ព្រៃ​ឈើ​ប្រមាណ​៣០​ហិកតារ​ថ្មី​ទៀត​ត្រូវ​គេ​កាប់​រាន​នៅ​រតនគិរី



កាប់​ឈើ រតនគិរី ៦១០
ព្រៃឈើ​នៅ​សេសសល់​ពី​សកម្មភាព​កាប់​រាន​យក​ដី​នៅ​តំបន់​ភ្នំ​គន្ធី ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី ត្រូវ​បាន​សហគមន៍​ជនជាតិ​ដើម​អះអាង​ថា កំពុង​ត្រូវ​បាន​គេ​ជួល​កម្មករ​កាប់​រាន​បន្ត​ទៀត ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ ឬ​លក់។ ក្រុម​សហគមន៍​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ព្រៃ​ខុស​ច្បាប់​នេះ។ព្រៃ​ឈើ​ប្រមាណ ៣០​ហិកតារ​ថ្មី​ទៀត ត្រូវ​បាន​គេ​កាប់​រំលំ​រួច​ហើយ​នៅ​តំបន់​ភ្នំ​គន្ធី ក្នុង​ឃុំ​ប៉ាតាង ស្រុក​លំផាត់។
កាល​ពី​សប្ដាហ៍​មុន​នេះ ក្រុម​សហគមន៍​ភូមិ​ប៉ាតាង បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​នោះ បាន​រាយការណ៍​ថា ដើម​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​ដែល​នៅ​សេសសល់​ពី​ការ​កាប់​រាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ត្រូវ​បាន​កម្មករ​ស៊ី​ឈ្នួល​កាប់​រំលំ​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។

តំណាង​សហគមន៍ លោក ហ្សុន លិក ចោទ​ប្រកាន់​ទៅ​លើ​មេ​ភូមិ មេ​ឃុំ និង​ស្មៀន​ឃុំ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នេះ​ដើម្បី​រាន​យក​ដី​លក់។ លោក​អះអាង​ថា កំពុង​​រក​កិច្ច​អន្តរាគមន៍​ទប់​ស្កាត់​ករណី​នេះ ពីព្រោះ​សហគមន៍​មិន​មាន​ជំនឿ​លើ​មន្ត្រី​មូលដ្ឋាន​ទាំង​នោះ​ក្នុង​ការ​ទប់​ស្កាត់​ករណី​នេះ​បាន​ទេ៖ «ខ្ញុំ​ប្រមូល​សហគមន៍​ខ្ញុំ​ទៅ​ទប់ស្កាត់ គ្រាន់តែ​ផ្អាក​មួយ​រយៈៗ ហើយ​គេ​ធ្វើ​ទៀត។ អ្នក​កាប់​ជា​អាជ្ញាធរ​ជួល​គេ​កាប់​ហ្នឹង​ហើយ​លក់​បន្តៗ អ៊ីចឹង​លក់​ឯកជន។ ខាង​ឃុំ​មាន​ឃាត់​ឯ​ណា បើ​ឃុំ​អ្នក​ធ្វើ​បាន​អ្នក​ណា​ឃាត់​ទៀត?»។

មួយ​ភាគ​ធំ​នៃ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​គន្ធី បាន​ក្លាយ​ជា​ដី​វាល​ក្រាល​ដោយ​គំនរ​ឈើ​ដែល​កាប់​រំលំ​​មិន​ទាន់​ដុត​រាន​នៅ​ឡើយ។ ភ្នំ​គន្ធី ឋិត​ក្នុង​ទឹក​ដី​ឃុំ​ប៉ាតាង ស្រុក​លំផាត់ មាន​ទំហំ​ដី​ប្រមាណ​ជាង ១០០​ហិកតារ ជា​តំបន់​ព្រៃ​ឈើ​សហគមន៍​អភិរក្ស​ទុក​ជា​សម្បត្តិ​ធនធាន​ធម្មជាតិ។

