
សហជីពសេរីកកម្មករ កាលពីថ្ងៃចន្ទ បានបញ្ចេញរបាយការណ៍អំពីចំនួនរោងចក្រកូដកម្ម, និងរបាយការណ៍គ្រោះថ្នាក់ការងាររបស់កម្មករប្រចាំឆ្នាំ២០១៣។ របាយការណ៍ នេះបង្ហាញថាចំនួនរោងចក្រកូដកម្មបានកើនឡើងនៅឆ្នាំ២០១៣ បើធៀបនឹងឆ្នាំ២០១២។មូលហេតុគឺការផ្ទុះកូដកម្ម
ទាមទារតម្លើងប្រាក់ខែ១៦០ដុល្លារនាចុងឆ្នាំ២០១៣។ ចំណែកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ មិនទាន់មានរបាយការណ៍ផ្លូវការអំពីចំនួនរោងចក្រកូដកម្មនោះទេ។សហជីពសេរីកម្មករដែលមានលោកជា មុនី ជាប្រធាន មុនថ្ងៃគំរប់ខួប១០ឆ្នាំរបស់បងប្រុសលោកគឺ លោកជា វិជ្ជា សហជីពមួយនេះបានចេញរបាយការណ៍ស្តីពីចំនួនរោងចក្រកូដកម្មប្រចាំឆ្នាំ២០១៣ នៅកម្ពុជា។ របាយការណ៍បង្ហាញថា ចំនួនរោងចក្រកូដកម្មមានចំនួន ៣៨១រោងចក្រ។ ចំនួននេះច្រើនជាងឆ្នាំ២០១២ ដែល រោងចក្រកូដកម្មមានចំនួនត្រឹមតែ១០១រោងចក្រប៉ុណ្នោះ។ យោងតាមរបាយការណ៍ដដែល ចំនួនរោងចក្រកូដកម្មបានផ្ទុះឡើងយ៉ាងច្រើននៅខែធ្នូ គឺកំឡុងពេលដែលកម្មករទាមទារអោយមានប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ។រីឯរបាយការណ៍របស់ក្រសួងការងារទាក់ទងទៅនឹងតួលេខនៃចំនួនរោងចក្រកូដកម្មវិញ មិនទាន់ត្រូវបានសំរេចចេញនូវតួលេខជាផ្លូវការនៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក លោក វង្ស សុវណ្ណ អគ្គលេខាធិការងនៃគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម កូដកម្ម នៅគ្រប់មុខសញ្ញានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ មន្រី្តរូបនេះបានអោយដឹងថា នេះគឺដោយសារមួយរយៈពេលចុងឆ្នាំ២០១៣ដែលទើបកន្លងទៅនេះ ក្រសួងការងារមានការមមាញឹកច្រើន។
នៅចុងឆ្នាំ២0១៣ គឺនៅក្នុងខែធ្នូ របាយកាណ៍របស់សហជីពសេរីកម្មករបានបង្ហាញថា រោងចក្រកូដកម្ម មានចំនួនដល់ទៅ២៤៥រោងចក្រ មូលហេតុគឺបណ្តាលមកពីកម្មករផ្ទុះធ្វើកូដកម្មទាមទារប្រាក់ឈ្នួលអោយដល់១៦០ដុល្លារ។
ទាក់ទងនឹងបញ្ហាតម្លើងប្រាក់ឈ្នួលនេះ លោក សុវណ្ណ បានអោយដឹងថា ការចចាឡើងវិញមិនទាន់អាចកំណត់ថាធ្វើនៅពេលណានោះទេ ពីព្រោះថាក្រសួងការងារបានចេញប្រកាសរួចរាល់ហើយអោយកម្មករមានប្រាក់ឈ្នួលអប្បបរមា១០០ដុល្លារ ដូច្នេះយើងត្រូវតែអនុវត្តន៍។ តែយ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធនឹងមានការជួបពិភាក្សាទៀតនៅឆ្នាំក្រោយ គឺអាស្រ័យទៅលើការវិវត្តន៍នៃស្ថានភាព និងសេដ្ឋកិច្ចជាដើម។
សូមបញ្ជាក់ថា ក្រៅពីរបាយណ៍ចំនួនរោងចក្រកូដកម្ម ក៏មានដែររបាយការណ៍គ្រោះថ្នាក់ការងារប្រចាំឆ្នាំ២០១៣។ លោក ជា មុនី ប្រធានសហជីពសេរីកម្មករបានអោយដឹងថា ចំនួនកម្មករដួលសន្លប់ មាន៨០២នាក់ ក្នុងឆ្នាំ២០១៣ ជាចំនួនដែលថយចុះទាបជាងច្រើនជាងឆ្នាំ២០១១និង២០១២ ពីព្រោះថា កម្មករមួយចំនួនលែងចង់ធ្វើការថែមម៉ោង ហើយរោងចក្រមួយចំនួនក៏បានកែប្រែបរិស្ថានជុំវិញ តាមតម្រូវការកម្មករ ដូចជាការបន្ថែមកង្ហា បន្ទប់ទឹកស្អាតគ្មានក្លិន នៅកន្លែងការងារជាដើម។
ចំនែករបាយការណ៍កម្មករគ្រោះថ្នាក់ចរាចរណ៍វិញ កម្មករចំនួន៣៧៩នាក់របួស និង ៥នាក់ស្លាប់ ។ បញ្ហាគឺដោយសារតែការដឹកលើសចំណុះ និង អ្នកបើកបរខ្វះបច្ចេកទេស ឬក៏មិនបានចូលសាលាត្រឹមត្រូវ ដែលបណ្តាលអោយបង្កជាគ្រោះថ្នាក់នៅពេលដឹកកម្មករដែលប្រជ្រៀតគ្នាលើឡាន ឬរ៉ឺម៉កត្រលប់ទៅផ្ទះវិញ៕
