ប្រមុខរដ្ឋាភិបាលកម្ពុជាបានសម្តែងការស្វាគមន៍ចំពោះការវិនិយោគវារីអគ្គិនីនៅតំបន់សេសានពីរ ពីក្រុមហ៊ុនចិន Huaneng Group ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនដោះស្រាយពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាមុន មុននឹងធ្វើការអភិវឌ្ឍន៍តំបន់នោះ។ មន្ត្រីអង្គការសង្គមស៊ីវិលបានមើលឃើញពីផលអវិជ្ជមានទៅវិញចំពោះការវិនិយោគរបស់ក្រុមហ៊ុនចិនដែលចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សាមួយជាមួយកាលពីព្រឹកថ្ងៃទី ២២ ខែមករាជាមួយនឹងលោក ហ្សាង លីងគី (Zhang Lingke) ប្រធានក្រុមហ៊ុន China Huaneng Group នាវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីសម្តែងការស្វាគមន៍និងកោតសរសើរចំពោះក្រុមហ៊ុន Huaneng Group បានមានប្រសាសន៍ថា ការវិនិយោគមកពីប្រទេសចិន គឺអាស្រ័យទៅលើ ទំនាក់ទំនងល្អរវាង កម្ពុជា និងចិន ហើយការវិនិយោគរបស់ចិន គឺតែងតែមានការគាំទ្រពីធនាគារបស់ចិន, នេះបើតាមលោក អៀង សុផល្លែត ជំជួយការលោកនាយករដ្ឋមន្ត្រីដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយគណប្រតិភូអ្នកជំនួញចិន។
ទាក់ទងទៅនឹងការវិនិយោគលើគម្រោងវារីអគ្គីសនី សេសានពីរ ដែលនឹងផលិតអគ្គសនីចេញ នៅឆ្នាំ២០១៧ខាងមុខ, លោកអៀង សុផល្លែតបន្តថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើអោយក្រុមហ៊ុនរបស់លោក ហ្សាង ត្រូវដោះស្រាយគោនយោបាយ និង ផលប៉ះពាល់របស់ប្រជាជន ហើយកុំជម្លៀសប្រជាជនចេញមុន ការផ្តល់ដី សង់ផ្ទះ និងដោះស្រាយគោលនយោបាយជូនពួកគាត់។
ទាក់ទងទៅនឹងការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា លោក អ៊ូច ឡេង មន្ត្រីក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា លោក មិនបានមើលឃើញពីការដោះស្រាយណាមួយបានសមរម្យនៅឡើយចំពោះផលប៉ះពាល់នានារបស់ក្រុមហ៊ុនចិនទាំងអស់ដែលបានវិនិយោគវិស័យនានា មិនត្រឹមតែនៅតំបន់សេសាន២នោះទេ។ លោកអ៊ូច ឡេង ដែលបានស្រាវជ្រាវពីការកាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏មានជាប់ទាក់ទងទៅនឹងតំបន់វិនិយោគវារីអគ្គីសនីរបស់ក្រុមហ៊ុនចិនដែរនោះ បានហៅការលើកឡើងពីការដោះស្រាយត្រឹមត្រូវរបស់ក្រុមហ៊ុនចិនមុនការចាប់ផ្តើមរបស់ពួកគេថា គ្រាន់តែជាភាសារការទូតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Huaneng Group គឺជាក្រុមហ៊ុនមួយ ដែលផលិតថាមពលវារីអគ្គិសនី,ថាមពលអគ្គិសនីដែលប្រើប្រាស់ធ្យូងថ្ម ,អគ្គិសនីប្រើប្រាស់ដោយនុយក្លេអ៊ែរ ,ការកសាងកំពុងផែ, ក៏ដូចជាមានស្ថាប័នហិរញ្ញវត្ថុផងដែរ។ កាលពីឆ្នាំ២០១៣កន្លងមកនេះ ក្រុមហ៊ុន បានផលិតអគ្គិសនីប្រមាណ១៤៣លានមេហ្គាវ៉ាត់ ទាំងនៅអឺរ៉ុប ក៏ដូចជានៅប្រទេសចិន និងអាស៊ី។ សព្វថ្ងៃនេះ ក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ២៣១នៅក្នុងពិភពលោក ហើយក្រុមហ៊ុន Huaneng Group សព្វថ្ងៃនេះ កំពុងតែផលិត អគ្គិសនីប្រមាណ១០លានមេហ្គាវ៉ាត់ នៅក្រៅប្រទេសចិន ក្នុងនោះគឺមាននៅអ៊ឺរ៉ុប និងអាស៊ី។
តាមរយៈលោក អៀង សុផល្លែត លោក ហ្សាង លីងគី បានប្រាប់ឲ្យថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺដើម្បី សហការ ជាមួយក្រុមហ៊ុន ANG and LAW YERS ASSOCIATE GROUP ដើម្បីសាងសង់និងផលិតវារីអគ្គិសនីនៅសេសានក្រោមពីរ ហើយប្រធានក្រុមហ៊ុនចិនរូបនេះ បានបញ្ជាក់ដែរធ្វើយ៉ាងណា ជំរុញឱ្យគម្រោងសេសាន២ អាចផលិតអគ្គិសនីបាននៅឆ្នាំ២០១៧ខាងមុខ ដោយទទួលខុសត្រូវខ្ពស់ទៅលើបញ្ហាបរិស្ថាន ក៏ដូចជាបញ្ហាតាំងលំនៅដ្ឋានរបស់ប្រជាជនដែលរស់នៅតំបន់នោះតាមគោលនយោបាយ របស់ រដ្ឋាភិបាលកម្ពុជាដោយមិនឱ្យមានភាពថ្នាំងថ្នាក់ពីប្រជាជន៕