មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា៖ ដី​សម្បទាន​សង្គមកិច្ច​ក៏​បង្ក​ទំនាស់​ដូច​ដី​សម្បទាន​សេដ្ឋកិច្ច​ដែរ



ការ​ស្វែង​រក​ដំណោះស្រាយ​រួម​លើ​បញ្ហា​រំលោភ​ដីធ្លី
ដោយ ឯម មាឃ
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​រាយការណ៍ ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថា ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​ប្រជាជន​ក្រីក្រ ក៏​បាន​បង្ក​ជម្លោះ​ដីធ្លី​ក្នុង​ចំណោម​ពលរដ្ឋ​ដែរ ព្រោះ​នេះ​ជា​នយោបាយ​បណ្តេញ​អ្នក​ចាស់​ចេញ ដាក់​អ្នក​ថ្មី​ចូល។ មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​អំពាវ​នាវ​​ឱ្យ​​សង្គម​ស៊ីវិល ម្ចាស់​ជំនួយ និង​ប្រជា​ពលរដ្ឋ​កម្ពុជា ត្រូវ​​តែ​​តាម​ដាន​​បញ្ហា​​នេះ​​ឱ្យ​មែន​ទែន ដោយ​​ហេតុ​​ថា
ការផ្អាក​​ផ្តល់​​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ឯកជន មិន​បាន​កាត់​បន្ថយ​ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា​ទេ។ក្នុង​ឆ្នាំ២០១៣កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ជាពិសេស​គ្រួសារ​យុទ្ធជន អតីតយុទ្ធជន និង​យោធិន​ពិការ ចំនួន៤២០កន្លែង ឬ​ស្មើនឹង​ផ្ទៃដី​ទំហំ៥សែន២ពាន់៤រយ​​ហិកតា។ នេះ​បើតាម​របាយការណ៍ ផ្សាយ​ថ្ងៃទី៣០ ខែមករា ម្សិលមិញ របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ដែល​បានកត់សម្គាល់​ឃើញថា ការជួយ​ប្រជាជន​ក្រីក្រ តាមរយៈ​ផ្តល់​ដី​លំនៅដ្ឋាន និង​ដី​សម្រាប់​បង្កបង្កើនផលដោយ​រដ្ឋាភិបាល ក៏បាន​បង្កឱ្យមាន​ទំនាស់​ដីធ្លី ដូច​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វិនិយោគឯកជន​ដែរ។
 
លោក វណ្ណ សុផាត អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​គូសបញ្ជាក់ថា គម្រោង​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ២០១៣ ត្រូវបានធ្វើ​ក្នុង​រូបភាព​បណ្តេញ​អ្នកកាន់កាប់​ចាស់​ចេញ ដាក់​អ្នកកាន់កាប់​ថ្មី​ចូល។ យ៉ាងណាមិញ បើតាម​លោក វណ្ណ សុផាត ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ៣ពាន់​ហិកតា នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​មណ្ឌល​គី​រី នាំ​បញ្ហា​ដល់​ជនជាតិដើម​ភាគតិច​ចំនួន៦០០គ្រួសារ នៅពេលដែល​គ្រួសារ​ចំណូល​ថ្មី​របស់​អតីតយុទ្ធជន ដែល​ត្រូវ​ទទួលបាន​ដី​សម្រាប់​លំនៅដ្ឋាន និង​ដី​សម្រាប់​បង្កបង្កើនផល ហាម​មិនឱ្យ​អ្នកភូមិ​ប៉ូ​ឡូ ត្រង់ចំណុច​អូរ​រ៉េត បន្តធ្វើ​ចម្ការ​វិលជុំ​តាមបែប​ប្រពៃណី​ទៀត។ អ្នកសម្របសម្រួល​គម្រោង​កំណែទម្រង់​ដីធ្លី​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​រូបនេះ បានឱ្យដឹង​បន្ថែមថា ក្នុងករណី​ដី​សម្បទាន​សង្គមកិច្ច​ទំហំ៨០០ហិកតា នៅ​ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ប័ណ្ណកម្មសិទ្ធិ​គ្រប់គ្រង​ដី​ត្រូវបាន​ផ្តល់ទៅឱ្យ​ប្រជាជន១២៩៩គ្រួសារ នៅពេលដែល​ប្រជាជន២៥០គ្រួសារ​ផ្សេងទៀត​កំពុងកាន់​កាប់​និង​អាស្រ័យ​ផល​លើដី​ស្ថិតក្នុង​ប្លង់​កម្មសិទ្ធិ​ទាំងនោះ។
 
ទំនាស់​នានា​បាន​កើតឡើង​ក្នុង​របៀប​ប្រហាក់ប្រហែល​នឹង​ករណី​ខាងលើ​ដែរ សម្រាប់​ដី​សម្បទាន​សង្គមកិច្ច​ទំហំ១១០ហិកតា ក្នុង​ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​សម្រាប់​ផ្ទៃដី​សម្បទាន​សង្គមកិច្ច​ទំហំ៥៥៥៧ហិកតា ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ។ របាយការណ៍​របស់​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្ហាញ​ថា ជម្លោះដីធ្លី​មួយចំនួន ក្នុងចំណោម​ជម្លោះដីធ្លី​ចំនួន៤១ករណី​ថ្មី ដែល​ត្រូវបាន​កត់ត្រា​ថា​បាន​កើតឡើង​ក្នុង​ឆ្នាំ២០១៣ មាន​ទំនាក់ទំនង​ជាមួយ​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច។
 
គួររម្លឹកថា រដ្ឋាភិបាល​បានសម្រេច​ផ្អាក​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វិនិយោគឯកជន ហើយ​បង្កើន​ការផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឆ្នាំ២០១៣រហូតដល់៥ដង បើ​ប្រៀប​ទៅ​ឆ្នាំ២០១២ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ និង​ចៀសវាង​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន។ ដោយ​ផ្អែកលើ​របាយការណ៍​ថ្មី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អំពាវនាវ​ឱ្យ​សង្គម​ស៊ីវិល ម្ចាស់ជំនួយ និង​ប្រជាពលរដ្ឋ​កម្ពុជា ត្រូវតែ​តាមដាន​ទំនាស់​ដីធ្លី​ឱ្យ​មែនទែន ដោយហេតុថា ការផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​វិនិយោគឯកជន មិនបាន​កាត់បន្ថយ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា​ទេ៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors