ក្រៅពីឈ្មោះរបស់តំណាងសភាគឺមានជម្រើសពាក្យ«NO» នៅក្នុងសន្លឹកឆ្នោតសម្រាប់អ្នកបោះឆ្នោតគូសក្នុងពេលបោះឆ្នោត។ ពួកអ្នកបោះឆ្នោតអាចជ្រើសរើសពាក្យ«NO»ពីព្រោះពុំមានបេក្ខជនណាតំណាងអោយទស្សនៈនយោយបាយរបស់ពួកគេនោះទេ ឬក៏ជាមួយករណីនៅក្នុងពេលនេះគណបក្សប្រជាធិបតេយ្យពុំបានចូលរួមប្រកួតប្រជែងនូវអាសនៈណាមួយនោះទេ។
ការបោះឆ្នោត«NO»នេះមិនអាចដាក់គណបក្សមួយទៅក្នុងមុខដំណែងការងារឬក៏បោះឆ្នោតអោយគណបក្សមួយចេញពីរដ្ឋាភិបាលនោះទេ ប៉ុន្ដែវាពិតជាបានបង្ហាញថាពួកអ្នកបោះឆ្នោតបានបដិសេធគណបក្សនយោបាយឬក៏បេក្ខជនឈរឈ្មោះបោះឆ្នោត។ ហើយនៅប្រទេសថៃនោះគឺជាជម្រើសនយោបាយដែលយកជាការបាន។
នៅក្នុងការបោះឆ្នោតសាកលនៅខែមេសាឆ្នាំ២០០៦ គណបក្សប្រជាធិបតេយ្យបានដកខ្លួនចេញដូចគ្នានេះដែរ និងបានធ្វើពហិការការបោះឆ្នោតនោះ។ គណបក្សថៃរ៉ាក់ថៃរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈ្នះ៦១% នៃសន្លឹកឆ្នោតនៅពេលនោះ ប៉ុន្ដែ៣៨%នៃប្រជាជនថៃបានបោះឆ្នោត«NO»។ ការបោះឆ្នោតត្រូវបានប្រកាសចាត់ទុកជាយថាហេតុជាមោឃៈ ដោយតុលាការធម្មនុញ្ញ ហើយថាកស៊ីនក្រោយមកត្រូវបានបណ្ដេញចេញនៅក្នុងរដ្ឋប្រហារមួយ។
អ្នកវិភាគនយោបាយបានយល់ព្រមថា ការបោះឆ្នោត«NO»មានចំនួនច្រើនល្មមគួរសមនោះមានន័យថា រដ្ឋាភិបាលខាងមុខនឹងពុំមានអាណត្តិដែលខ្លួនត្រូវការដើម្បីគ្រប់គ្រងប្រទេសនោះទេ និងថាវាអាចបណ្ដាលអោយមានអស្ថិរភាពនយោបាយថែមទៀត។ គេនឹងយកចិត្តទុកដាក់តាមដានសង្កេតមើលចំនួនអ្នកបោះឆ្នោត«NO»នៅថ្ងៃអាទិត្យខាងមុខនេះ ពីព្រោះវានឹងឆ្លុះបញ្ចាំងអំពីការបែកបាក់នៅក្នុងសង្គមថៃ ហើយពេលនេះវានឹងកត់ត្រាជាផ្លូវការនៅក្នុងលទ្ធផលនៃការបោះឆ្នោតនេះ៕
Labels: ព័ត៌មានអន្តរជាតិ