ធាត់ជ្រុលចុកខ្លាញ់ ទឹកនោមផ្អែម ឡើងឈាម មានជំងឺសរសៃឈាមបេះដូង … ស្ករនាពេលបច្ចុប្បន្ននេះ ត្រូវជាប់ចោទជាដើមហេតុ។ អ្នកប្រយុទ្ធប្រឆាំងគ្រោះថ្នាក់បង្កឡើងដោយស្ករ បានបរិហារជាពិសេស ការបង្កើតវត្តមានស្ករក្នុងចំណីអាហារ តែត្រូវលាក់បាំងមិនអាចមើលឃើញ។ តើស្ករពិតជា
បង្កគ្រោះថា្នក់ដល់សុខភាពមែនឬ ? តើត្រូវបរិភោគក្នុងកំរិតណាទើបល្អ ទើបគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់សរីរាង្គកាយ ? ស្ករស្គមពិតជាមានទំនាក់ទំនងបង្កជំងឺមហារីកមែនឬ ?
បើយោលទៅតាមព័ត៌មាន ភស្តុតាង និងការផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះ ការទទួលទានស្ករ ច្រើនហួសហេតុ ពិតណាស់ ថានឹងបង្កផល់អាក្រក់ដល់សុខភាព។ គ្រោះថ្នាក់ចំពោះសុខភាពនេះ អាចមានទំហំប្រហាក់ប្រហែលនឹងការទទួលទានសុរា សម្រាប់រយៈពេលវែង តែតិចជាងគ្រោះថ្នាក់បង្កឡើងដោយបារី។ យើងមិនស្លាប់ភ្លាមដោយសារការបរិភោគស្ករច្រើនហួសហេតុទេ តែស្ករជាអាវុធធ្វើបាបមនុស្សយ៉ាងសម្ងាត់ ដោយបង្កជាជំងឺរ៉ាំរ៉ៃយ៉ាងច្រើន នៅពេលអនាគត។
ស្ករជាគ្រឿងញៀន ?
ស្ករជាអាហារដែលមានលក្ខណៈញៀន។ លក្ខណៈនេះ ត្រូវបានរកឃើញ និងបកស្រាយបញ្ជាក់ដោយការពិសោធន៍ផ្លូវអារម្មណ៍។ ការពិសោធន៍របស់បារាំង លើសត្វកណ្តុរ បានបង្ហាញថា សត្វកណ្តុរនេះទាក់ទាញដោយស្ករ ខ្លាំងជាងដោយគ្រឿងញៀន កូកាអ៊ីន។ ទាំងមនុស្ស ទាំងសត្វ សុទ្ធទាក់ទាញដោយសារធាតុស្ករ សារធាតុផ្អែម សូម្បីតែខ្លាឃ្មុំក៏ត្រៀមប្រយុទ្ធដើម្បីបានស្ក បានសម្បុកឃ្មុំស៊ីដែរ។ សារធាតុស្ករ ផ្អែមនេះ ត្រូវកំណត់ថាមានលក្ខណៈបន្ថែម ដោយហេតុថា បើបានញ៉ាំហើយ ចង់ញ៉ាំទៀត បើញ៉ាំកាន់តែច្រើន និងចង់បានបន្ថែមនៅពេលក្រោយ។
ស្ករ មានពីរប្រភេទ ស្ករដែលធ្វើសកម្មភាពភ្លាមៗ និងសកម្មភាពយឺតៗ។ តើជាអ្វី?
