នៅថ្ងៃអាទិត្យនេះ ភាពតានតឹងបានកើតមាននៅក្បែរទីលានប្រជាធិបតេយ្យផង និងនៅក្នុងទីក្រុងកំពង់ចាមផង។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានអះអាងថា ករណីនៅភ្នំពេញ សមត្ថកិច្ចគ្រាន់តែអនុវត្តតាមច្បាប់ និងនៅក្រុងកំពង់ចាម សមត្ថកិច្ចបង្ហាញខ្លួនដើម្បីអន្តរគមន៍មិនឱ្យមានហិង្សារវាងអ្នកគាំទ្រគណបក្សទាំងពីរ។ មន្ត្រីស៊ើបអង្កេតរបស់អង្គការលីកាដូបានវាយតម្លៃថា ទិដ្ឋភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាកំពុងអាប់អួរ។
ទិដ្ឋភាពនយោបាយ និងទិដ្ឋភាពនៃការគោរពសិទ្ធិមនុស្សកាន់តែអាប់អួរទៅ គួរអោយព្រួយបារម្ភ នេះបើតាមការវាយតម្លៃរបស់លោកអំ សំអាត ប្រធានក្រុមបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃអាទិត្យនេះ។ ការអត្ថាធិប្បាយរបស់មន្ត្រីលីកាដូត្រូវបានធ្វើឡើង ក្នុងពេលដែលស្ថានភាពតានតឹងបានកើតឡើងស្របពេលជាមួយគ្នា ទាក់នឹងហាមឃាត់ ការជួបជុំរបស់ក្រុមសហជីពនៅលើទីលានប្រជាធិបតេយ្យនៅភ្នំពេញ និងការរំខានជួបជុំរបស់លោកកឹម សុខានៅទីស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងកំពង់ចាម។មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ លោកអំ សំអាតបានបញ្ជាក់ថា ទិដ្ឋភាពនៅថ្ងៃនេះបានបង្ហាញអំពីដំណើរដើរបញ្ច្រាសក្តីសង្ឃឹមរបស់ពលរដ្ឋដែលថា ទំនាស់នយោបាយទំនងជានឹងអាចដោះស្រាយបានឆាប់ៗ ហើយថាករណីនៅលើទីលានប្រជាធិបតេយ្យ អាជ្ញាធរបានភ្ជាប់បញ្ហាកម្មករទៅនឹងបញ្ហានយោបាយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយឯកគៀត ច័ន្ទថារិទ្ធក៏បានអត្ថាធិប្បាយផ្តល់មូលហេតុនៃវត្តមានរបស់កំលាំងសមត្ថកិច្ចក្នុងករណីទាំងពីរនេះដែរ។ ចំពោះអ្នកនាំពាក្យនគរបាលជាតិ សមត្ថកិច្ចអនុវត្តតាមបទបញ្ជារបស់សាលារាជធានីភ្នំពេញដែលមិនបានអនុញ្ញាតអោយមានការជួបជុំនៅលើទីលានប្រជាធិបតេយ្យនោះ។ ចំណែកឯករណីក្រុងកំពង់ចាមវិញ ដោយសារតែការចេញមុខជួបជុំរបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះ អ្នកនាំពាក្យនគរបាលជាតិអះអាងថា កំលាំងសមត្ថកិច្ចត្រូវចេញមុខអន្តរគមន៍ ដោយបារម្ភខ្លាចមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សទាំងពីរ។
ប៉ុន្តែគណបក្សសង្គ្រោះជាតិបានចាត់ទុកវត្តមានរបស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាការគំរាមកំហែងទៅលើគណបក្សសង្គ្រោះជាតិ៕