សហគ្រាសបារាំង​​ត្រៀម​​ខ្លួន​​​ដំណើរការ​នៅ​​អ៊ីរ៉ង់​សាជាថ្មី



កំពង់ផែ​អ៊ីរ៉ង់ ជា​ទី​កន្លែង​​នាំចូល​ផលិតផល​ពីបរទេស​ ផ្គត់ផ្គង់​ប្រជាជន​អ៊ីរ៉ង់​
ដោយ ព្រំ សឿន សូលីណា
នៅ​អ៊ីរ៉ង់ ​ថ្ងៃ​អង្គារ​នេះ ​កម្មវិធី​តុមូល​​​ការងារ​មួយ​បានរៀបចំ​ឡើង ដោយមាន​ការចូលរួម​ពី​សហគ្រាស​ធំៗ​របស់​បារាំង និង​សហគ្រាស​អ៊ីរ៉ង់។ ក្នុង​ហេតុផល​នៃ​​​ទំនាក់ទំនង​ពាណិជ្ជកម្ម​បារាំង-អ៊ីរ៉ង់​ ​ពាណិជ្ជករ​បារាំង​​​ជាច្រើន​មកពី​សហគ្រាស​បារាំង​ចំនួន​១២០ បែបយ៉ាង​ ក្រុមហ៊ុន​
ប្រេង​​តូតាល់ ក្រុមហ៊ុន​រថយន្ត​ប៉ឺហ្សូ ​ រឺក៏​​​សហគ្រាស​​​ធុនតូច និង​មធ្យម​​ បាននាំគ្នា​វិល​ត្រលប់​ចូល​ទឹកដី​អ៊ីរ៉ង់​​ជាថ្មី​​ម្តងទៀត ដើម្បី​ត្រៀម​​ ខ្លួន​រកស៊ី​នៅទីនោះ។​ ពួកគេ​សង្ឃឹម​ថា អ៊ីរ៉ង់​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​​​ចុងក្រោយ​ទូទៅមួយ​ ​ស្តីពី​នុយក្លេអ៊ែរ​ និង​ការលើកលែង​ទណ្ឌកម្ម​​ពីសំណាក់​​សហគមន៍​អន្តរជាតិ។ ដោយឡែក អ៊ីរ៉ង់​បាន​ សុំ​អោយបារាំង​វិនិយោគ​ផ្នែក​ថាមពល​ ក្នុង​ទឹកដី​ខ្លួន ដើម្បី​ទទួល​បាន​ ប្រយោជន៍​​ពី​លក្ខខណ្ឌ​មួយចំនួន។​


ក្នុង​កិច្ចប្រជុំ​តុមូល​នៅ​អ៊ីរ៉ង់​ ​ថ្ងៃ​អង្គារ​នេះ ​​​​​អង្គការ​​អន្តរជាតិ​បារាំង ឈ្មោះថា​ Medef ដែល​ជាសាខាមួយ​នៃ​អង្គការ​ប្រធានសហគ្រាស​បារាំង បានដឹកនាំ​អ្នកតំណាង​សហគ្រាស​​បារាំង​១១៦រូប ជួប​ជាមួយ​សហគ្រាស​អ៊ីរ៉ង់​ជាច្រើន។ ក្នុង​កិច្ចប្រជុំ​​​នេះ អ៊ីរ៉ង់​បាន​សុំអោយ​បារាំង​ធ្វើការ​វិនិយោគ​ផ្នែក​ថាមពល​ក្នុង​ទឹកដី​ខ្លួន ដើម្បី​​ទទួល​បាន​ប្រយោជន៍​ពី​លក្ខខណ្ឌ​មួយចំនួន។ យោងតាម​ផែនការ​៥ឆ្នាំ ឆ្នាំ២០១០-២០១៥ ផ្នែក​ប្រេង​និង​ឧស្ម័ន​អ៊ីរ៉ង់ ត្រូវការ​២៣០ពាន់លាន​ដុល្លារ​ ហើយ​៥៥ភាគរយ​នៃ​ការវិនិយោគ​​ទាំងអស់​នេះ ត្រូវ​តែ​សម្រេច​​ធ្វើអោយ​បាន​ ដើម្បី​អនុវត្តន៍​ផ្នែកប្រេង​និង​ឧស្ម័ននេះ។
គណៈប្រតិភូ​បារាំង​​១១៦រូប​នេះ តំណាង​គណៈប្រតិភូ​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប​ធំបំផុត​ ដែល​​ចូល​មក​ក្នុងទឹកដី​អ៊ីរ៉ង់ គិតចាប់ពី​ពេល​​​មាន​កិច្ចព្រមព្រៀង​​លើកដំបូង​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ កាលពីខែ​វិច្ឆិកា​កន្លងទៅ។ ពាណិជ្ជករ​បារាំង​ទាំងនេះ មកពី​សហគ្រាស​​ ផ្នែក​ប្រេង រថយន្ត អាកាសចរណ៍ កសិកម្ម​ចំណីអាហារ រឺ​ឱសថសាស្ត្រ​ ជាដើម។ វិស័យ​ទាំងនេះ ជាវិស័យ​ចំបង​សម្រាប់​ប្រជាជន​អ៊ីរ៉ង់ ដើម្បី​រុញច្រាន​សេដ្ឋកិច្ច​អ៊ីរ៉ង់​​ឡើងវិញ។ សហគ្រាស​បារាំង​មួយចំនួន​ ដែល​ធ្លាប់​រកស៊ី​នៅអ៊ីរ៉ង់​​រួចមកហើយ​នោះ កំពុង​តែ​ចោទសួរ​ថា តើ​ពេលណា​ទើប​​​អាច​ចាប់ផ្តើមដំណើរការ​​​ខ្លួនបាន​​ឡើងវិញ ក្នុងទឹកដី​អ៊ីរ៉ង់​។​

សហគ្រាស​បារាំង​ទាំងអស់​នេះ​សង្ឃឹមថា នៅ​ក្នុង​កិច្ចពិភាក្សា​​នុយក្លេអ៊ែរ ​ថ្ងៃ​១៨កុម្ភៈ​ខាងមុខ​នេះ អ៊ីរ៉ង់​នឹង​សម្រេច​បាន​កិច្ចព្រមព្រៀង​​​​ទូទៅ​ចុងក្រោយ​មួយ ស្តី​ពី​នុយក្លេអ៊ែរ និង​​​ការលើកលែង​ទណ្ឌកម្ម​ពី​សំណាក់​សហគមន៍​អន្តរជាតិ។ គួររំលឹក​ថា កិច្ចព្រមព្រៀង​​ក្រុង​ហ្សឺណែវ​ ស្តីពី​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​​ចូលជាធរមាន​ថ្ងៃ​២០មករា​កន្លងទៅ​ ចែង​ទាក់ទង​តែពី​​​វិស័យ​ឧស្សាហកម្ម​រថយន្ត អាកាសចរណ៍​​ មាស ​ថ្មមានតម្លៃ​ រឺ​​ការនាំចេញ​ផលិតផល​កៃច្នៃ​​ពី​ប្រេង​​ឆៅ​តែ​ប៉ុណ្ណោះ។ ​

សហគ្រាស​បារាំង​​ដឹងច្បាស់​ថា ទណ្ឌកម្ម​ដែល​សហគមន៍ អន្តរជាតិ​​ដាក់លើ​អ៊ីរ៉ង់​ នៅ​មិនទាន់​លើកលែង​បាន​​១០០​ភាគរយ​​នោះទេ។ ដូច្នេះ ដំណើរការ​​រកស៊ី​នៅអ៊ីរ៉ង់​នៅ​មាន​​ ព្រំដែន​កំណត់​​នៅឡើយ។ ក្រុមហ៊ុន​បារាំង​មិនអាច​ចុះ​កិច្ចសន្យា​ផ្តេសផ្តាស​ឡើយ​ ប្រសិន​បើអ៊ីរ៉ង់​មិនបាន​ទទួល​ការ​​លើកលែង​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​​​​​ទេនោះ។

ផលិតផល​បារាំង​នាំ​ចូល​ទឹកដី​អ៊ីរ៉ង់​ គិតជាទឹកប្រាក់​មាន​ប្រមាណ​១ពាន់​៨រយ​លាន​ដុល្លារ​ ក្នុង​ខែ​មិនា ឆ្នាំ២០០៥ ប៉ុន្តែ បាន​ធ្លាក់​ចុះ​ពាក់កណ្តាល គិត​ក្នុងខែ​មិនា​​ឆ្នាំ​២០១៣​។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​អ៊ីរ៉ង់​ លោក ​ម៉ូហាម៉ាត រេហ្សា នេម៉ាត់ហ្សាដិច បាន​ព្យាយាម​អះអាង​​ថា ​​ ​​ការដោះដូរ​រវាង​ក្រុងប៉ារីស និងក្រុងតេហេរ៉ង់​អាច​​នឹង​​កើន​ដល់​ជាង​៥ពាន់​លានដុល្លារ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors