តំណាងប្រជាពលរដ្ឋ លោក រ៉ា ខន ឲ្យដឹងថា ព្រះសង្ឃព្រះនាម ធុល ត្រូវបានកម្លាំងប៉េអឹមស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចាប់ខ្លួន បន្ទាប់ពីព្រះអង្គបានដឹកដើមអាកាស្យ៉ា ដែលបិណ្ឌបាតបានពីពលរដ្ឋដើម្បីយកធ្វើអាស្រមសំណាក់ធម៌។ ដើមឈើទាំងនោះ ជាដើមឈើរបស់ក្រុមហ៊ុន ស៊ីធី ម៉ាត ដែលដាំលើដីទំនាស់ជាមួយប្រជាពលរដ្ឋ តាំងពីឆ្នាំ២០០៥ មក។ លោកបន្តថា ពលរដ្ឋមិនសុខចិត្តឡើយចំពោះទង្វើរបស់សមត្ថកិច្ចដែលចាប់ព្រះកាយព្រះសង្ឃតាម បណ្ដឹងរបស់ក្រុមហ៊ុន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអាជ្ញាធរស្រុកថ្ពង និងភាគីក្រុមហ៊ុនដើម្បីសុំការបំភ្លឺពីករណីនេះបានទេ នៅថ្ងៃទី២២ ខែមករា។
ក្រុមប្រជាពលរដ្ឋបានប្រាប់ថា ព្រះសង្ឃដែលត្រូវបានចាប់ព្រះកាយនោះ ព្រះនាម ធុល ជាព្រះសង្ឃគង់នៅវត្តព្រៃបឹង ឃុំក្រាំងចេក ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ហើយព្រះអង្គ រួមនឹងព្រះសង្ឃ ៤អង្គផ្សេងទៀត បានទៅសំណាក់ធម៌ និងកសាងអាស្រមតាមបែបសាសនានៅឃុំយាអង្គ ស្រុកថ្ពងនោះ។ ព្រះអង្គត្រូវបានមន្ត្រីកងរាជអាវុធហត្ថបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយព្រះសង្ឃបួនអង្គផ្សេងទៀតកំពុងស្វែងរកអន្តរាគមន៍ក្នុងបញ្ហានេះ៕
