សាច់ញាតិ​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​អំពាវនាវ​រក​យុត្តិធម៌



 កម្មករ វ៉េងស្រេង ៦១០
ក្រុម​គ្រួសារ​អ្នក​រងគ្រោះ​ក្នុង​អំពើ​ហិង្សា នៅ​ផ្លូវ​វ៉េងស្រេង កន្លង​ទៅ​នេះ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ឲ្យ​បាន​ឆាប់​ដើម្បី​វែក​មុខ​អ្នក​ដែល​បញ្ជា និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​បង្ក្រាប។ ក៏​ប៉ុន្តែ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល បាន​បដិសេធ​ម្ដង​ជា​ពីរ​ដង ហើយ​ថា អ្វី​ដែល​កើត​ឡើង​កាល​ណោះ គឺ​សមត្ថកិច្ច​ប្រើប្រាស់​សិទ្ធិ​ស្វ័យ​ការពារ​ខ្លួន​ប៉ុណ្ណោះ។ការ​អំពាវនាវ​របស់​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ និង​អ្នក​
ដែល​ត្រូវ​សមត្ថកិច្ច​បាញ់​សម្លាប់​ក្នុង​អំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា​នេះ កើត​ឡើង​ក្រោយ​ពេល​ដែល​តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ចំនួន ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ដែល​សង្ស័យ​ថា ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដ៏​ប្រល័យ ប្រឆាំង​ក្រុម​បាតុករ​ដែល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ។

រស់​នៅ​ស្រុក​បាទី ខេត្ត​តាកែវ លោកស្រី ឈីវ សារុន ឲ្យ​ដឹង​ក្រោយ​ចេញ​ពី​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​សប្បុរសជន​នៅ​ការិយាល័យ​សហភាព​ការងារ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មករា ថា រហូត​មក​ដល់​ពេល​នេះ លោកស្រី​ពុំ​ដឹង​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ឡើយ ដើម្បី​អាច​រក​យុត្តិធម៌​ជូន​ស្វាមី​​ដែល​បាន​ស្លាប់​ក្នុង​ការ​​បាញ់​បង្ក្រាប​របស់​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង​នោះ។

ជា​ស្ត្រី​មេម៉ាយ​ដែល​មាន​កូនស្រី​អាយុ​ជាង ១​ឆ្នាំ​ក្នុង​បន្ទុក ក្រោយ​ពី​លោក យាន រិទ្ធី ជា​ស្វាមី​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច លោកស្រី​គិត​ថា មាន​តែ​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល និង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ពន្លឿន​យក​អ្នក​បាន​បាញ់​សម្លាប់​ស្វាមី​របស់​លោកស្រី និង​អ្នក​ដទៃ​ទៀត មក​អនុវត្ត​តាម​ច្បាប់​ប៉ុណ្ណោះ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មករា ក្រុម​គ្រួសារ​អ្នក​ជាប់​ពន្ធនាគារ ២៣​នាក់ នៅ​ខេត្ត​កំពង់ចាម និង​គ្រួសារ​អ្នក​ដែល​​ត្រូវ​បាញ់​សម្លាប់ ៤​នាក់​ផ្សេង​ទៀត បាន​ទទួល​ថវិកា​ក្នុង​មួយ​គ្រួសារ ១​លាន​រៀល​ពី​សហជីព​ចំនួន ៩ ក្រោម​ជំនួយ​មនុស្ស​ធម៌​ពី​សប្បុរសជន។

ទន្ទឹម​នឹង​នេះ ក្រុម​គ្រួសារ​ដែល​ត្រូវ​ជា​ឪពុក និង​ជា​ភរិយា​របស់​អ្នក​ជាប់​ឃុំ​នៅ​​មន្ទីរ​អប់រំ​កែប្រែ ម.៣ ត្រពាំង​ផ្លុង ឲ្យ​ដឹង​ថា ពួក​គេ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទាំង ២៣​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ។ ក្រុម​សាច់ញាតិ​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ធ្វើ​ឡើង​គឺ​ពុំ​មាន​ហេតុ​ផល​ត្រឹមត្រូវ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ព្រមាន​ថា បើ​រដ្ឋាភិបាល​នៅ​តែ​ព្រងើយ​កន្តើយ​មិន​ព្រម​ទទួល​យក​ការ​ស្នើ​សុំ​របស់​សម្ព័ន្ធ​សហជីព​ដើម្បី​ឲ្យ​ដោះលែង​មនុស្ស​ទាំង ២៣​នាក់​ទេ នោះ​មហា​បាតុកម្ម​នឹង​ផ្ទុះ​កាន់​តែ​មាន​ទំហំ​ធំ​ជាង​មុន​ប្រឆាំង​​នឹង​ការ​ឃុំ​ខ្លួន​នេះ។ លើស​ពី​ទៀត​នេះ ការ​ទាមទារ​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​នៅ​តែ​បន្ត ជា​ពិសេស សហជីព​នៅ​តែ​បន្ត​ជំហរ​ក្នុង​ការ​តវ៉ា​សំណង​សម្រាប់​អ្នក​ដែល​ស្លាប់​ក្នុង​អំពើ​ហិង្សា​កាល​ពី​ដើម​ខែ​មករា កន្លង​ទៅ​នេះ។

ក្រៅ​ពី​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ មករា មនុស្ស​យ៉ាង​ហោច​ណាស់ ១​ម៉ឺន​នាក់ នឹង​ប្រមូល​ផ្ដុំ​គ្នា​ជា​ថ្មី​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​សង្គម​ស៊ីវិល និង​កម្មករ ២៣​នាក់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

បើ​ទោះ​ជា​បែប​ណា ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ថា នឹង​ចាត់​វិធានការ​ប្រឆាំង​ការ​ជួបជុំ​នេះ។

ដោយ​ឡែក លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​ថា មន្រ្តី​នគរបាល និង​កងរាជអាវុធហត្ថ​មួយ​ចំនួន​បាន​ចូល​បំភ្លឺ​រួច​ហើយ តាម​ដីកា​កោះ​របស់​តុលាការ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។ បើ​ទោះ​ជា​បែប​ណា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​លទ្ធផល​នៃ​ការ​សាកសួរ​នោះ យ៉ាង​នៅ​ឡើយ​នោះ​ទេ។

លោក ខេង ទីតូ បញ្ជាក់​ថា មន្ត្រី​កងរាជអាវុធហត្ថ យ៉ាង​ហោច​ណាស់ ២៩​នាក់​របួស ទន្ទឹង​នឹង​នោះ មន្ត្រី​នគរបាល ១៦​នាក់​របួស​ធ្ងន់​និង​ស្រាល ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា។

គិត​​ត្រឹម​ថ្ងៃ​ទី​២៤ មករា កន្លង​ទៅ​នេះ មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៨៤ ហើយ​បាន​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត និង​អង្គការ​អន្តរជាតិ​ប្រចាំ​កម្ពុជា យ៉ាង​ហោច​ណាស់ ១៥​ស្ថាប័ន ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​ពន្លឿន​ទៅ​រដ្ឋាភិបាល​អន្តរាគមន៍​ដោះលែង​មនុស្ស ២៣​នាក់ ដោយ​គ្មាន​លក្ខខណ្ឌ​ក្រោយ​ពី​ត្រូវ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ៕
ប្រភព៖RFA


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors