អធិការស្រុកប្រាសាទសំបូរ លោក យ៉េង សារ៉េន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែមករា ថា ការបោះគ្រាប់បែកចូលក្នុងរោងការនោះ មានមនុស្ស ៩នាក់ស្លាប់ ហើយរបួស ២៩នាក់។ តែគិតត្រឹមរសៀលថ្ងៃទី២៦ ខែមករា អ្នករបួស ២នាក់ដែលមានអាកាៈធ្ងន់ធ្ងរ បានស្លាប់ក្នុងមន្ទីរពេទ្យបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ក្នុងហេតុការណ៍គប់គ្រាប់បែកនោះឡើងដល់ ១១នាក់ ហើយអ្នករបួសបានធ្លាក់មកនៅចំនួន ២៧នាក់វិញ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានបានឃាត់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាជនដៃដល់បោះគ្រាប់បែកនោះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ផាន់ សុផេន បន្តថា ទាំងកូនកំលោះនិងកូនក្រមុំបានរងរបួសក្នុងការគប់គ្រាប់បែកនោះដែរ ហើយកូនក្រមុំរងរបួសធ្ងន់ធ្ងរជាងកូនកំលោះ។ លោកបន្តថា អាជ្ញាធរនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុពិតនៃការគប់គ្រាប់បែកនោះនៅឡើយទេ។ តែជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា ករណីនេះអាចជារឿងគំនុំច្រើនជាងរឿងស្នេហាត្រីកោណ ព្រោះកន្លងមកជនសង្ស័យធ្លាប់មានជម្លោះជាមួយកូនកំលោះ។
តាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ជនដែលឃាត់ខ្លួនក្នុងការគប់គ្រាប់បែកនោះ មានមុខរបរជាយោធានៅព្រំដែន និងបានសម្រាកមកលេងផ្ទះបងប្អូននៅក្នុងភូមិជាំ មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ។ ជនសង្ស័យនោះធ្លាប់បានផឹកស៊ីនៅផ្ទះកូនកំលោះរហូតមានទំនាស់គ្នា ដោយសារតែជនសង្ស័យបានឡកឡឺយលែបខាយដាក់កូនក្រមុំ ប៉ុន្តែជម្លោះនោះត្រូវបានដោះស្រាយបញ្ចប់រឿងដោយឲ្យខាងកូនកំលោះសងប្រាក់ទៅជនសង្ស័យ ២០ម៉ឺនរៀល។ សមត្ថកិច្ចសង្ស័យថា ជនសង្ស័យទំនងជាមិនស្ងប់ចិត្ត ទើបបោកបំផ្ទុះគ្រាប់បែកសងសឹក និងមានចេតនារំខានដល់កម្មវិធីមង្គលការរបស់គូជម្លោះតែម្ដង៕ Labels: ព័ត៌មានជាតិ