នៅក្នុងប្រទេសបារំាង វិទ្យាស្ថានស្ថិតិ Insee បានផ្សព្វផ្សាយនូវតួលេខនៃចំនួនអាពាហ៍ពិពាហ៍ក្នុងឆ្នំា ២០១៣ ពោលគឺមានការរៀបអាពាហ៍ពិពាហ៍ចំនួន ២៣៨ ០០០គូដែលក្នុងនោះ ៧ ០០០គូ ជាអ្នកដែលមានភេទដូចគ្នា។ សូមជម្រាបជូនថា បារំាងទើបបានជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងលោកដែលបានអនុញ្ញាតឲ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការជាផ្លូវការបាន។
អាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នាចំនួន ៧ ០០០គូ ក្នុងចំណោមអាពាហ៍ពិពាហ៍សរុបទំាង ២៣៨ ០០០គូក្នុងឆ្នំា ២០១៣ គឺមិនច្រើនដូចការទន្ទឹងរង់ចំារបស់ក្រុមអ្នកប្រឆំាងនឹងច្បាប់អាពាហ៍ពិពាហ៍សម្រាប់ទំាងអស់គ្នានោះទេ។ តែនេះ គ្រាន់តែជាចំណុចផ្តើមប៉ុណ្ណោះ។ បើគិតជាភាគរយ អាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នាតំណាងឲ្យ ៣% នៃចំនួនអាពាហ៍ពិពាហ៍សរុបក្នុងឆ្នំា ២០១៣។ គួររម្លឹកជូនថា គឺទើបតែនៅក្នុងខែឧសភា ឆ្នំា ២០១៣ មុននេះទេ ដែលបារំាងបានអនុម័តច្បាប់ឲ្យមនុស្សស្រឡាញ់ភេទដូចគ្នាអាចរៀបការស្របច្បាប់ជាមួយគ្នាបាន។ ដូច្នេះបើគេគិតពេញមួយឆ្នំា ២០១៣ វិញ ចំនួនអាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នានឹងប្រាកដជាមានច្រើនជាង ៣% ជាមិនខាន។អ្វីជាការកត់សម្គាល់ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នំា ២០១៣ អាពាហ៍ពិពាហ៍រវាងមនុស្សស្រឡាញ់ភេទដូចគ្នាត្រូវបានធ្វើឡើងនៅក្នុងស្រុក សង្កាត់ចំនួនជិត ៣ ០០០ នៅទូទំាងប្រទេសបារំាង និងដែលព្រឹត្តិការណ៍នោះមិនត្រូវបានរំខានដោយក្រុមអ្នកប្រឆំាងនឹងអាពាហ៍ពិពាហ៍សម្រាប់ទំាងអស់គ្នាទេ។ ការកត់សម្គាល់មួយទៀត ក្នុងចំណោមគូស្រករភេទដូចគ្នាទំាង ៧ ០០០គូដែលបានរៀបការក្នុងឆ្នំា ២០១៣ ភាគច្រើន ជាគូស្រកររវាងបុរស ពោលក្នុងចំណោម ៥គូ មាន ៣គូជាបុរស។ និយាយពីអាយុវិញ គូស្រករបុរសមានអាយុជាមធ្យម ៥០ឆ្នំា ទល់នឹងគូស្រករស្រ្តីដែលមានអាយុជាមធ្យម ៤៣ឆ្នំា។
តាមពិតទៅ ការដែលគូស្រកររវាងបុរស និងបុរស ឬមួយរវាងស្រ្តី និងស្រ្តីមានអាយុច្រើន ក៏មិនមែនដោយសារតែភាពយឺតយ៉ាវក្នុងការរៀបអាពាហ៍ពិពាហ៍របស់ពួកគេទេ តែមកពីនៅមិនទាន់មានច្បាប់អនុញ្ញាតឲ្យពួកគេអាចរៀបការដោយស្របច្បាប់បាន។ តែគេសង្ឃឹមថា ឆ្នំា ២០១៤ នេះ កំណើនអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នានឹងកើនឡើង ព្រមទំាងអាយុគូស្រករក៏មានកាន់តែតិចដែរ៕