គេអាចបែងចែកស្ករជាពីរប្រភេទ គឺស្ករដែលមានសកម្មភាពយឺត និងស្ករមានសកម្មភាពលឿន។ ការបែងចែកនេះ ប្រភេទស្ករនេះ ហាក់បូរាណបន្តិចហើយ ប៉ុន្តែពាក្យនេះអាចជួយក្នុងការកំណត់សម្គាល់ សន្ទស្សន៍ជាតិស្ករ glycemie។ ស្ករដែលមានសកម្មភាពលឿន សំដៅយកសារធាតុស្ករដែលងាយជ្រាបក្នុងឈាម ងាយធ្វើជាតិស្ករក្នុងឈាមឡើងលឿន។ ស្ករប្រភេទនេះ ត្រូវបានគេរកឃើញជាទូទៅនៅក្នុង ដុំស្ករសម្រាប់ដាក់ក្នុងកាហ្វេ ភេសជ្ជផ្អែម ស្ករគ្រាប់ ស្ករសូកូឡា ។ល។ និង។ល។ ទទួលទានភ្លាម នឹងស្រូបចូលក្នុងខ្លួន ក្នុងឈាមយ៉ាងឆាប់រហ័ស។ ភាពលឿនរហ័សដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះក្នុងពេលអាំងស៊ូលីនធ្វើការចាត់ចែងកំរិតអត្រាជាតិស្ករ ទៅតាមតម្រូវការរបស់មនុស្ស ជាតិស្ករនោះបានជ្រាបទៅដល់ឈាមទៅជាស្រេច និងមានឱកាសគ្រប់គ្រាន់ទៅបង្កឥទ្ធិពល ឬផលប៉ះពាល់មិនល្អ លើសរីរាង្គកាយ។ កោសិកាមនុស្សយើងពុលខ្លាំងណាស់ជាមួយនឹងស្ករដែលមានជម្រាបលឿនបែបនេះណាស់។
ចំណែកស្ករយឺត Sucre lent ស្ករដែលមានសកម្មភាពយឺត ជាស្ករដែលមាននៅក្នុងអាមីដុង នៅក្នុងអង្ករ ម្សៅ ស្រូវសាលី ឬធញ្ញជាតិ ផ្លែឈើផ្សេងៗទៀត ត្រូវការបំផ្លែង រំលាយខ្លួនសិន ឆ្លងកាត់ពោះវៀនក្រពះ មុននឹងត្រូវស្រូបបញ្ចេញជាតិស្ករតាមក្រោយទៅចិញ្ចឹមរាងកាយ ទៅផ្តល់ដល់ឈាម ដូច្នេះគ្មានផលប៉ះពាល់លើអត្រាជាតិស្ករក្នុងឈាម ផ្តល់គ្រោះថ្នាក់ទាន់ហន់ភ្លាមៗឡើយ។
បច្ចុប្បន្ននេះ យើងបរិភោគស្ករច្រើនជ្រុល ?
មែនហើយ ! ពីព្រោះឧស្សាហកម្មដាក់ស្ករក្នុងចំណីអាហារគ្រប់មុខទាំងអស់។ ជាពិសេសក្នុងភេសជ្ជៈផ្អែម។ ភេសជ្ជៈផ្អែម ទឹកក្រូច កូកា សូដា ហ្វាន់តា ... ក្នុងមួយកំប៉ុងៗមានផ្ទុកជាតិស្ករ ដល់ទៅ ៧ឬ៨ ដុំស្ករ (ដុំស្ករសម្រាប់ដាក់ក្នុងកាហ្វេ) សួរថាក្នុងស្ថានភាពធម្មតា មាននរណាអាចទទួលស្ករក្នុងបរិមាណនេះបានទេ ? គ្មានទេ ប៉ុន្តែបើបរិភោគទឹកភេសជ្ជកំប៉ុង ពីរក៏បាន-បីក៏បាន គឺច្រើនសន្ធឹកសន្ធាប់ខ្លាំងណាស់ តែយើងមិនចាប់អារម្មណ៍នៅពេលទទួលទាន។
បរិមាណស្ករ និងសេចក្តីត្រូវការរបស់សព៌ាង្គកាយ
តើត្រូវបរិភោគស្ករប៉ុណ្ណាទើបសមរម្យ មិនខូចសុខភាព ?
