ការស្វែងរកកិច្ចអន្តរាគមន៍ផ្នែកផ្លូវច្បាប់នេះ នៅក្រោយពេលដែលម៉ូតូ និងរ៉ឺម៉កទេសចរណ៍របស់ពួកគេបានបាត់ភ្លាមៗ ក្រោយពីមានផ្ទុះអំពើហិង្សានៅមុខក្រសួងព័ត៌មាន ខណៈមានការបាញ់ផ្សែងពុលពីសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលប្រឆាំងក្រុមអ្នកតវ៉ា ដែលទាមទារឲ្យក្រសួងព័ត៌មាន ផ្ដល់ហ្វ្រេកង់ស៍វិទ្យុផ្សាយបន្តតាមខេត្ត និងទូរទស្សន៍ ម៉ម សុណង់ដូ។
រស់នៅរាជធានីភ្នំពេញ និងមានមុខរបរជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយផង ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល លោក សយ សុខា ឲ្យដឹងនៅថ្ងៃទី២៨ មករា ថា នៅគ្រាលោកកំពុងរត់ម៉ូតូឌុបជិតទីតាំងកើតហេតុ ដែលជាពេលវេលាសល់ពីម៉ោងការងារជាគ្រូបង្រៀន លោកបានមើលការធ្វើបាតុកម្ម ហើយចតម៉ូតូក្បែរនោះ។ លោកបន្តថា ភ្លាមៗដោយការបាញ់ផ្សែងពុល និងការបង្ក្រាបរបស់សមត្ថកិច្ចប្រឆាំងក្រុមអ្នកតវ៉ា ដោយការភ័យខ្លាច លោកបានរត់ចោលម៉ូតូ។
លោក សយ សុខា ឲ្យដឹងទៀតថា នៅពេលលោកត្រឡប់មកវិញ ម៉ូតូក៏បាត់តែម្ដង។ ក្រោយពីបាត់ លោកបានរកឃើញម៉ូតូរបស់លោក ត្រូវបានគេរក្សាទុកនៅក្នុងសាលារាជធានីភ្នំពេញ។ ហេតុនេះលោកសូមអំពាវនាវឲ្យសាលារាជធានីភ្នំពេញ ផ្ដល់ម៉ូតូឲ្យលោកវិញ ដើម្បីអាចមានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិត។
ចំណែកលោក គង់ សុវណ្ណធី អតីតអ្នកបុរីកីឡា និងជាសមាជិករបស់សមាគមអ្នកប្រជាធិបតេយ្យដែលម៉ូតូបានបាត់ក្នុងព្រឹត្តិការណ៍នោះដែរ ថ្លែងថា គិតមកដល់ពេលនេះ ម៉ូតូរបស់លោកប្រភេទឆាលី ដែលបានបាត់ក្នុងហេតុការណ៍បង្ក្រាបនៅមុខក្រសួងព័ត៌មាន នៅមិនទាន់រកឃើញនៅឡើយទេ ទាំងនៅស្នងការ និងសាលារាជធានីភ្នំពេញ។ លោកបន្តថា ហេតុនេះលោកអំពាវនាវស្នើសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធជួយផ្ដល់មធ្យោបាយណាមួយដើម្បីអាចឲ្យលោកមានលទ្ធភាពប្រកបការងារដូចមុន។
ឆ្លើយតបបញ្ហានេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា មានម៉ូតូ ព្រមទាំងរ៉ឺម៉កទេសចរណ៍មួយចំនួនផង កំពុងរក្សាទុកនៅសាលារាជធានីភ្នំពេញ។ លោកបន្តថា ហេតុនេះ បើម្ចាស់ម៉ូតូ និងរ៉ឺម៉កទេសចរណ៍ចង់បាន គប្បីដាក់លិខិតពាក់ព័ន្ធដើម្បីផ្ទៀងផ្ទាត់ នោះនឹងអាចដកហូតយកទៅវិញបាន។
លោក អំ សំអាត មន្ត្រីបច្ចេកទេសស៊ើបអង្កេតអង្គការលីកាដូ មានប្រសាសន៍ថា សង្គមស៊ីវិលទើបទទួលបានលិខិតស្នើសុំកិច្ចអន្តរាគមន៍ពីម្ចាស់ម៉ូតូមួយចំនួននៅឡើយនៅពេលនេះ។ លោកបន្តថា ក្រោយពីពិនិត្យសំណើនៃកិច្ចអន្តរាគមន៍របស់ម្ចាស់ម៉ូតូរួចហើយ នឹងពិចារណាជាមុនសិនអំពីលទ្ធភាពក្នុងការជួយ ព្រោះថាសំណើសុំនេះដាក់មកមានរយៈពេលខ្លី ដែលពិបាកក្នុងការឆ្លើយតបភ្លាមៗ។ ទោះជាបែបណាលោកចាត់ទុកថា ផ្អែកតាមក្របខ័ណ្ឌច្បាប់ ម្ចាស់កម្មសិទ្ធិត្រូវទទួលបានមកវិញ ព្រោះថា ទ្រព្យសម្បត្តិទាំងនេះពុំមែនជារបស់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនោះទេ។
មន្ត្រីសាលារាជធានីភ្នំពេញ បញ្ជាក់ថា មានម៉ូតូនិងរ៉ឺម៉កទេសចរណ៍ប្រមាណជាង ១០គ្រឿង កំពុងរក្សាទុកនៅក្នុងសាលារាជធានីភ្នំពេញ ក្រោយពីប្រមូលបានក្នុងហេតុការណ៍ផ្ទុះការបង្ក្រាបដោយហិង្សាកាលពីថ្ងៃទី២៧ មករា នៅមុខក្រសួងព័ត៌មាន៕