នៅថ្ងៃសុក្រ ទី២៤ មករានេះ កូរ៉េខាងជើងបានអំពាវនាវកូរ៉េខាងត្បូងឲ្យមានការផ្សះផ្សា និងឯកភាពរវាងគ្នា។ តែជាមួយនឹងការអំពាវនាវនេះ ទីក្រុងព្យុងយ៉ាងក៏បានលក្ខខណ្ឌមួយដោយស្នើឲ្យទីក្រុងសេអ៊ូលបញ្ឈប់ការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកដែលគ្រោងរៀបចំជាថ្មីនៅក្នុងខែកុម្ភៈខាង
មុខ។ បើយោងតាមក្រុមអ្នកឯកទេស នេះពិតជាលក្ខខណ្ឌមួយដែលកូរ៉េខាងត្បូងមិនអាចទទួលយកបានទេ។គឺរូបលោកប្រមុខដឹកនំាកូរ៉េខាងជើងគីម ជុងអ៊ុនផ្ទាល់ខ្លួនដែលបានបញ្ជាឲ្យផ្ញើលិខិតចំហមួយទៅកាន់កូរ៉េខាងត្បូង។ ជាលខិតមួយដែលទីក្រុងព្យុងយ៉ាងបានសម្តែងពីបំណងរបស់ខ្លួនក្នុងការបញ្ឈប់នូវរាល់អរិភាពជាមួយទីក្រុងសេអ៊ូល ពិសេសអំពាវនាវឲ្យមានការផ្សះផ្សា និងឯកភាពគ្នា។ នៅក្នុងលិខិតដដែលនោះ ទីក្រុងព្យុងយ៉ាងបានយល់ឃើញថា អ្វីដែលសំខាន់ដើម្បីបង្កើនទំនាក់ទំនងរវាងខាងជើង និងខាងត្បូង គឺការហ៊ានសម្រេចចិត្តបញ្ឈប់រាល់ទង្វើប្រឈមមុខដាក់គ្នាខាងផ្លូវយោធា។សូមរម្លឹកជូនថា កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងជើងក៏ធ្លាប់បានធ្វើសំណើមួយចំនួនទៅកាន់កូរ៉េខាងត្បូង ដោយបានអំពាវនាវទីក្រុងសេអ៊ូលបញ្ឈប់គម្រោងធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកនៅខែកុម្ភៈខាងមុខ ព្រមទំាងទាមទារឲ្យបិទបញ្ចប់ការជេរប្រមាថ តម្លើងធ្មុងដាក់គ្នា។ តែកូរ៉េខាងត្បូងបានច្រានចោលសំណើទំាងនោះរបស់កូរ៉េខាងជើង ព្រមទំាងបានចាត់ទុកកាយវិការនោះថា គ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូលក៏បានឆ្លើយដោយចំអកឲ្យវិញថា ទីក្រុងព្យុងយ៉ាងអាចនឹងបន្តការបង្ករឿងថ្មីៗទៀតដើម្បីបញ្ឆេះសង្រ្គាមរវាងគ្នា។
នៅក្នុងលិខិតចំហរបស់កូរ៉េខាងជើងថ្ងៃនេះដដែល ទីក្រុងព្យុងយ៉ាងបានសម្តែងការសោកស្តាយចំពោះការបន្តរក្សាជំហររបស់ក្រុងសេអ៊ូល និងថា កូរ៉េខាងត្បូងមិនគួរណាបដិសេធសំណើរបស់កូរ៉េខាងជើង និងបន្តមិនជឿពីភាពស្មោះត្រង់របស់កូរ៉េខាងជើងទេ។ ចម្លើយតបវិញភ្លាមៗនឹងលិខិតរបស់កូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូងបានព្រមានប្រឆំាងនឹងឆន្ទៈបង្កប់ដោយល្បិចកលរបស់សត្រូវ។ គួររម្លឹកជូនថា វាសឹងក្លាយជាប្រពៃណីទៅហើយ ព្រោះថា ឲ្យតែជិតដល់ពេលសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិកម្តងៗ ភាពតានតឹងតែងតែឡើងមួយកម្រិតនៅក្នុងឧបទ្វីបកូរ៉េ។ សមយុទ្ធដែលក្រុងព្យុងយ៉ាងបានចាត់ទុកជាការត្រៀមជើងព្រួលដើម្បីវាយលុកលុយចូលក្នុងទឹកដីកូរ៉េខាងជើង៕
Labels: ព័ត៌មានអន្តរជាតិ