អំពើ​ហិង្សា និង​ការចាប់ខ្លួន បាន​កើតឡើង ក្នុង​បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករ​និយោជិត នៅ​ភ្នំពេញ



 កងកម្លាំងសមត្ថកិច្ច​របស់រដ្ឋាភិបា​ល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋ​មិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ។
ដោយ ឯម មាឃ
បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករ​និយោជិត នៅ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​​ប្រព្រឹត្ត​ទៅ ក្នុង​ស្ថានភាព​តាន​តឹង ដោយសារ​​កម្លាំង​​មាន​​សមត្ថកិច្ច​​របស់​​រដ្ឋាភិបាល​ជិត១ពាន់​នាក់​មិន​​អនុញ្ញាត​​ឱ្យ​​បាតុករ​​ប្រហែល​៣ពាន់​​នាក់​​ចូល​​ទៅ​​លើ​​ទីលាន​​ប្រជា​ធិប​តេយ្យ។ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​បាន​កើត​ឡើង មួយ​ស្របក់ ដោយ​​បណ្តាល​​ឱ្យ​​របួស​មនុស្ស​​ជាង​១០នាក់ ហើយ​​មនុស្ស​​២នាក់​​
ត្រូវ​​បាន​​ចាប់​​ខ្លួន ដោយសារ​​បាន​​បង្ក​​អំពើ​ហិង្សា។ ក្នុង​​ឱកាស​​នេះ​​ដែរ សមាជិក​​សមាគម​​អ្នក​​ប្រជា​ធិប​តេយ្យ សមាជិក​​និង​​អ្នក​​គាំ​ទ្រ​​គណបក្ស​សង្គ្រោះ​ជាតិ ក៏​​មាន​​វត្ត​​មាន​​នៅ​​ក្នុង​​បាតុ​កម្ម ព្រឹក​មិញ​ដែរ។ដូច​ការគ្រោងទុក​មែន អាជ្ញាធរ​ពិតជា​បាន​ពង្រាយ​កម្លាំងប្រដាប់អាវុធ​ចាំ​ទប់​បាតុកម្ម​របស់​សម្ព័ន្ធ​សហជីព និង​សមាគម​កម្មករនិយោជិត ដែល​ត្រូវបានធ្វើ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ កម្លាំង​មាន​សមត្ថកិច្ច​ជិត១ពាន់​នាក់ ស្ថិតនៅលើ​និង​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​រួចជាស្រេច មុន​ការមកដល់​របស់​បាតុករ ដែលមាន​គ្នា​ប្រហែល៣ពាន់​នាក់។ ដូច្នេះ អ្នកធ្វើ​បាតុកម្ម​មិនអាច​ឈានទៅដល់​គោលដៅ​របស់ខ្លួន​ឡើយ នៅ​ព្រឹក​មិញ។

ការប្រឈមមុខ​ដាក់គ្នា​បានចាប់ផ្តើម​តាំងពី​ម៉ោងជាង។ ម្ខាង​គឺ​កម្លាំងចម្រុះ ក្នុងនោះ​មាន​នគរបាល អាវុធហត្ថ កងសន្តិសុខ និង​តម្រួត​ចរាចរណ៍ ស្ថិតនៅលើ​ទីលាន​ប្រជាធិបតេយ្យ និង​នៅលើ​វិថី​នានា ជុំវិញ​ទីលាន​នោះ។ ម្ខាង​ទៀត ស្ថិត​នៅឯ​ស្ពាន​នាគ​ខាងត្បូង​វត្តភ្នំ គឺ​បាតុករ ដែលជា​សមាជិក និង​អ្នកគាំទ្រ សម្ព័ន្ធ​សហជីព​កម្មករ និង​សមាគម​និយោជិត ទាំង។ ក្នុងចំណោម​បាតុករ និង​អ្នកគាំទ្រ​បាតុកម្ម គេ​ឃើញ​មាន​សមាជិក និង​អ្នកគាំទ្រ​គណបក្សប្រឆាំង និង​សមាគម​អ្នកប្រជាធិបតេយ្យ​ផងដែរ។

