លិខិតឆ្លងឆ្លើយ ចោទប្រកាន់ និងបដិសេធ បានបន្តកើតឡើង រវាងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងក្រសួងការពារជាតិ។ នៅថ្ងៃទី៣០មករានេះ លោក យឹមសុវណ្ណ បានសរសេរលិខិត បដិសេធទាំងស្រុងនូវសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ លិខិតរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចុះថ្ងៃទី២៨មករា បានអះអាងថា លោកយឹមសុវណ្ណ បានមាក់ងាយ ទៅលើកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់កងទ័ពកម្ពុជា។
ក្នុងលិខិត ដែលផ្សព្វផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី៣០មករានេះ លោកយឹមសុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបដិសេធទាំងស្រុង ចំពោះសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១។ ជាសេចក្តីប្រកាស ដែលលោក យឹម សុវណ្ណ ចាត់ទុកថា មានគោលបំណងធ្វើឲ្យកងទ័ពជាតិយល់ច្រលំ មកលើការធ្វើអត្ថាធិប្បាយរបស់លោក នៅក្នុងអត្ថបទមួយ របស់កាសែត The Cambodia Daily ចេញផ្សាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១។លោក យឹម សុវណ្ណ ដែលជាប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំរាជធានីភ្នំពេញ និងជាតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ បានស្រាយបំភ្លឺ ៤ ចំណុច ជូនកងទ័ពជាតិ គឺន័យពិតប្រាកដ នៃអត្ថាធិប្បាយរបស់លោក ក្នុងកាសែត សំដៅទៅលើអ្នកធ្វើសេចក្តីសំរេចមួយចំនួនតូច ក្នុងជួរកងទ័ព ដែលក្នុងកាលះទេសះ ដែលប្រទេសកម្ពុជា កំពុងមានវិបត្តិនយោបាយ កងទ័ពបែរជាគាំទ្រគណបក្សនយោបាយមួយ ហើយប្រឆាំងនឹងគណបក្សនយោបាយមួយទៀត។ ប៉ុន្តែតាមច្បាប់ កងទ័ពជាតិ ត្រូវមានភាពអព្យាក្រឹត្យ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។
លោក យឹម សុវណ្ណ បញ្ជាក់ថា ការប្រើប្រាស់កងកំលាំងប្រដាប់អាវុធ តាមការបញ្ជារបស់អ្នកធ្វើសេចក្តីសំរេចមួយចំនួនតូច បង្ក្រាបដោយហិង្សា លើបាតុករស្លូតត្រង់ បាញ់គ្រាប់ពិតតំរង់ទៅរកកម្មករ រហូតកម្មករ ៥ នាក់ បាត់បង់ជីវិត និងរបួសប្រមាណ ៤០ នាក់ កាលពីថ្ងៃទី៣មករា ឆ្នាំ២០១៤ គឺជាទង្វើខុសច្បាប់។
ការលើកឡើងរបស់លោក យឹម សុវណ្ណ ខាងលើ ជាការឆ្លើយតបនឹងលិខិតរបស់អ្នកនាំពាក្យក្រសួងការពាជាតិ កាលពីថ្ងៃ២៨មករា។ លិខិតក្រសួងការពារជាតិ បានអះអាងថា លោក យឹម សុវណ្ណ ចោទប្រកាន់ថា កងទ័ពដែលកើតចេញពីរដ្ឋាភិបាល និងរដ្ឋសភា ខុសច្បាប់ គឺជាកងទ័ពខុសច្បាប់។ ការលើកឡើងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសបដិសេធ និងថ្កោលទោស ដោយចាត់ទុកជា ការប្រមាថ មើលងាយលើតួនាទីរបស់កងយោធពលខេមរភូមិន្ទ៕