កាល​ពី​ខែ​សីហា កន្លង​ទៅ ព្រៃ​ឈើ​នៅ​ភ្នំ​គន្ធី រង​ការ​កាប់​រាន​អស់​ប្រមាណ ២០​ហិកតារ​បន្ថែម​លើ​សកម្មភាព​កាប់​រាន​យក​ដី​អស់​ជាង ២០​ហិកតារ ដោយ​អតីត​អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី លោក ថោ សារ៉ន កាល​ពី​ឆ្នាំ​២០១០។ ប្រជា​សហគមន៍​អ្នក​អភិរក្ស​តំបន់​ព្រៃ​ឈើ​នោះ​ប្រតិកម្ម​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ទប់​ស្កាត់​ពី​សកម្មភាព​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ទាំង​អស់​នោះ។

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មករា មិន​អាច​ទាក់ទង​មេ​ភូមិ មេ​ឃុំ​ប៉ាតាង សុំ​បំភ្លឺ​សេចក្ដី​ចោទ​ប្រកាន់​នេះ​បាន​ទេ។ ចំណែក​ស្មៀន​ឃុំ លោក ថោង គឹមឈុន មាន​ប្រសាសន៍​បដិសេធ​ថា ពាក្យ​ចោទ​របស់​សហគមន៍​គឺ​ជា​ការ​មិន​ពិត។

លោក​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ដែល​មាន​ក្បាល​ដី​ជាប់​នឹង​ព្រៃ​នៅ​តំបន់​នោះ បាន​កាប់​ឆ្ការ​ព្រៃ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ៖ «ធ្វើ​តាម​គាត់ អ៊ីចឹង​តិច​ទៀត​ចាប់​ទាំង​គាត់​ដែរ ព្រោះ​ពួកគាត់​ក៏​ដី​ព្រៃ​នៅ​សល់​បន្តិចបន្តួច​ដែរ ហើយ​បើ​យើង​មិន​អនុគ្រោះ​ទេ ម៉ោង​នេះ​យើង​អភិវឌ្ឍន៍​ហើយ។ គាត់​ថា កាប់​ភ្នំៗ​ហ្នឹង​វា​ធ្ងន់ធ្ងរ»។

ទាក់ទិន​សេចក្ដី​ចោទ​ប្រកាន់​នេះ អភិបាល​ស្រុក​លំផាត់ លោក គង់ ស៊្រុន អះអាង​ថា លោក​មិន​ជឿ​ថា មន្ត្រី​មូលដ្ឋាន​គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នោះ​ទេ។ លោក​សង្កត់​ធ្ងន់​ថា ប្រសិន​មាន​ភស្តុតាង​ថា មន្ត្រី​មូលដ្ឋាន​មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នោះ​មែន លោក​នឹង​រៀបចំ​ពាក្យ​ប្ដឹង​មន្ត្រី​នោះ​តាម​ផ្លូវ​តុលាការ៖ «បើ​សិន​ជា​អ្នក​ហ្នឹង​ជា​អាជ្ញាធរ​ហើយ​កាន់​ច្បាប់​គេ​អនុវត្ត​របៀប​ហ្នឹង ខ្ញុំ​ត្រូវ​តែ​ប្ដឹង​ចូល​តុលាការ»។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​លោក​ចុះ​អង្កេត​ករណី​នេះ។ លោក​បន្ត​ថា កន្លង​ទៅ​សកម្មភាព​កាប់​ព្រៃ​រាន​យក​ដី​នៅ​តំបន់​នោះ មន្ត្រី​ជំនាញ​បាន​ដក​ហូត​មួយ​ចំនួន​វិញ​ហើយ ប៉ុន្តែ​មិន​ឃើញ​ជន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​ណា​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រឿង​នេះ​ឡើយ។

លោក ឆាយ ធី៖ «សេចក្ដី​រាយការណ៍​របស់​សហគមន៍​ថា កាប់​រយៈពេល​កន្លង​មក​គឺ​ប្រហែល​ជា ៥០​ហិកតារ​ហើយ។ សមាគម​អាដហុក គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​កសាង​សំណុំ​រឿង​ហ្នឹង​បញ្ជូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន ថ្លែង​ថា សហគមន៍​ត្រូវ​ផ្ដល់​របាយការណ៍​បន្ទាន់​មក​ស្ថាប័ន​លោក​ដើម្បី​ចុះ​ពិនិត្យ​សេចក្ដី​រាយការណ៍​ពី​បទល្មើស​ព្រៃ​ឈើ​ថ្មី​នេះ៕
ប្រភព៖RFA


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors