កូរ៉េខាងជើង​បន្ត​លេងល្បែង​ត្រជាក់ ក្តៅ ដោយ​អំពាវនាវ​កូរ៉េខាងត្បូង​ឲ្យ​មាន​ការ​ផ្សះផ្សា និង​ឯកភាព



 លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង ធ្វើ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ការពារជាតិ​មជ្ឈិមបក្ស
ដោយ គួច គន្ធារ៉ា
នៅ​ថ្ងៃ​សុក្រ ទី២៤ មករា​នេះ កូរ៉េខាងជើង​បាន​អំពាវនាវ​កូរ៉េខាងត្បូង​ឲ្យ​មាន​ការ​ផ្សះផ្សា និង​ឯកភាព​រវាង​គ្នា។ តែ​ជាមួយ​នឹង​ការ​អំពាវនាវ​នេះ ទីក្រុង​ព្យុងយ៉ាង​ក៏​បាន​លក្ខខណ្ឌ​មួយ​ដោយ​ស្នើ​ឲ្យ​ទីក្រុង​សេអ៊ូល​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ដែល​គ្រោង​រៀបចំ​ជា​ថ្មី​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​
មុខ។ បើ​យោង​តាម​ក្រុម​អ្នកឯកទេស នេះ​ពិត​ជា​លក្ខខណ្ឌ​មួយ​ដែល​កូរ៉េខាងត្បូង​មិន​អាច​ទទួល​យក​បាន​ទេ។គឺ​រូប​លោក​ប្រមុខដឹកនំា​កូរ៉េខាងជើង​គីម ជុងអ៊ុន​ផ្ទាល់​ខ្លួន​ដែល​បាន​បញ្ជា​ឲ្យ​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​កាន់​កូរ៉េខាងត្បូង។ ជា​លខិត​មួយ​ដែល​ទីក្រុង​ព្យុងយ៉ាង​បាន​សម្តែង​ពី​បំណង​របស់​ខ្លួន​ក្នុង​ការ​បញ្ឈប់​នូវ​រាល់​អរិភាព​ជាមួយ​ទីក្រុង​សេអ៊ូល ពិសេស​អំពាវនាវ​ឲ្យ​មាន​ការ​ផ្សះផ្សា និង​ឯកភាព​គ្នា។ នៅ​ក្នុង​លិខិត​ដដែល​នោះ ទីក្រុង​ព្យុងយ៉ាង​បាន​យល់​ឃើញ​ថា អ្វី​ដែល​សំខាន់​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​ខាងជើង និង​ខាងត្បូង គឺ​ការ​ហ៊ាន​សម្រេចចិត្ត​បញ្ឈប់​រាល់​ទង្វើ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​ផ្លូវ​យោធា។
 
សូម​រម្លឹក​ជូន​ថា កាល​ពី​សប្តាហ៍​កន្លង​ទៅ កូរ៉េខាងជើង​ក៏​ធ្លាប់​បាន​ធ្វើ​សំណើ​មួយ​ចំនួន​ទៅ​កាន់​កូរ៉េខាងត្បូង ដោយ​បាន​អំពាវនាវ​ទីក្រុង​សេអ៊ូល​បញ្ឈប់​គម្រោង​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​នៅ​ខែ​កុម្ភៈ​ខាង​មុខ ព្រម​ទំាង​ទាមទារ​ឲ្យ​បិទបញ្ចប់​ការ​ជេរប្រមាថ តម្លើង​ធ្មុង​ដាក់គ្នា។ តែ​កូរ៉េខាងត្បូង​បាន​ច្រានចោល​សំណើ​ទំាង​នោះ​របស់​កូរ៉េខាងជើង ព្រម​ទំាង​បាន​ចាត់​ទុក​កាយវិការ​នោះ​ថា គ្រាន់​តែ​ជា​ការ​បោកបញ្ឆោត​ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ ទីក្រុង​សេអ៊ូល​ក៏​បាន​ឆ្លើយ​ដោយ​ចំអក​ឲ្យ​វិញ​ថា ទីក្រុង​ព្យុងយ៉ាង​អាច​នឹង​បន្ត​ការ​បង្ក​រឿង​ថ្មីៗ​ទៀត​ដើម្បី​បញ្ឆេះ​សង្រ្គាម​រវាង​គ្នា។
 
នៅ​ក្នុង​លិខិត​ចំហ​របស់​កូរ៉េខាងជើង​ថ្ងៃ​នេះ​ដដែល ទីក្រុង​ព្យុងយ៉ាង​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​បន្ត​រក្សា​ជំហរ​របស់​ក្រុង​សេអ៊ូល និង​ថា កូរ៉េខាងត្បូង​មិន​គួរ​ណា​បដិសេធ​សំណើ​របស់​កូរ៉េខាងជើង និង​បន្ត​មិន​ជឿ​ពី​ភាព​ស្មោះត្រង់​របស់​កូរ៉េខាងជើង​ទេ។ ចម្លើយ​តប​វិញ​ភ្លាមៗ​នឹង​លិខិត​របស់​កូរ៉េខាងជើង ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ព្រមាន​ប្រឆំាង​នឹង​ឆន្ទៈ​បង្កប់​ដោយ​ល្បិចកល​របស់​សត្រូវ។ គួរ​រម្លឹក​ជូន​ថា វា​សឹង​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ ព្រោះ​ថា ឲ្យ​តែ​ជិត​ដល់​ពេល​សមយុទ្ធ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​ម្តងៗ ភាព​តានតឹង​តែងតែ​ឡើង​មួយ​កម្រិត​នៅ​ក្នុង​ឧបទ្វីបកូរ៉េ។ សមយុទ្ធ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​ចាត់​ទុក​ជា​ការ​ត្រៀមជើង​ព្រួល​ដើម្បី​វាយលុកលុយ​ចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង៕



 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors