តាមរយៈនាទីយើង លោកបណ្ឌិតធុយ ចាន់ធួននឹងជម្រាបពិស្តារពីសក្តានុពលនៃបដិវត្តន៍ដែកដែលធ្វើឲ្យកម្ពុជាក្លាយជាអាណាចក្រដ៏រុងរឿងកាលពីសម័យកាលនោះ។
មនុស្សខ្មែរបានបង្កើតឧស្សាហកម្មឡស្លរដែកខ្នាតធំតាំងពីឆ្នាំ៦៧៣ មុន គ.ស។ អ្នកបុរាណវិទ្យាបានរកឃើញថាដែកជាចំណែកដែលធ្វើឲ្យខ្មែរក្លាយជាអាណាចក្រដ៏ថ្កុំថ្កើងកាលពីសម័យមុន។ មនុស្សបុរាណខ្មែរពូកែខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលអាចកែច្នៃដែកយកមកប្រើប្រាស់ក្នុងការសាងសង់ប្រាសាទដែលបន្សល់ទុករហូតមកទល់បច្ចុប្បន្ន។
កាលពីដើម នៅអាស៊ីអាគ្នេយ៍មានតែខ្មែរទេដែលមានឧស្សាហកម្មឡស្លរដែក។ អ្នកប្រាជ្ញខាងបុរាណវិទ្យាបានរកឃើញឧស្សាហកម្មឡស្លរដែកចំនួន២០០កន្លែងដែលបុព្វបុរសខ្មែរបានបង្កើត។
ទីតាំងចម្រាញ់ដែកបុរាណទាំង២០០ទីតាំង ស្ថិតនៅក្នុងស្រុករវៀង ស្រុកជ័យសែន ស្រុកឆែប ស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកជីក្រែង និងស្រុកអង្គរជុំ របស់ខេត្តសៀមរាប។ ក្នុងចំណោមស្ថានីយ៍ជាង២០០នោះ មានស្ថានីយដែលអាចកំណត់បានថា ជាទីតាំងឧស្សាហកម្មផលិតដែកធំៗនៅសម័យបុរេអង្គរមានចំនួន០៩ ស្ថានីយគឺ៖
១. ស្ថានីយសន្លុងភូមិបឹង មានទីតាំងស្ថិតនៅក្នុងភូមិបឹង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ
២. ស្ថានីយសន្លុងតាលៃ មានទីតាំងស្ថិតនៅក្នុងភូមិស្រែធ្នង់ ឃុំរមណីយ ស្រុករវៀង
ខេត្តព្រះវិហារ
៣. ស្ថានីយសន្លុងប្រសាទបាកាណ មានទីតាំងស្ថិតនៅក្នុងភូមិតាសែង ឃុំរណសិរ្ស
ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
៤. ស្ថានីយសន្លុងអាចម៍សំរឹទ្ធ មានទីតាំងស្ថិតនៅក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន
ខេត្តព្រះវិហារ
៥. ស្ថានីយសន្លុងភ្នំដែកសំរោងចុងកាល់ មានទីតាំងស្ថិតនៅក្បែភ្នំដែក ក្នុងភូមិចារថ្មី ឃុំលំទង
ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (នៅចន្លោះមុំបីស្រុក សំរោង ចុងកាល់ និងអន្លង់វែង)
៦. ស្ថានីយសន្លុងកំបុតចាស់ មានទីតាំងស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប
ខេត្តព្រះវិហារ
៧. ស្ថានីយសន្លុងឫស្សីត្រឹប មានទីតាំងស្ថិតនៅក្នុងភូមិដងផ្លិត ឃុំឆែប២ ស្រុកឆែប
ខេត្តព្រះវិហារ
៨.ស្ថានីយសន្លុងស្រែរំទេព ក្នុងភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ
៩. ស្ថានីយសន្លុងស្វាយតំណាក់ ក្នុងភូមិស្វាយដំណាក់ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ
ក្នុងបេសកកម្មចំនួន១០ថ្ងៃចាប់ពីសប្តាហ៍ក្រោយនេះ លោកបណ្ឌិតធុយ ចាន់ធួននឹងបន្តការស្រាវជ្រាវជុំវិញភ្នំដែកនិងតំបន់ជាច្រើនទៀតនៅក្នុងខេត្តព្រះវិហារ។
(សំឡេង)