ការដណ្តើម​កាន់កាប់​ទីលាន​ប្រជាធិបតេយ្យ​បាន​បង្ក​អំពើហិង្សា​ឡើង។ នៅ​ម៉ោង៩និង​២០នាទី កម្លាំង​សន្តិសុខ​បាន​ដេញ​វាយ​មនុស្ស​នៅ​ខាង​បាតុករ ដោយសារ​ពួកគេ​បាន​ស្រែកជេរ និង​គប់​ដប​ទឹក​សុទ្ធ មួកសុវត្ថិភាព និង​ដុំថ្ម ទៅលើ​កម្លាំង​មាន​សម្ថ​កិច្ច។ កង​សន្តិសុខ​​បាន​វាយ​អ្នក​ទាំងនោះ​រហូតដល់​បាក់​ដំបង​ជ័រ រីឯ​បាតុករ​បាន​រុះរើ​របាំង​ដែក​របស់​សមត្ថកិច្ច ដែល​ស្ថិតនៅ​ក្បាលស្ពាន​នាគ រប៉ាត់រប៉ាយអស់។ ក្នុង​រយៈពេល​ប្រហែល៥នាទី​នៃ​ការប៉ះទង្គិច​នោះ មនុស្ស​ជាង១០នាក់​បាន​របួស ក្នុងនោះ​មាន​លោក យឹម សុវណ្ណ តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះ​ជាតិ​ផង។ ទន្ទឹមនឹង​នេះដែរ មនុស្ស២នាក់ ដែលមាន​ជំ​ពាម និង​គ្រាប់ឃ្លី​ដែក និង​ដែល​បាន​ចោល​របស់​រឹង​ទៅលើ​សមត្ថកិច្ច ត្រូវបាន​ចាប់ខ្លួន ប្រគល់ឱ្យ​សមត្ថកិច្ច។ អ្នក​ទាំងពីរ ម្នាក់​មាន​អាយុ​ប្រហែល១៧ឆ្នាំ និង​ម្នាក់ទៀត​ប្រហែល២០ទៅ៣០ឆ្នាំ ត្រូវបាន​បាតុករ​ចោទថា ជា​ជន​ទី​បី។

រហូតមកដល់​ពេលនេះ ទីលាន​ប្រជាធិបតេយ្យ​នៅតែ​ស្ថិតក្រោម​ការកាន់កាប់រ​បស់​កម្លាំង​រដ្ឋាភិបាល ដែល​បាន​ហាម​បាតុករ​មិនឱ្យ​ប្រមូល​ផ្តុំគ្នា​មួយរយៈ រហូត​ទាល់តែ​សភាពការណ៍​មាន​ប្រក្រតីភាព​ឡើងវិញ។ ប៉ុន្តែ មេដឹកនាំ​សហជីព​កម្មករ និង​សមាគម​និយោជិត​ទាំងអស់ សុទ្ធតែ​បានប្រកាស​អំពី​ការធ្វើបាតុកម្ម​បន្តទៀត រហូត​ទាល់តែ​ពួកគេ​ទទួលបាន​ដំណោះ​ស្រាយ​​តាម​ការទាមទារ។ ការទាមទារ​របស់​ពួកគេ​គឺ​ការដោះលែង​មនុស្ស២៣នាក់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ការដំឡើង​ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មក​រ​និយោជិត​​ឱ្យដល់១៦០ដុល្លារ និង​វែកមុខ​អ្នកបញ្ជា និង​ជនដៃដល់ ដែល​បាន​បាញ់​បាតុករ​ឱ្យស្លាប់ និង​របួស​នៅលើ​មហាវិថី​វេ​ង​ស្រេង កាលពី​ដើមខែ។
 
គួរ​បញ្ជាក់ថា នៅ​ព្រឹក​មិញ គេ​ឃើញ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ខ្លះទៀត ដូចជា​ជំទាវ មួរ សុខ​ហួរ និង​លោក ហូរ វ៉ាន់ ជាដើម នៅ​ជាមួយ​លោក ម៉ម សូណង់ដូរ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​សមាគម​អ្នកប្រជាធិបតេយ្យ​ដែរ។ លោក ម៉ម សូណង់ដូរ បានប្រកាស នៅ​ពេល​​បាតុកម្ម​នោះ​ថា ថ្ងៃស្អែក​ជា​វេន​របស់គាត់​ដឹកនាំ​បាតុកម្ម​ដើម្បី​ទាមទារ​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ និង​សុំ​ដំឡើង​ទូរទស្សន៍ វិញម្តង៕


 
Return to top of page Copyright © 2013 | Contact Us |Converted into Blogger Template by HackTutors