នេះជាសំណួរដែលពិបាកឆ្លើយបំផុត ពីព្រោះតម្រូវការជាតិស្ករខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ មិនអាចប្រៀបប្រដូចគ្នាបានឡើយ ការគិតគូរអំពីតម្រូវការជាតិស្ករនេះ ត្រូវគិតគូរតាំងពីពណ៌សម្បុរ ពីជាតិសាសន៍ ភេទ ការងារ និងពិសេសសកម្មភាពប្រចាំថ្ងៃ។
លោកវេជ្ជបណ្ឌិតទូច ឃុន គ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យព្រះកុសមៈក្រុងភ្នំពេញបានណែនាំឱ្យ លោកអ្នកនាងឱ្យធ្វើការគណនាជាបឋម សេចក្តីត្រូវការផ្នែកថាមពលកាឡូរី សិនទើបអាចស្វែងរកបរិមាណបរិភោគជាតិស្ករ ក្លុយស៊ីតប្រចាំថ្ងៃបាន។
នេះជារូបមន្តដែលមានលក្ខណៈទូទៅបំផុត ដោយយកតាមក្បួនប្រទេសនិយាយភាសាអង់គ្លេស សម្រាប់គណនារកតម្រូវការផ្នែកកាឡូរីរបស់មនុស្សម្នាក់ៗ។
កាឡូរី = ទម្ងន់ X កំរិតសកម្មភាពការងារ (physical activity level)
កំរិតសកម្មភាពការងារ (physical activity level) ៖
- នៅស្ងៀមគ្មានសកម្មភាពរស់ស្រណុកស្រួល X២៥-៣០
- មានសកម្មភាពមធ្យម X ៣០-៣៥
- មានសកម្មភាពធ្វើការខ្លាំង X ៣៥-៤០
យោងតាមការសន្មត់ខាងលើ បើមនុស្សម្នាក់ មានទម្ងន់ ៦០គីឡូក្រាម បញ្ចេញសកម្មភាពការងារ ជាមធ្យម នោះនឹងត្រូវការកាឡូរី ប្រមាណពី ១៨០០ ទៅ២០០០ Kcal។ (ទម្ងន់ ៦០ គីឡូ X ៣០-៣៥ (សកម្មភាពមធ្យម) = ១៨០០-២០០០Kcal)
នៅពេលបានដឹងប្រហាក់ប្រហែលអំពីបរិមាណកាឡូរីប្រចាំថ្ងៃហើយ លោកអ្នកនាងអាចកំណត់បរិមាណចំណីអាហារទៅតាមសមមាត្រខាងក្រោយនេះ ។ ដើម្បីប្រមូលកាឡូរី មកទ្រទ្រង់រាងកាយ គេគិតសំដៅសារធាតុបី គឺក្លុយស៊ីត ៥៥% ប្រូតេអ៊ីន១៥% និងលីពីត៣០%។ ដូច្នេះសម្រាប់អ្នកមានតម្រូវការកាឡូរី ២០០០Kcal ត្រូវបរិភោគសារធាតុក្លុយស៊ីត ៥៥% ឬស្មើនឹង១១០០Kcal ឬ ប្រមាណជិត ៣០០ក្រាម (1ក្រាមក្លុយស៊ីត = ៤Kcal។
តម្រូវការប្រចាំថ្ងៃផ្នែកកាឡូរី ៖
- ក្លុយស៊ីត ៥៥% - ១ក្រាមក្លុយស៊ីត = ៤Kcal
- លីពីត ៣០% - ១ក្រាមលីពីត = ៩Kcal
- ប្រូតេអ៊ីន ១៥% - ១ក្រាមប្រូតេអ៊ីន = ៤Kcal
នៅក្នុងឧស្សាហកម្ម ស្ករដែលគេយកមកប្រើប្រាស់ ជាទូទៅមិនមែនជាស្ករធម្មជាតិ ផលិតចេញពីត្នោត ពីអំពៅ ឬមើមបែតឺរ៉ាវទេ គឺជាស្ករតាមបែបគីមី
- ស្ករដែលឧស្សាហកម្មចំណីអាហារយកមកប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ គឺស៊ីរ៉ូ Glucoseធ្វើពីពោត បំផ្លែងទៅជាFrutose។ ស្ករប្រភេទនេះត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មតាំងពីជាងម្ភៃឆ្នាំមកហើយ បើទោះបីជាគេដឹងថាស្ករនេះអាចផ្តល់ផលអាក្រក់ខ្លាំង មានមេតាបូលីសមិនអនុគ្រោះទាល់សោះ ពីព្រោះFrutose នេះមានសណ្ឋានខុសពី ហ្វ្រុតូសរបស់ផ្លែឈើ ជ្រាបចូលក្នុងថ្លើមយ៉ាងលឿនបំផុត រួចបំផ្លែងខ្លួនជាខ្លាញ់ ហើយបង្កជាថ្លើមខ្លាញ់។ ថ្លើមខ្លាញ់ងាយកើតជំងឺរលាក ជំងឺរលាកថ្លើមងាយបង្កជាជំងឺមហារីក។ ដូច្នេះស្ករប្រភេទនេះមិនអនុគ្រោះសោះសម្រាប់មនុស្ស។
ស្ករសម្រាប់ស្គម Eudulcorant បង្កឱ្យមានជំងឺមហារីក ?
