Pages

Wednesday, January 29, 2014

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង រង​ការ​ថ្កោល​ទោស​ពី​កងទ័ព​

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ នៅ​ព្រឹក​ថ្ងៃទី៥វិច្ឆិកា ២០១៣។
ដោយ ញឹម សុផល
អ្នក​នាំពាក្យ​ក្រសួង​ការពា​ជាតិ​បដិសេធ និង​ថ្កោលទោស​ចំពោះ​ពាក្យ​ប្រមាថ​មើល​ងាយ​របស់​អ្នក​នាំ​ពាក្យ​គណបក្សសង្គ្រោះ​ជាតិ មក​លើ​តួនាទី​របស់​កងយោធពល​ខេមរភូមិន្ទ​ទាក់ទង​ទៅ នឹង​ការចោទប្រកាន់ថា កងទ័ព​ដែល​កើតចេញពី​រដ្ឋាភិបាល​និង​រដ្ឋសភា​ខុសច្បាប់​គឺជា​កងទ័ព​ខុសច្បាប់។ ក៏ប៉ុន្តែ​មន្ត្រី​នាំពាក្យ​គណបក្សប្រឆាំង​បដិសេធថា គឺជា​ការនិយាយ​សំដៅ​ទៅលើ​កងទ័ព​មួយចំនួន​តូច​ប៉ុណ្ណោះ។
អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ប្រទេស​កម្ពុជា បាន​សម្តែង​នូវ​ការខឹង​សម្បារ​ចំពោះ​ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្សប្រឆាំង​ដោយមាន​ការចោទប្រកាន់​ថា មាន​លក្ខណៈ​ប្រមាថមើលងាយ​ដល់​ស្ថាប័ន​កងទ័ព​របស់​ជាតិ​មួយ​នេះ។
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី២៨មករា ហើយ​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​នៅ​ថ្ងៃ​ពុធ​នេះ ឲ្យ​ដឹងថា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​សូម​ប្រកាស​បដិសេធ ថ្កោលទោស​ចំពោះ​ការ​ប្រមា​ថា​មើលងាយ​មកលើ​តតួ​នាទី​របស់​កងយោធពល​ខេមរភូមិន្ទ ពី​សំណាក់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​និយាយ​កាលពី​ថ្ងៃទី 

២៣មករា ឆ្នាំ ២០១៤ ហើយ​ត្រូវបាន​ស្រង់​សម្តី​និង​ចុះផ្សាយ​តាមរយៈ​កាសែត Cambodia Daily មួយថ្ងៃ​បន្ទាប់​នោះ បាន​លើកឡើងថា«រាជរដ្ឋាភិបាល​ដែល​បង្កើតឡើង​ដោយ​រដ្ឋសភា​ខុសច្បាប់​នេះ គឺជា​រដ្ឋាភិបាល​ខុសច្បាប់ ហើយ​កងទ័ព​ដែល​បំរើ​ឲ្យ​រាជរដ្ឋាភិបាល​ខុសច្បាប់ ក៏​ខុសច្បាប់​ដែរ»។

ទាក់ទង​ទៅ​ហ្នឹង​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​នាពេលនេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង អន្តរជាតិ RFI ថា​រដ្ឋសភា​បានកើត​ឡើង​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ ដោយមាន​តំណាងរាស្ត្រ​តែ៦៨រូប​ចូលប្រជុំ​សភា ហើយ​បង្កើត​​រដ្ឋាភិបាល​ក៏​មិន​ស្រប​រដ្ឋធម្មនុញ្ញ​ដូចគ្នា​ដែរ។ ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា តែងការ​ពារ និង​អះអាងថា ការប្រព្រឹត្តិទៅ​របស់​ស្ថាប័ន​កំពូល នីតិកាល​ទី៥នេះ​មាន​ភាពស្របច្បាប់ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ។ ដោយឡែក​ទាក់ទង​ទៅ​នឹង​​កងទ័ព​វិញ លោក​យឹម សុវណ្ណ ក៏បាន​ហៅ​ទង្វើរ​ដែល​បាន​បាញ់សម្លាប់​មនុស្ស​របស់​កងទ័ព​គឺជា​ទង្វើ​ខុសច្បាប់​ដែរ​ក៏ប៉ុន្តែ​មិន​សំដៅ​ទៅលើ​កងយោធពល​ខេមរៈភូមិន្ទ​ទាំងអស់​ទេ គឺ​កងទ័ព​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​រួមមាន៧ចំណុច បាន​ព្យាយាម​សង្ខេប​ពី​ចំណុចសំខាន់ៗ ដែល​ចំណុច​ទាំងអស់​សុទ្ធតែ​បាន​ទាក់ទង​ទៅនឹង ការអះអាង​ពី​ភាពស្របច្បាប់​របស់​ស្ថាប័ន​រដ្ឋាភិបាល​និង​រដ្ឋសភា ដោយ​ក្នុង​នោះបាន​ពិ​ព័ណ៌​នាពី​បរិយាកាស និង​សន្តិសុខ​ល្អ នៃ​ការបោះឆ្នោត កិច្ចប្រជុំសភា​ដំបូង​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​ព្រះរាជធិបតីភាព​របស់​ព្រះមហាក្សត្រ និង​បានបង្ហាញ​ពី​ដំណើរការ​ស្របទៅតាម​រដ្ឋ​ធម្មនុញ្ញ​​។

ជាមួយគ្នានេះ​អ្នកនាំពាក្យ​កងទ័ព​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​នាយទាហាន និង​ពលទាហាន​ឲ្យ​បន្ត​ភាព​អត់ធ្មត់ ចំពោះ​ការប្រើ​ពាក្យពេជន៍​ប្រមាថ​ម៉ាក់​ងាយ របស់លោក យឹម សុវណ្ណ មកលើ​កងយោធពល​ខេមរៈភូមិន្ទ៕