លោកបណ្ឌិតធុយ ចាន់ធួនបានបន្ថែមថាតាមរបកគំហើញបញ្ជាក់យ៉ាងច្បាស់ពីភាពអស្ចារ្យរបស់មនុស្សខ្មែរដែលចេះប្រើប្រាស់ដែកយកទៅចាក់ថ្មក្នុងការសាងសង់ប្រាសាទផងទាំងឡាយ។ ក្រៅពីសព្វាវុធសម្រាប់ធ្វើសង្រ្គាមខ្មែរបានប្រើប្រាស់ដែកជាប្រយោជន៏ក្នុងការសាងសង់សំណង់ប្រវត្តិសាស្ត្រដែលបន្សល់ទុកដល់កូនខ្មែរនាពេលបច្ចុប្បន្ន។
(សំឡេង)
ក្រោមការខ្នះខ្នែងរបស់លោកបណ្ឌិតធុយ ចាន់ធួន ស្ថានីយផលិតដែកបុរាណចំនួនមួយត្រូវបានកែប្រែក្លាយជាឧទ្យានជាតិនិងរមណីយដ្ឋានប្រវត្តិសាស្ត្រសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ។
ស្ថានីយឧស្សាហកម្មដែកបុរាណទាំង៩ទីតាំងសំខាន់ៗនោះ ជាស្ថានីយដែលចាំបាច់
ត្រូវការពារឲ្យនៅរក្សាទម្រង់ដើម។
(សំឡេង)
ទីតាំងឡស្លរដែកទាំង២០០កន្លែងរបស់មនុស្សខ្មែរបុរាណគឺឋិតនៅក្នុងព្រះវិហារ ខេត្តសៀមរាប និងកំពង់ធំ និងខេត្តឧត្តមានជ័យ។ ដែកដែលត្រូវយកមកប្រើប្រាស់គឺទាញយកពីរ៉ែដែកនៅខេត្តឧត្តមានជ័យ និង ព្រះវិហារ។
(សំឡេង)
លោកបណ្ឌិត ធុយ ចាន់ធួនបានថ្លែងថាពីដើម ខ្មែរមិនត្រឹមតែអាចចេះស្វែងរករ៉ែដែកនោះទេ ខ្មែរនៅអាចស្លរដែកដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍បានយ៉ាងច្រើនក្រាស់ក្រែល។
(សំឡេង)
ជាមួយគ្នានេះលោកបណ្ឌិតបានបង្ហាញការសោកស្តាយចំពោះសម័យបច្ចុប្បន្នដែលខ្មែរមិនអាចចេះ ចំរាញ់និងស្លរដែកយកមកប្រើប្រាស់បាន។
(សំឡេង)
កម្ពុជានៅមានធនធានរ៉ែដែក និងមានភ្នំដែកចំនួនពីរគឺនៅក្នុងខេត្តព្រះវិហារ និងនៅក្នុងខេត្តឧត្តរមានជ័យ។ ក៏ប៉ុន្តែលោកបណ្ឌិតធុយ ចាន់ធួនបានថ្លែងថាលោកមិនដឹងថារ៉ែដែកដែលនៅសេសសល់នោះមានទំហំប៉ុណ្ណានោះទេ។
តាមរយៈភស្ដុតាង កាផលិតដែកបន្សល់ស្លាកស្នាមគំនរសំណល់ដែក រាប់លានម៉ែត្រគូប កប់នៅក្នុងព្រៃ។ សក្ខីកម្មនៃការរកឃើញកន្លែងផលិតដែកធំៗ នេះបញ្ជាក់ថា មនុស្សខ្មែរមុនសម័យអង្គរ ចេះប្រើកម្ដៅ រាប់ពាន់អង្សាសេ ដើម្បីរំលាយដែក។ មនុស្សខ្មែរបុរាណចេះបង្កើតសព្វាវុធ សម្រាប់ការពារអាណាចក្រអង្គរ និងបានផលិតរបស់ប្រើប្រាស់ ជាច្រើនប្រភេទធ្វើអំពីដែក សម្រាប់ការពារជាតិ និងតម្រូវការសង្គម។ មនុស្សខ្មែរបុរាណបានបន្សល់ភស្ដុតាងការដ្ឋានកាត់ថ្ម ជាច្រើនកន្លែង ដែលបានប្រើដែកទៅកាត់ថ្ម យកមកកសាងប្រាសាទ។
ការស្រាវជ្រាវនេះបានបង្ហាញអំពីសម្ថភាពខ្ពស់ខាងផលិតដែក របស់ខ្មែរបុរាណ ឲ្យមនុស្សខ្មែរ ជំនាន់ក្រោយ យកគំរូវីរភាព និងចេះរិះរកបច្ចេកទេសដើម្បីអភិវឌ្ឍប្រទេស ដោយអាស្រ័យផលធនធានរ៉ែក្នុងស្រុករបស់ខ្នួន។ សម្រាប់ការស្រាវជ្រាវបន្ត ក្នុងឆ្នាំ២០១៤នេះ លោកសាស្រ្ដាចារ្យបណ្ឌិត បានបញ្ជាក់ថា លោកមានបំណងចង់រកឲ្យឃើញ នូវបច្ចេកទេស និងទំហំចង្ក្រាន ឬឡសម្រាប់រំលាយដែក នៅសម័យបុរាណនោះឲ្យឃើញ៕
Labels: ព័ត៌មានជាតិ