ភ្នំពេញ — អង្គការ Human Rights Watch បានអំពាវនាវនៅថ្ងៃច័ន្ទនេះឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្ម រដ្ឋាភិបាលកម្ពុជា ដោយសារ«ការបំពានសិទ្ធិមនុស្សក្នុងពេលថ្មីៗ»នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ លោកស្រី Juliette de Rivero នាយិកាអង្គការ
Human Rights Watch ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសបានស្នើឲ្យប្រទេសសមាជិកអង្គការសហប្រជាជាតិដាក់សម្ពាធ ដល់ប្រទេសកម្ពុជាចំពោះបរាជ័យក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ ខ្លួន និងឲ្យប្រទេសកម្ពុជាធ្វើការសន្យាបន្ថែមចំពោះការគោរពសិទ្ធិ មនុស្ស។នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះ លោកស្រី Juliette de Rivero នាយិកាអង្គការ
សំណើនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះមុននឹងតំណាងប្រទេសកម្ពុជាបង្ហាញ មុខក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការ សហប្រជាជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី២៨ខែមករានៅទីក្រុងហ្សឺណែវ។
អង្គការ Human Rights Watch ដែលមានមូលដ្ឋាននៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បានរៀបរាប់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានរំលោភសិទ្ធិមនុស្សដោយបានរារាំងគណបក្សជំទាស់ សហជីព សកម្មជននយោបាយ និងអ្នកដទៃក្នុងការប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យមានការ ផ្លាស់ប្តូរនយោបាយ។ អង្គការអាមេរិកាំងដដែលបានលើកឧទាហរណ៍ ជាពិសេសការហាមឃាត់ និងការបំបែកការប្រមូលផ្តុំរបស់ក្រុមសហជីពនៅសួនប្រជាធិបតេយ្យកាល ពីថ្ងៃអាទិត្យដែលធ្វើឲ្យមានមនុស្សមួយចំនួនរងរបួស។ នៅថ្ងៃអាទិត្យដដែលនោះ កងប្រដាប់អាវុធ និងកងរាជអាវុធហត្ថអមដោយសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា បានរំខានកិច្ចប្រជុំរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តកំពង់ចាម។
លោកស្រី Juliette de Rivero បានទទូចនៅក្នុងសាររបស់ខ្លួនថា «ប្រទេសជាសមាជិកអង្គការសហប្រជាជាតិគួរតែផ្តន្ទាទោសការវាយបំបែក បាតុករដោយហិង្សានេះនិងទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការតាម ទម្រង់ម៉ឺងម៉ាត់»។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាយល់ថា ការទាមទាររបស់អង្គការអាមេរិកាំងនេះគ្មានតម្លៃនោះទេ។
«ការទាមទារនេះគ្មានតម្លៃអ្វីទាំងអស់ ព្រោះនរណាក៏ដឹងដែរ កន្លងមកអង្គការ Human Rights Watch នេះមិនមានបំណងល្អណាមួយសម្រាប់រដ្ឋាភិបាលយើងទេ។ គេតែងតែបំភ្លៃព័ត៌មានដើម្បីធ្វើការបន្តុះបង្អាប់រដ្ឋាភិបាលយើង។ ម្យ៉ាងវិញទៀតខ្ញុំសូមបញ្ជាក់ថា ទំនាក់ទំនងរវាងរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ដែល ក្នុងនោះមានប្រទេសកម្ពុជាផងដែរនោះ បានប្រព្រឹត្តទៅល្អជាធម្មតា»។
ទោះជាបែបនេះក្តី លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអបអរសាទរជំហររបស់អង្គការអាមេរិកខាងលើនេះ។
«សូមអរគុណអង្គការ Human Rights Watch ដែលបានគិតគូរផលប្រយោជន៍ប្រទេសកម្ពុជា ហើយបានការពារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ព្រោះសិទ្ធិមនុស្សមានសារៈសំខាន់ណាស់ក្នុងការកសាងសង្គម ប្រជាធិបតេយ្យ កសាងសង្គមយុត្តិធម៌។
ដូច្នេះជាការចាំបាច់ ទាំងអង្គការសហប្រជាជាតិ ទាំងប្រទេសមហាអំណាច ទាំងអង្គការអន្តរជាតិ យើងត្រូវតែរួបរួមសាមគ្គីគ្នាដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ខ្មែរ»។
សូមបញ្ជាក់ថា ការអំពាវនាវពីសំណាក់អង្គការ Human Rights Watch ឲ្យអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើប្រទេសកម្ពុជានោះដោយសារ បញ្ហាសិទ្ធិមនុស្សនេះ គឺធ្វើឡើងស្របពេលដែលកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលបានវាយ បង្រ្កាបបាតុរដែលដឹកនាំដោយលោកម៉ម សុណង់ដូង នាយកវិទ្យុសម្បុកឃ្មុំនៅថ្ងៃច័ន្ទនេះដែរ ដែលទាមទារដំឡើងកម្លាំងផ្សាយវិទ្យុ និងសុំហ្វ្រេកង់ទូរទស្សន៍មួយ ហើយក៏ស្របពេលដែលមានសេចក្តីរាយការណ៍ថា មានការរំខានមួយចំនួនលើកិច្ចប្រជុំជាមួយសកម្មជនមូលដ្ឋានរបស់ គណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំពីសំណាក់មន្ត្រីអាជ្ញាធរនិង អ្នកគាំទ្រគណបក្សកាន់អំណាច៕
Labels: ព័ត៌មានជាតិ