អ្វីដែលច្បាស់ គឺនៅក្នុងការសិក្សា សត្វដែលស៊ីស្ករស្គម សារធាតុឡាស្ពាតាម បង្កជាជំងឺមហារីក។ ការសិក្សាបី ផ្តល់លទ្ធផលដូចគ្នាគឺមានគ្រោះមហារីក ប៉ុន្តែចំពោះមនុស្សគេគ្មានភស្តុតាងនៅឡើយទេ។ ការសិក្សាជាលក្ខណៈតូចតាច មិនអាចយកមកធ្វើជាអំណះអំណាងវេជ្ជសាស្ត្របាន បានបង្ហាញថាអ្នកដែលបានទទួលទានស្ករស្គមជាប់ជាប្រចាំ រយៈពេលយូរ មានគ្រោះកើតជំងឺមហារីកផ្លោកនោម ច្រើនជាងអ្នកមិនទទួលទានសោះ។
ប៉ុន្តែការសិក្សាមួយផ្សេងទៀត ដែលសំខាន់ និងអាចទុកចិត្តបាន បានបង្ហាញថាការបរិភោគស្ករស្គមច្រើនជាប្រចាំ គឺមិនដូចអ្វីដែលគ្រប់គ្នាមានជំនឿឡើយ ស្ករស្គមនេះមិនធ្វើឱ្យចុះគីឡូទេ ការសិក្សាបែរជាបង្ហាញអំពី ចំណងទាក់ទងរវាងការបរិភោគស្ករស្គមច្រើនជាប់ជាប្រចាំទៅនឹងការឡើងទម្ងន់ទៅវិញ រោគសញ្ញាឈានទៅរកជំងឺទឹកនោមផ្អែម និងជំងឺទឹកផ្អែមតែម្តង ចំពោះអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមហ្កាស ដែលដាក់Light។ ខួរក្បាលតែងបញ្ជាប្រាប់សរីរាង្គផ្សេងទៀត នៅពេលបានទទួលជាតិផ្អែម ថាកំពុងទទួលកាឡូរី តែពេលនេះជាមួយនឹងការបរិភោគជាតិស្ករស្គម ខួរក្បាលមិនដឹងជាតិជៅ មិនអាចបញ្ជាអ្វីបានមិនថាគ្រប់គ្រាន់ឬអត់ ឆ្អែតឬមិនឆ្អែត អ៊ីចឹងទៅយើងញ៉ាំលើសពីតម្រូវការ។
ទឹកឃ្មុំនិងស្ករ
- ទឹកឃុំពិតជាល្អជាងស្ករ! ទឹកឃ្មុំជាស្ករ ផ្អែមដូចស្ករ តែខ្សោយជាងបន្តិចព្រោះមានទឹក និងមានសន្ទទស្សន៍ជាតិស្ករទាបមធ្យម មិនដូចស្ករទេ (សន្ទទស្សន៍ស្ករខ្ពស់)។ ទឹកឃ្មុំជារបស់ធម្មជាតិ មិនមែនជារបស់ឧស្សាហកម្ម ដូច្នេះមានផ្ទុកសារធាតុអនុគ្រោះច្រើន ដូចជា អង់ហ្សីន វីតាមីន ទីហ្វេណុល អង់ទីអ៊ុកស៊ីដង់ ដែលអាចបន្សាបឥទ្ធិពលរបស់ស្ករបានខ្លះ។
Labels: សុខភាព