
ពលរដ្ឋខ្មែរ-អូស្រ្តាលី អ្នកស្រី ខេយ សុវណ្ណីរង្គ មានប្រសាសន៍ថា ខ្មែរ-អូស្រ្តាលីប្រមាណ៤រយនាក់ នឹងប្រមូលផ្តុំគ្នានៅរាជធានី កង់ប៊ែរ៉ា (Canberra) ប្រទេសអូស្រ្តាលី នៅថ្ងៃ សុក្រ ទី ១៧ មករា ដើម្បីដាក់ញត្តិ ទៅរដ្ឋាភិបាលអូស្រ្តាលី សុំឲ្យរដ្ឋាភិបាលនេះ កៀរគរ ប្រទេសម្ចាស់ជំនួយដល់កម្ពុជាមួយចំនួនទៀត ឱ្យថ្កោលទោស រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះបទឧក្រិដ្ឋកម្មទាំងឡាយដែលបានកើតឡើងក្រោមការដឹកនាំរបស់លោក៖ «គ្រប់ខ្មែរទូទាំងសកលលោក មកបញ្ចេញមតិ ដើម្បីប្រឆាំងថា ធ្វើឲ្យហ៊ុន សែន ហ្នឹងចុះចេញពីតំណែងជាបន្ទាន់ ពីព្រោះអីហ៊ុន សែន ក្តោបក្តាប់អំណាចកាន់តែខ្លាំងឡើងៗ ធ្វើអំពើផ្តាច់ការសំលាប់ប្រជាជន ហើយប្រទេសកាន់តែលំបាកទៅៗ។»
ពលរដ្ឋខ្មែរ-អូស្ត្រាលី ក៏ស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្តាលី ជំរុញឲ្យ អាជ្ញាធរកម្ពុជាដោះលែង សកម្មជនសិទ្ធិមនុស្ស និងកម្មករ២៣នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងការបង្ក្រាបដោយហិង្សា កាលពីថ្ងៃទី ២ និងទី ៣ មករា ដែលបណ្តាលឲ្យកម្មករ៤នាក់ស្លាប់ រងរបួសប្រមាណ៤០នាក់ និងបាត់ខ្លួនមួយចំនួនទៀត។
ចំណែកឯពលរដ្ឋខ្មែរ-អាមេរិកាំង តាមបណ្តារដ្ឋមួយចំនួន ក្នុង សហរដ្ឋអាមេរិក នឹងប្រមូលផ្តុំគ្នានៅមុខសេតវិមាន (White House) នៅក្នុងរដ្ឋធានីវ៉ាស៊ីនតុន នាថ្ងៃទី ២០ មករា ដើម្បីថ្កោលទោស ការប្រើប្រាស់ហិង្សាបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មទាមទារប្រាក់ខែគោលចំនួន ១៦០ដុល្លារ។
ប្រធានមូលនិធិសង្គ្រោះជាតិ លោក ទូច វិបុល មានប្រសាសន៍ថា ពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណ៥រយនាក់ នឹងជួបជុំគ្នា ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់អំពើហិង្សា និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ហើយនិងទម្លាក់ចោលការចោទប្រកាន់ទៅលើលោក សម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន ព្រមទាំង លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និង ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្រុមបាតុករក៏នឹងជំរុញឲ្យរដ្ឋាភិបាលអាមេរិក ដាក់សំពាធទៅលើរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំការបោះឆ្នោតឡើងវិញ នៅឆ្នាំ ២០១៤នេះ។
លោក ទូច វិបុល សង្ឃឹមថាអន្តរាគមន៍របស់សហរដ្ឋអាមេរិក នឹងមានលទ្ធផលវិជ្ជមាននៅកម្ពុជា៖ «រហូតមកទល់ពេលសព្វថ្ងៃនេះ យើងបានឃើញរបាយការណ៍ផ្សេងៗពាក់ព័ន្ធទៅនឹងកិច្ចការអស់ហ្នឹង រដ្ឋសភាសហរដ្ឋអាមេរិក រៀបចំសេចក្តីសម្រេចចិត្ត នានាប្រាប់ទៅរដ្ឋាភិបាលហ៊ុន សែន ថាត្រូវតែទទួលយកសំណើនានាពាក់ព័ន្ធទៅនឹងការបោះឆ្នោត ការកែទម្រង់នានា។ ចំពោះជំហរក្រសួងការបរទេស តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកហ្នឹង រហូតមកដល់ថ្ងៃនេះ គេនៅប្រកាន់ជំហរ មិនទាន់ទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ស្របច្បាប់នៅឡើយទេ។»
គំរោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា លោកនឹងមិនចុះចេញពីតំណែង តាមការទាមទាររបស់ក្រុមបាតុករ គណបក្ស សង្គ្រោះជាតិឡើយ។
រដ្ឋាភិបាល និងសមាជិករដ្ឋសភាសហរដ្ឋអាមេរិកមួយចំនួន កាលពីសប្តាហ៍មុន បានថ្កោលទោសការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ បាញ់ប្រហារគ្រាប់កាំភ្លើងពិតទៅលើក្រុមបាតុករ។ ប្រធាន គណៈកម្មាធិការកិច្ចការបរទេសសភាសហរដ្ឋអាមេរិក ដ៏មានឥទ្ធិពល គឺលោក អេដ រ៉យ្ស (Ed Royce) ចាត់ទុកថា ការបង្ក្រាបក្រុមបាតុករ គឺជាការបង្ហាញថា គណបក្សប្រជាជនកម្ពុជា មិនអាចប្រឈមនឹងការកើនឡើងនៃ បាតុករគណបក្សប្រឆាំងបានឡើយ ទើបរហូតឈានទៅដល់ការបាញ់សម្លាប់បាតុករអហិង្សាយ៉ាងដូច្នេះ។ លោក អេដ រ៉យ្ស ( Ed Royce) ទាមទារឲ្យ លោក ហ៊ុន សែន បញ្ចប់ការដឹកនាំផ្តាច់ការ និងចុះចេញពីតំណែង ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋកម្ពុជា ទទួលបានការរីកចំរើនល្អប្រសើរជាងនេះ៕
