សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដាក់​ញត្តិ​ជូន​ទូត​បរទេស ដោយ​គ្មាន​ការ​រា​រាំង​



 សកម្មភាព​ របស់​ក្រុម​សង្គម​ស៊ីវិល ដាក់ញត្តិជូន​ទូត​នានា នៅ​ថ្ងៃទី ២៣មករា ២០១៤។
ដោយ ប៉ែន បូណា
ដូចការ​គ្រោង​ទុក​ អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួនជាង​ ១៨០​ អង្គភាព​បាន​បាន​ជួបជុំ​គ្នា​និង​ដាក់​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​បរទេស​ចំនួន​៦​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ដោយ​គ្មាន​ការរារាំង​ពី​សមត្ថកិច្ច​ដូច​កាលពី​លើក​មុន​ទេ។ ​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះបាន​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​សហជីព​និង​កម្មករ​២៣​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២​និង​ទី​៣​មករា ​និង​ទាមទារ​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នកតវ៉ា។
ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ដែល​មាន​គ្នា​រាប់​សិប​នាក់​ក្នុង​នោះ​មាន​ទាំង​ជនបរទេស​ព្រះសង្ឃ​និង​អ្នក​ភូមិ​បឹងកក់​មួយចំនួន​ផង​បាន​ជួបជុំ​គ្នា​និង​ផ្តើម​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាល្លឺម៉ង់​មុន​គេ។ ​បន្ទាប់​មក​ពួកគេ​ក៏បាន​បន្ត​ទៅ​ដាក់​ញត្តិ​ជូន​ស្ថានទូត​៥ផ្សេង​ទៀត​គឺ​ ស៊ុយអែត​ អូស្ត្រាលី ​កូរ៉េខាងត្បូង​ រុស្ស៊ី​ ​ថៃ និង​ម៉ាឡេស៊ី។​


ក្រុម​សកម្មជន​ទាំង​នោះ​ដែល​មាន​កាន់​បដា​ និង​ពាក់អាវ​ដែល​មាន​ចារ​អក្សរ​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ។​ មិន​ដូចជា​កាល​ពី​ថ្ងៃ​ទី ​២១​មករា​ ដែល​មាន​សមត្ថកិច្ច​មក​រារាំង​ និង​ចាប់​ខ្លួន​មេដឹកនាំ​បាតុកម្ម​ទេ​ ការជួបជុំ​និង​ដើរ​ហែក្បួន​ថ្ងៃនេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ការរំខាន។​ ផ្ទុយ​ទៅ​វិញ​ ប៉ូលិស​ចរាចរណ៍​បាន​ជួយសម្រួល​ដល់​ពួកគេ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព។​

គួរ​បញ្ជាក់​ថា​ អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​ ១៨១​ អង្គភាពបានផ្តើមដាក់​ញត្តិ​ទាមទារ​នេះ​បាន​ផ្តើម​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១​មករា​ ប៉ុន្តែ ​អាជ្ញាធរ​បាន​រារាំង​និង​បាន​នាំខ្លួន​សកម្មជន​១១​នាក់​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ដើម្បី​សាកសួរ​និង​ធ្វើ​កិច្ចសន្យា​មុន​នឹងដោះ​លែង​វិញ។ ​យ៉ាងណា​ក៏ដោយ ​អង្គការ​សង្គមស៊ីវិល​ទាំង​នោះ​នៅតែអាច​​ដាក់​ញត្តិ​ទៅ​ជូន​ស្ថានទូត​អាមេរិក​ បារាំង ​អង់គ្លេស ​អង្គការ​យូនីសេហ្វ ​និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ​នៅ​ថ្ងៃ​ដដែល​នោះ។

ញត្តិ​ទាមទារ​ដែល​ត្រូវ​ដាក់​ជូន​ស្ថានទូត​បរទេស​មាន​ខ្លឹមសារ​ថ្កោលទោស​ការប្រើ​កម្លាំង​ប្រដាប់​អាវុធ​និង​កំណើន​អំពើ​ហិង្សា​ប្រឆាំង​ប្រជាជន​កម្ពុជា។ ​ញត្តិ​ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​ ២៣ ​នាក់​ ឲ្យ​បង្កើត​​គណៈកម្មការ​ឯករាជ្យមួយ​ស៊ើបអង្កេត​ករណីហិង្សាកាលពីដើមខែមករា ​ ទាមទារ​ឲ្យ​អាជ្ញាធរបញ្ឈប់​ការប្រើ​អំពើ​ហិង្សា​ និង​ការ​ប្រើ​កម្លាំង​ហួសហេតុ​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​អ្នកតវ៉ា។ ​

ដំណើរ​ដាក់​ញត្តិ​ជូន​ស្ថានទូត​បរទេស​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ការតាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អង្គការ​សិទ្ធិមនុស្ស​ជាតិ ​និង​អន្តរជាតិ​ និង​ក្រុម​អ្នកកាសែតយ៉ាង​ច្រើន​ចុះករ​។ ការទាមទារ​ឲ្យដោះលែងសកម្មជន​ទាំងនោះ​ធ្លាប់​ត្រូវ​បាន​លើកឡើង​ដោយ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុកសិទ្ធិមនុស្ស​សហប្រជាជាតិ​លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី​ដែរ ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​បញ្ជាក់​ថា​នេះជា​សមត្ថកិច្ច​របស់​ក្រសួង​យុត្តិធម៌​ និង​តុលាការ៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors