កំពត ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម គេសង្កេតឃើញប្រជាពលរដ្ឋទូទាំងប្រទេសពិសេសពលរដ្ឋក្នុងខេត្តកំពតបានចូលរួមប្រារព្ធធ្វើពិធីសែនព្រេនដូចអ្នកជាប់ខ្សែចិនដែរ។ ឆ្លៀតឱកាសនោះក្រុមអ្នកលក់ផ្លែឈើគ្រប់ប្រភេទ ក៏នាំគ្នាដំឡើងថ្លៃយ៉ាងកប់ពពកសឹងតែ១ទ្វេជា៣ទៅហើយ។
ប្រជាពលរដ្ឋបាននិយាយថា កាលពីថ្ងៃទី២៩ខែមករា ម្សិលមិញផ្លែឈើគ្រប់ប្រភេទបានដំឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះ ដូចជាផ្លែមៀន១គីឡូក្រាមនៅត្រឹមតម្លៃ៦០០០ទៅ៧០០០រៀល ប៉ុន្តែនៅព្រឹកថ្ងៃទី៣០ខែមករានេះ តម្លៃផ្លែមៀនឡើងរហូតដល់១២០០០ទៅ១៣០០០រៀលឯណោះ។ ដោយឡែកផ្លែឈើគ្រប់ប្រភេទទៀត ដូចជាផ្លែប៉ោម ផ្លែសារីនិងផ្លែទម្លាប់ ក៏ត្រូវបានគេដំឡើងថ្លៃទ្វេជា២ដែរ ហើយបើទោះជាមានការដំឡើងថ្លៃដ៏គំហុកបែបណា ក៏នៅតែមានប្រជាពលរដ្ឋនាំគ្នាសម្រុកដណ្ដើមគ្នាទិញដូចទឹកបាក់ទំនប់ ព្រោះថ្ងៃនេះជាថ្ងៃពិសេស១ឆ្នាំមានតែម្តងគត់។ចំពោះការដំឡើងថ្លៃនេះ ក្រុមអ្នកលក់ផ្លែឈើបានបកស្រាយថា ក្នុងរដូវចូលឆ្នាំចិន-វៀតណាម ស្តង់លក់ផ្លែឈើគ្រប់កន្លែងសុទ្ធតែឡើងថ្លៃដូចគ្នា មិនថាផ្លែឈើក្នុងស្រុកឬនាំមកពីប្រទេសជិតខាងក៏មានតម្លៃសុទ្ធតែខ្ពស់ទើបពួកគេលក់ដំឡើងដែរទៅ ម្យ៉ាងទៀតចូលឆ្នាំចិន-វៀតណាម មានអ្នកត្រូវការផ្លែឈើសឹងតែគ្រប់គ្នា សឹងតែរកលក់ឲ្យអតិថិជនមិនគ្រប់ផង។
ប្រជាពលរដ្ឋដែលដែលភាគច្រើនទិញរបស់របរសម្ភារៈសែនព្រេនក្នុងឱកាសចូលឆ្នាំចិន និងវៀតណាមក្នុងថ្ងៃទី៣០ខែមករា ឆ្នាំ២០១៤នេះ ក៏មានភាពស្រឡាំងកាំង ខណៈដែលផ្លែឈើត្រូវបានគេដំឡើងថ្លៃហួសប្រមាណបែបនេះ តែណ្ហើយចុះ បំណាច់ជាបានថ្លឹងដាក់ក្នុងស្បោងរួចហើយ ក៏នាំគ្នារាប់លុយឲ្យអ្នកលក់ រួចគ្រវីក្បាលដើរចេញទៅកាន់លំនៅដ្ឋានរៀងៗខ្លួនដើម្បីប្រញាប់ប្រញាល់ធ្វើពិធីសែនព្រេនអបអរសាទរក្នុងឱកាសចូលឆ្នាំចិន-វៀតណាម៕ Labels: ព័ត៌មានជាតិ