣ គ្រួ​សារ ។ នេះ​បើ​យោង​តាម​លោក កុង ជិត មន្ត្រី​អង្គ​ការ​លី​កា​ដូ ប្រ​ចាំ​ក្នុង​ខេត្ត​កោះ​កុង​។



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors