Pages

Wednesday, January 29, 2014

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​ទាមទារ​អោយ​ឈប់​បង់ប្រាក់​ដល់​ក្រុមភេរវជន​ជាថ្នូរ​ដោះលែង​​ចំណាប់ខ្មាំង​

ចំណាប់ខ្មាំង​បារាំង ដែល​ត្រូវបាន​ដោះលែង នៅប្រទេស​នីហ្សេ កាលពីខែតុលា ឆ្នាំ​២០១៣។
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមប្រឹក្សា​ សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​​​ទាមទារ​អោយ​​​​បញ្ឈប់​សកម្មភាព​​បង់​ប្រាក់ថ្នូរ​​ដល់​ក្រុមភេរវជន​នានា​ ដើម្បី​​ដោះដូរ​​ចំណាប់ខ្មាំង ដូច​ដែល​ប្រទេស​មួយចំនួន​​ធ្លាប់បានធ្វើ​ ក្នុងពេលកន្លងមក​នោះ។ ក្នុងការ​ដោះដូរ​ចំណាប់ខ្មាំង​នេះ ក្រុមជ្រុលនិយម​​​ដែលចាប់មនុស្ស​មកធ្វើជា​ចំណាប់ខ្មាំង ប្រមូល​បាន​ប្រាក់ចំណូល​​ជាង​មួយរយ​លាន​ដុល្លារ​ មកហើយ។
សម្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ការ​បង់ប្រាក់ថ្នូរ​ដើម្បីដោះដូរ​ចំណាប់ខ្មាំង​ គឺជាសកម្មភាព​ផ្តល់ប្រាក់កាស​អោយ​ដល់ក្រុមភេរវជន។​ វា​​ការលើកទឹកចិត្ត​ដល់​ក្រុម​ជ្រុល​និយម​​នានា​ អោយ​បន្ត​សកម្មភាព​ចាប់មនុស្ស​ធ្វើជា​ចំណាប់ខ្មាំង​ បន្ត​ទៅ​ទៀត។
 
នៅថ្ងៃ​ចន្ទ​ម្សិលមិញ​​ ​ក្នុង​កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ ប្រទេស​អង់គ្លេស​បានលើក​​​បង្ហាញ​គំរោង​ ស្តីពី​​ការបញ្ឈប់​សកម្មភាព​បង់ប្រាក់​ដល់​​ក្រុមភេរវជន​​ រឺ​ក្រុម​ជ្រុលនិយម​​ផ្សេងៗ ដើម្បី​​ជាថ្នូរ​ដោះលែង​ចំណាប់ខ្មាំង​មកវិញនេះ។ យោងតាម​អង់គ្លេស ជាង​៣ឆ្នាំកន្លះ មកនេះ ក្រុមជ្រុលនិយម​ជាច្រើន រឺ​ក៏​ក្រុមភេរវជន​នានា​ដែលជាប់ពាក់ព័ន្ធ​នឹង​​ក្រុម​អាល់កៃដា ​បាន​ទទួ​ល​ចំណូល​​ផ្ទាល់​ខ្លួន ប្រមាណ​១០៥លានដុល្លារ​មកហើយ។ រីឯ​អាមេរិក​បានវាយ​តំលៃ​ថា ក្នុង​រវាង​​១០ឆ្នាំ​មកនេះ ក្រុមជ្រុលនិយម​បាន​ទទួល​ប្រាក់ចំណូល​ប្រមាណ​១២០លាន​ដុល្លារ​រួចមកហើយ។
 
កន្លងមក ស្របតាម​​សេចក្តីសំរេច​អនុម័តក្នុងឆ្នាំ​២០០១ ប្រទេស​ជាច្រើន​​បាន​សម្រេច​ថា លែង​ផ្តល់​ប្រាក់ថ្នូរនឹង​ចំណាប់ខ្មាំង​ ដល់​ក្រុមភេរវជន ​ទៀតហើយ។ សេចក្តីសំរេច​របស់​អង្គការ​សហប្រជាជាតិ​​គ្រោង​អោយប្រទេស​​សមាជិក​ខ្លួនទាំងអស់ ធ្វើយ៉ាងណា​ហាមឃាត់​ក្រុមភេវរជន​មិនអោយ​ទទួលបាន​​ប្រាក់ថ្នូរ ទោះដោយ​ផ្ទាល់ រឺក៏ដោយ​ប្រយោល​ក្តី។ សេចក្តីសម្រេច​នេះ ក៏​ហាមមិនអោយ​រដ្ឋាភិបាលប្រទេស​នានា​ ព្រមចុះចាញ់​ដោយ​ផ្តល់​ប្រយោជន៍​នយោបាយ​ណាមួយ ដល់​ក្រុមភេរវជន​ផងដែរ។
 
បារាំងធ្លាប់បាន​សន្យា​ថា​លែងផ្តល់​ប្រាក់ថ្នូរ​ដោះដូរ​ចំណាប់ខ្មាំង ដល់​ក្រុមជ្រុល​និយម​ទៀតហើយ។ ប៉ុន្តែ ឆ្នាំមុន​ បារាំង​បាន​បដិសេធ​ការចោទប្រកាន់​​របស់​អ្នកការទូត​អាមេរិក​មួយរូប ដែល​បាន​អះអាងថា ​រដ្ឋាភិបាល​ក្រុងប៉ារីស​​បាន​ផ្តល់​ប្រាក់១៧លាន​ដុល្លារ ដើម្បី​សម្រួល​​ការដោះលែង​ចំណាប់ខ្មាំង​បារាំង​៣រូប នៅ​នីហ្សេ។
 
សារព័ត៌មាន​រ៉យតឺ បាន​ស្រង់​របាយការណ៍​​រដ្ឋាភិបាល​នីហ្សេដែល​បាន​លើកឡើងថា ក្រុមឧទ្ទាម​​អ៊ីស្លាម​បូកូ​អារ៉ាំ បាន​ទទួល​ប្រយោជន៍ប្រមាណ​៣លាន​១សែន​៥ពាន់​ដុល្លារ​ ពី​អាជ្ញាធរ​បារាំង​ និង​អាជ្ញាធរ​កាំម៉ឺរូន កាលពី​ខែ​មេសា ឆ្នាំ២០១៣ ហើយក្រុមនេះ​​បាន​ដោះលែង​ចំណាប់ខ្មាំង​បារាំង​៧រូប៕