រដ្ឋាភិបាលថៃ​និង​គណៈកម្មការ​បោះឆ្នោត​ព្រមព្រៀង​គ្នា​អោយ​ការ​បោះឆ្នោត​សភាធ្វើ​​ នៅ​ថ្ងៃអាទិត្យ​២កុម្ភៈ​ដដែល​



ក្រុមបាតុករ​ នៅ​ទីក្រុង​បាងកក
ដោយ ព្រំ សឿន សូលីណា
នៅថ្ងៃ​អង្គារ​នេះ ​រដ្ឋាភិបាល​ថៃ​បានប្រកាស​ថា គណៈកម្មការ​បោះឆ្នោត​ជាតិ និង​នាយករដ្ឋមន្ត្រី​យីងឡាក់​ បាន​សម្រេច​ថា​ ការបោះឆ្នោត​សភា​មុនកាលកំណត់​ នៅតែដំណើរការ​ នៅ​ថ្ងៃអាទិត្យ ២កុម្ភៈ ចុងសប្តាហ៍​នេះដដែល។ ថ្ងៃអង្គារ​នេះ​ ការបាញ់​ប្រហារ​មួយ បាន​ផ្ទុះឡើង នៅ​ជិតអគារ​ដែល​​​​​​លោកស្រី​ យីងឡាក់ និង​ ​គណៈកម្មការ​បោះឆ្នោត ជួបពិភាក្សា​គ្នា​ បណ្តាល​អោយ​មនុស្ស​របួស​២នាក់។
គណៈកម្មការ​បោះឆ្នោត​​ និង​រដ្ឋាភិបាល​ថៃ បាន​សម្រេច​ថា​ ការបោះឆ្នោតសភា​មុនកាល​កំណត់ ​នឹង​ត្រូវប្រព្រឹត្ត​ទៅនៅថ្ងៃអាទិត្យ​២កុម្ភៈ ចុង​សប្តាហ៍​នេះ ដូចជា​ការ​គ្រោងទុក​​ដដែល។ នេះ​បើ​យោងតាម​ការប្រកាស​របស់​រដ្ឋាភិបាល​ថៃ។

ការសម្រេច​នេះ ធ្វើឡើងក្នុងពេល​ដែល​នាយករដ្ឋមន្ត្រី​យីងឡាក់ បានជួបពិភាក្សា​ជាមួយ​គណៈកម្មការ​បោះឆ្នោតនៅថ្ងៃ​អង្គារ​នេះ។ ដំបូងឡើយ គណៈកម្មការ​បោះឆ្នោត​បានស្នើ​​លោកស្រីយីងឡាក់ អោយ​លើកពេល​បោះឆ្នោត​ ១២០ថ្ងៃ​បន្ថែមទៀត ដោយសារ​តែ​ស្ថានភាព​សន្តិសុខ​ក្នុងប្រទេស នៅ​មិនអំណោយផល​ដល់​ដំណើរការ​បោះឆ្នោត។ ប៉ុន្តែ ​ទីបំផុត​ ភាគីទាំង២​បានសម្រេច​មិនលើកពេល​ទៅវិញ។

គួររំលឹក​ថា ជំនួប​រវាង​នាយករដ្ឋមន្ត្រី​​ថៃ​ និង​គណៈកម្មការបោះឆ្នោត បានធ្វើឡើង ដោយសារ​តែ​​តុលាការ​ធម្មនុញ្ញ​​​វិនិច្ឆ័យ​ថា ការបោះឆ្នោត​សភា​មុនកាលកំណត់​នេះ អាច​នឹងត្រូវ​លើកពេល​បន្ថែមទៀត។ ​សម្រាប់លោកស្រី​យីងឡាក់​ ការបោះឆ្នោត​សភា​មុនកាលកំណត់​នេះ គឺជា​ដំណោះស្រាយ​ប្រសើរ​បំផុត សម្រាប់វិបត្តិ​នយោបាយ​បច្ចុប្បន្ន។ ការប៉ះទង្គិច​ហិង្សា​ក្នុង​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​៣ខែ​មកនេះ បាន​សម្លាប់​មនុស្ស​យ៉ាងហោច១០នាក់ និងធ្វើអោយ​របួស​រាប់រយ​នាក់​មកហើយ។

នៅថ្ងៃ​អាទិត្យ​កន្លងទៅ​ បាតុករ​បានរាំងស្ទះ​ដំណើរការបោះឆ្នោត​សភា មុនកាលកំណត់​ ធ្វើអោយ​ការិយាល័យ​បោះឆ្នោត​ច្រើនកន្លែង បិទទ្វារ។ ហើយ​នៅថ្ងៃ​ចន្ទ​ រដ្ឋាភិបាល​​ផ្តល់ពេល​៧២ម៉ោង ​អោយ​បាតុករ​ដកខ្លួន​ឈប់កាន់កាប់​​អគារ​សាធារណៈនានា​ទៀត ប៉ុន្តែ លោក​ស៊ូថេប ជា​មេដឹកនាំ​ចលនា​ប្រឆាំង​បាន​​បដិសេធ​ដាច់ខាត​ ថែមទាំង​ប្រាប់​ទៀតថា នៅថ្ងៃ​អាទិត្យ​២កុម្ភៈ​​ ដែល​ជាថ្ងៃបោះឆ្នោតនេះ​ នឹង​ធ្វើ​បាតុកម្ម​​បិទផ្ទប់​ផ្លូវនានា​​​ដែលជាច្រកធ្វើដំណើរ​ទៅកាន់​​ការិយាល័យបោះឆ្នោត។

ដោយឡែក កាលពីថ្ងៃ​ចន្ទ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​អភិសិត វេចាជីវ៉ា បានប្រាប់​សារព័ត៌មាន​​បារាំង AFP អា អេហ្វ ប៉េ ថា​បក្សប្រឆាំង​អាច​នឹងចូលរួម​ការបោះឆ្នោត​សភា​នេះ ប្រសិន​បើ​ការបោះឆ្នោត​ ត្រូវបាន​លើកធ្វើទៅពេល​ក្រោយ។ ​ក្នុងចន្លោះពេលមុន​​បោះឆ្នោត​នេះ លោកអភិសិត​អំពាវនាវ​អោយមានការ​សរសេរ​ផែនការ​​​​សម្រាប់​កំណែទម្រង់៕ ​​​


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors